អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​ទារ​ឲ្យ​មហាអំណាច​ដក​បម្រាម​នាំចូល​អាវុធ​និង​កាំជ្រួច​មី​ស៊ី​ល
07, Jul 2015 , 3:40 pm        
រូបភាព

ក្នុង​កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ភាគី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ទារ​ឲ្យ​មានការ​បញ្ចូល​ចំណុច​ពាក់ព័ន្ធ​ការដក​បម្រាម​នាំចូល​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​កាំជ្រួច​មី​ស៊ី​ល​ផង​ក្នុង​កិច្ចព្រមព្រៀង។ ក្រុម​មហាអំណាច​លោកខាងលិច​បាន​ជំទាស់​ការទាមទារ​រប​ស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ដាច់ខាត ដែល​នេះ​បានធ្វើ​ឲ្យ​កិច្ចចរចា​កាន់តែ​ស្មុគស្មាញ​ឡើយ។ គេ​បារម្ភ​ថា​ភាគី​មិនអាច​ត្រូវរ៉ូវ​គ្នា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ ឲ្យ​បាន​មុន​ថ្ងៃ​កំណត់។

 
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​កំពុង​បន្ត​យ៉ាង​សស្រាក់សស្រាំ​នៅក្នុង​ទីក្រុង​វ្យ៉ែ​ន​ប្រទេស​អូទ្រីស ស្រប​ពេលដែល​កាលកំណត់​ចុងក្រោយ​កាន់តែ​ជិត​ដល់​មែនទែន​ហើយ។ ភាគី​ចរចា​មហាអំណាច៦ និង​អ៊ីរ៉ង់​នៅតែ​បន្ត​ខ្វែងគំនិត​គ្នា​ខ្លាំង​ផងដែរ​ចំពោះ​ចំណុច​ស្នូល​ដែល​ត្រូវ​ចែង​ក្នុង​កិច្ចព្រមព្រៀង។ ម្សិលមិញ បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​ភាគី​ចរចា​គ្នា​មិនត្រូវ​គ្នា​សោះ​នោះ​គឺ ការដក​ទណ្ឌកម្ម​និង​ការហាមឃាត់​ការនាំ​ចូល​អាវុធ។ តំណាង​រដ្ឋាភិបាល​អ៊ីរ៉ង់ ទារ​ឲ្យ​មហាអំណាច​បញ្ចូល​ចំណុច​ទាក់ទង​ការដក​ការហាមឃាត់​ការនាំ​ចូល​អាវុធ និង​កាំជ្រួច​មី​ស៊ី​ល​នៅក្នុង​កិច្ចព្រមព្រៀង​នេះ។ 

យោងតាម​សម្តី​ប្រតិភូ​ដែល​ចូលរួម​ចរចា​របស់​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​ចង់​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​មហាអំណាច​ដែល​បានដាក់​ហាម​ការ​នាំចូល​អាវុធ​ទៅ​អ៊ីរ៉ង់​នោះ ឲ្យ​ដក​ការហាមឃាត់​របស់ខ្លួន​វិញ។  អ៊ីរ៉ង់​ចង់​ឲ្យ​មាន​ការដក​ការហាមឃាត់​ការនាំ​អាវុធ​នេះ ស្របពេល​ជាមួយ​ការដក​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ក្រោយពេល​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​និង​មហាអំណាច៦ចេញ​រូបរាង​ជា​ផ្លូវការ។ អ៊ីរ៉ង់​ចាត់ទុកថា ខ្លួន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​នាំចូល អាវុធ​យុទ្ធ​ភ័​ណ្ឌ ជាពិសេស​ប្រព័ន្ធ​មី​ស៊ី​ល​ជាដើម ព្រោះ​វា​គ្មាន​ប៉ះពាល់ និង​មិនមាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​ឡើយ។

យ៉ាងណា​ក៏ដោយចុះ មហាអំណាច​លោកខាងលិច​ដែល​អង្គុយ​ក្នុង​តុ​ចរចា​ដែល​នោះ បាន​ជំទាស់​ការទាមទារ​រប​ស់​អ៊ីរ៉ង់​ដាច់ខាត។
មន្ត្រី​លោកខាងលិច​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​សង្កត់ធ្ងន់ថា ការទាមទារ​ទាំង​អម្បាលម៉ាន​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​ជា​រឿង​មិនអាច​ទទួល​យ​បាន​នោះឡើយ ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ។ លោកខាងលិច​បារម្ភ​ថា កាលណា​បើ​ដក​ការ​រឹតត្បិត​សិទ្ធិ​អ៊ីរ៉ង់​ក្នុងការ​នាំចូល​អាវុធ និង​ប្រើ​ប្រព័ន្ធ​មី​ស៊ី​ល វា​នឹងធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​ទាំងមូល។

កាលកំណត់​នៃ​ការចរចារ​គឺ​យូរ​បំផុត​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ។ បើសិនជា​ក្រុម​ប្រទេស​មហាអំណាច​ទាំង៦ និង​អ៊ីរ៉ង់​នៅតែ​មិនអាច​រក​ចំណុចរួម​គ្នា​ឃើញ​ដើម្បី​ត្រួស​ស​ត្រាយផ្លូវ​ទៅ​បង្កើត​កិច្ចព្រមព្រៀង​ទេនោះ សហរដ្ឋអាមេរិក​អាច​នឹង​ដើរចេញ​ពី​តុ​ចរចា​លែង​ត្រលប់​វិញ​ផង​ក៏​មិនដឹង។

តាមពិតទៅ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​សកម្ម​ក្នុង​ការចរចា​ជាមួយ​អ៊ីរ៉ង់​ដែល​នោះ បារម្ភ​ជាងគេ​ជុំវិញ​ការទាមទារ​ដក​ការហាមឃាត់​ការ​នាំចូល​សព្វាវុធ​រប​ស់​អ៊ីរ៉ង់។ អាមេរិក​ភ័យ​ថា កាលណា​អ៊ីរ៉ង់​មា​នស​ពា្វ​វុ​ធ​ទំនើប សម្ព័ន្ធមិត្ត​ខ្លួន​អ៊ីស្រាអែល​ច្បាស់​ស្ថិតក្រោម​ការគំរាមកំហែង​ជាក់​ជាមិនខាន។ ចង់​មិន​ចង់ អាមេរិក​មិនអាច​បណ្តោយ​ឲ្យ​អ៊ីរ៉ង់​មាន​សិទ្ធិ​នាំចូល​សព្វាវុធ ជាពិសេស​កាំជ្រួច​មី​ស៊ី​ល​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន​បាន​រហ័ស​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com