ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គំនូរ​គ្រាប់​អង្ករ​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ
07, Jul 2015 , 12:27 pm        
រូបភាព
សៀមរាប៖ ជា​រឿង​មិនគួរ​ឲ្យ​ជឿ ដែល​ស្ត្រី​ម្នាក់​បាន​ប្រើ​គ្រាប់​អង្ករ​សម្រាប់​ដាំបាយ មក​ផលិត​ជា​ផ្ទាំងគំនូរ​បាន​យ៉ាង​ស្រស់ស្អាត។ បច្ចេកទេស​ថ្មី និង​ប្លែក មិន​ធ្លាប់មាន​ពីមុនមក  បច្ចុប្បន្ន គំនូរ​ដែល​ធ្វើ​ពី​គ្រាប់​អង្ករ​នេះ កំពុង​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ក៏ដូចជា​អន្តរជាតិ។



មាន​សម្បុរ​ស្រអែម តូច​ស្តើង អ្នកស្រី គីម អេង គឺជា​អ្នក​ច្នៃប្រឌិត យក​គ្រាប់​អង្ករ​មក​ធ្វើជា​ផ្ទាំងគំនូរ។ អស់​រយៈពេល​ជាង ៥ឆ្នាំ​មកហើយ ដែល​អ្នកស្រី គីម អេង បាន​ចាយ​ពេល​លើ​របរ​គំនូរ​អង្ករ​នេះ ប៉ុន្តែ​វា​ទើបនឹង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

មាន​ស្រុកកំណើត​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប អ្នកស្រី គីម អេង ដែលមាន​និស្ស័យ​ទៅលើ​គំនូរ​ស្រាប់ បានចាប់ផ្តើម​រៀន​គំនូរ​ធ្វើ​ពី​គ្រាប់​អង្ករ​ពី​ប្តី​របស់​អ្នកស្រី ដែលជា​គ្រូបង្រៀន​លើ​ជំនាញ​នេះ​ស្រាប់។ អ្នកស្រី​រម្លឹកថា៖« គិតថា​យើង​ជា​ស្រី​មិន​ចង់​ធ្វើការ​ខាងក្រៅ ក៏​រៀន​ជំនាញ​នេះ​ពី​ប្តី ព្រោះ​គាត់​ជា​គ្រូបង្រៀន​ស្រាប់។ រៀន​មិនយូរ​ទេ ព្រោះ​ខ្ញុំ​ចូលចិត្ត​គូរ​ស្រាប់ ដូច្នេះ ខ្ញុំ​អាច​ចេះ​បាន​លឿន»។


បច្ចុប្បន្ន​គំនូរ​ធ្វើ​ពី​គ្រាប់​អង្ករ កំពុងមាន​ហាងឆេង​ច្រើន​ពី​សំណាក់​ភ្ញៀវទេសចរ។ ភ្ញៀវទេសចរ បាន​បញ្ជា​ទិញ​នូវ​ប្រភេទ​រូប​ជាច្រើន មាន​រូប​អង្គរវត្ត អប្សរា និង​បាយ័ន​ជាដើម។ ក្រៅពីនោះ រូបភាព​ក្រុមគ្រួសារ និង​ទេសភាព​ស្រុកស្រែ ក៏​លក់ដាច់​មិន​អន់​ដែរ។ ក្នុង​ផ្ទាំងគំនូរមួយៗ លក់​ក្នុងតម្លៃ​ពី ២៥ដុល្លារ រហូតដល់​ជាង ៣០០ដុល្លារ​អាមេរិក​ឯណោះ តាម​ទំហំ និង​រចនាបថ​របស់​វា។

