អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អាច​បាត់​តំណែង​ព្រោះ​ទទួល​លុយ​សំណូក៧០០លាន​ដុល្លារ
06, Jul 2015 , 9:42 pm        
រូបភាព
ដោយ:
បញ្ហា​ផ្ទេរប្រាក់​ក្រុមហ៊ុន​១MDB ៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅក្នុង​គណនី​ធនាគារ​របស់ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ដោយ​សម្ងាត់ បាន​ក្លាយជា​ប្រធានបទ​រសើប​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី។ យ៉ាងណាក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ហើយ​លោក​កំពុង​ពិចារណា​លើ​វិធានការ​ផ្លូវច្បាប់​ចំពោះ​សារព័ត៌មាន​មួយចំនួន ដែល​ផ្សព្វផ្សាយ​លើ​រឿង​មិន​ពិត​នេះ។


ក្រោយពី​មានការ​លេចលឺ​រឿងអាស្រូវ​នាយករដ្ឋមន្ត្រី​ទទួល​ប្រាក់ ៧០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រុមហ៊ុន​ឯកជន​ដោយ​សម្ងាត់ លោកនាយក​រដ្ឋ​ម​ន្រី្ត​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់បាន​ប្រតិកម្ម​តប​យ៉ាងខ្លាំង​ហើយ កំពុង​ពិចារណា​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​ការចោទប្រកាន់​ដោយ គ្មាន​មូលដ្ឋាន​នេះ។ ថ្លែងការណ៍​នៅក្នុង​សន្និសីទ​សារព័ត៌មានថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប មិនបាន​បញ្ជាក់ថា លោក​នឹង​ប្តឹង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ឬ​យ៉ាងណាទេ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​លោក​កំពុង​ប្រឹក្សា​ជាមួយនឹង​មេធាវី​របស់លោក និង ពិចារណា​ប្រើ​វិធានការ​ផ្លូវច្បាប់​ក្នុងពេលឆាប់ៗនេះ។

គួរ​រំលឹក​ផងដែរ​ថា កាលពី​ចុង​សបា្តហ៍​មុននេះ សារព័ត៌មាន Wall Street Journal និង Sarawak បាន​ចុះផ្សាយ​របាយការណ៍​មួយ ជុំវិញ​ចរន្ត​នៃ​ការផ្ទេរ​ប្រាក់​ជាសម្ងាត់​ពី​ធនាគារ និង​ក្រុមហ៊ុន​ឯកជន 1MDB ទៅកាន់​គណនី​របស់លោក​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ រហូតដល់ ៧០០លាន​ដុល្លា​សហរដ្ឋអាមេរិក។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា​លោក​ស្អាតស្អំ មិន​បានទទួល​ទឹកប្រាក់​ពី​ក្រុមហ៊ុន​ណាមួយ​នោះទេ ហើយ​លោក​បានចាត់ទុក​ការចោទប្រកាន់​នេះ គឺជា​ចេតនា​ក្នុងការ​បំផ្លាញ​នូវ​កេ​រ្ត៍​ឈ្មោះ​លោក​លើ​ឆាកនយោបាយ​តែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា លោក​នឹង​បញ្ជូន​នូវ​ទិន្នន័យ ស្តីពី​ភាព​ស្អាតស្អំ​របស់លោក នៅ​ថ្ងៃទី០៩ កក្កដា​ខាងមុខនេះ ទៅកាន់​សភា។

ឆ្លៀត​ឳ​កាស​នេះ មេបក្ស​ប្រឆាំង​លោកស្រី Dr Wan Azizah Wan Ismail បាន​កោះប្រជុំ​សភា ជាបន្ទាន់​ដើម្បី​ពិភាក្សា​លើ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​លើ​លោកនាយក​រដ្ឋមន្ត្រី ដោយសារ​ការពាក់​ព​ន្ធ័​នឹង​រឿងអាស្រូវ​នេះ ហើយក៏​នឹងមាន​វត្ត​មាននៃ​ការចូល​ពី​សំណាក់​អង្គការ​មិនមែន​រដ្ឋាភិបាល ផងដែរ។

គួរបញ្ជាក់​ផងដែរ នៅក្នុង​អាណត្តិ​ដឹកនាំ​ប្រទេស​របស់លោក​នាយករដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់ មានរឿង​អាស្រូវ​ជាច្រើន​ចោទប្រកាន់​ពាក់​ព​ន្ធ័​នឹង​ការសម្លាប់​សកម្មជន​សិទ្ធិមនុស្ស ការកាត់ទោស​មេដឹកនាំ​បក្សប្រឆាំង ជាពិសេស​នោះ​ការទទួលប្រាក់​សំណូក​ខុសច្បាប់​ដោយ​សម្ងាត់។ ជុំវិញ បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ធ្លាប់​ត្រូវបាន​អតីត​មេដឹកនាំ​ម៉ាឡេស៊ី លោក Mahathir Mohamad តិះ​តៀន​ឲ្យ​ចុះចេញ​ពីមុខ​តំណែង​មុន​អាណត្តិ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com