កីឡាជាតិ
Universaide៖ ហែម ថុ​ន​ពន្លឺ ជាប់​លេខ២ក្នុង​ក្រុម ប៉ុន្តែ​គ្មាន​ឱកាស​ឈានទៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ
07, Jul 2015 , 11:04 am        
រូបភាព
ដោយ: រួបរួម
កីឡាករ​ហែល​ទឹក ហែម ថុ​ន​ពន្លឺ បានបញ្ចប់​ចំណាត់ថ្នាក់​លេខ២នៅក្នុង Heat 1 នា​ការប្រកួត​វិញ្ញាសា​ហែល​សេរី​ចម្ងាយ១០០ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​សាកល​វិទ្យា​ពិភពលោក​លើក​ទី២៨ (2015 Summer Universaide) នៅ​ទីក្រុង Gwangjuប្រទេស​កូរ៉េខាងត្បូង។



នា​ការប្រកួត​នៅ​អាង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ Nambu University នៅ​ព្រឹក​ថ្ងៃទី៧ ខែកក្កដា ហែម ថុ​ន​ពន្លឺ ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ស្ថិតក្នុង Heat 1 ដែលមាន​កីឡាករ៧នាក់ ខណៈ​កីឡាករ​ទាំងអស់​ដែល​ចូលរួម​ប្រជែង​វិញ្ញាសា​ហែល​សេរី​ចម្ងាយ១០០ម៉ែត្រ​នេះ មាន​រហូតដល់​ទៅ៨១នាក់។

នៅក្នុង Heat 1 កីឡាករ​អូ​ម៉​ង់ Albulushi Mohamed Sameer Juma បាន​ប្រើ​ថិរវេលា ១:០០.៤៥ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ និង​បន្ត​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ហែម ថុ​ន​ពន្លឺ ដែល​ស្ថិតនៅ​ពីក្រោយ២៤វិនាទី ពោលគឺ ១:០០.៦៩ នោះ បាន​ធ្លាក់​ចេញពី​ការប្រកួត។

ទោះបីជា​យ៉ាងណា នេះ​ជា​កំណត់ត្រា​ល្អ​មួយ​សម្រាប់ ហែម ថុ​ន​ពន្លឺ ក្នុង​ព្រឹត្តិការណ៍ 2015 Summer Universaide ដោយ​គេ​ហែល​ចាញ់​តែ​កីឡាករ​អូ​ម៉​ង់​ម្នាក់​ប៉ុណ្ណោះ​នៅក្នុង Heat ហើយ​បាន​យកឈ្នះ​កីឡាករ​មកពី​ប៉ា​គី​ស្ថាន ស្រីលង្កា (២នាក់) ម៉ុង​ហ្គោ​លី និង​អ៊ូ​ហ្គ​ង់​ដា៕





© រក្សាសិទ្ធិដោយ thmeythmey.com