គំនូរ​ពី​គ្រាប់​អង្ករ ខុសពី​គំនូរ​ដទៃទៀត​ត្រង់​ថា វា​ត្រូវ​ប្រើពេល​យូរ ផ្ចិតផ្ចង់ និង​អន់​ធ្មត់​បំផុត។ ក្នុង​គំនូរ​មួយ​ផ្ទាំង អាច​ប្រើពេល​ពី២ ទៅ៣ថ្ងៃ ឫ​អាច​ឡើង​ទៅមួយ​សប្តាហ៍​ផង។ អ្នកស្រី គីម អេង បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការធ្វើ​គំនូរ​ពី​គ្រាប់​អង្ករ​យ៉ាង​ដូច្នេះ​ថា មុនដំបូង​គេ​ត្រូវយក​អង្ករ​ទៅ​លាយ​នឹង​ជាតិ​ថ្នាំ​ម្យ៉ាង មុននឹង​យក​វា​ទៅ​លីង ដើម្បី​បានជា​ពណ៌ ៣៦ពណ៌ និង​ជាពិសេស​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សត្វល្អិត​កាត់ ឫ​ស៊ី។ អ្នកស្រី​បញ្ជាក់ថា៖« ខ្ញុំ​អាច​និយាយបានថា នៅ​សៀមរាប​នេះ​មានតែ​គ្រួសារ​ខ្ញុំ​ទេ ដែល​ចេះ​ធ្វើ​គំនូរ​អង្ករ​នេះ»។

សព្វថ្ងៃ គំនូរ​ពី​គ្រាប់​អង្ករ​របស់​អ្នកស្រី គីម អេង នៅ​ធ្វើ​ត្រឹម​ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ។ នៅពេល​ល្ងាច អ្នកស្រី​និង​បងប្អូន​ស្រី​ឯទៀត ចាប់ផ្តើម​ជញ្ជូន​យក​គំនូរ​ដែល​ធ្វើ​ហើយ​នៅផ្ទះ ទៅ​លក់​នៅ​ផ្សារ​រាត្រី​អង្គរ និង​ផ្សារ​ផលិតផល​នៃ​សណ្ឋាគារ ស៊ិន​តា​ម៉ូ​នី នៅ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​អង្គារ។



តាមពិតទៅ គីម អេង ជា​ឈ្មោះ​នៅពេល​មិនទាន់​ចូល​សាសនា​ឥស្លាម។ សព្វថ្ងៃ អ្នកស្រី​បាន​ដូរ​ឈ្មោះ​ជា​ភាសា​អារ៉ាប់ សា​ស្វា​នី គឺជា​ឈ្មោះ​ថ្មី ដែល​អ្នកស្រី​ប្រើ​នៅពេល​មកកាន់​សាសនា​ឥស្លាម។ អស់​រយៈពេល​ជិត៧ឆ្នាំ​ហើយ ដែល​អ្នកស្រី រួម​និង​បងប្អូន​ស្រី២នាក់​ទៀត បាន​កែប្រែ​ជីវិត​រស់នៅ​មក​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម តាម​ការចង្អុលបង្ហាញ​ពី​មិត្តភក្តិ​អ្នកស្រី ដែលជា​សាសនិក​ឥស្លាម​ស្រាប់។

ទន្ទឹមនឹង​អាជីវកម្ម​នៅ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ អ្នកស្រី សា​ស្វា​នី មានបំណង​ចង់​បើកហាង​គំនូរ​គ្រាប់​អង្ករ​មួយ​ទៅ​ថ្ងៃ​អនាគត។ អ្នកស្រី​ថា នឹង​ចែករំលែក​ចំណេះដឹង​របស់​អ្នកស្រី ទៅ​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ចេះ​ចង់ដឹង​លើ​ជំនាញ​នេះ។ អ្នកស្រី ក៏បាន​ស្នើ​ទៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​សិល្បៈ​គំនូរ​គ្រាប់​អង្ករ​នេះ ឲ្យ​បាន​ទូលំទូលាយ​ផងដែរ ដើម្បី​លើក​តម្លៃ​ស្នាដៃ​សិល្បៈ​កូន​ខ្មែរ៕












© រក្សាសិទ្ធិដោយ thmeythmey.com