កីឡាជាតិ
ជាតិ
U-15 ជួប​មេដឹកនាំ​ខ្លួន​នៅ​ជប៉ុន ហើយ​សម្រាប់​ក្រុម​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ឧបត្ថម្ភ១៦០០០ដុល្លារ
07, Jul 2015 , 4:52 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើស​អាយុ​ក្រោម១៥ឆ្នាំ​របស់​កម្ពុជា ជប៉ុន ថៃ មី​យ៉ាន់​ម៉ារ ឡាវ និង​វៀតណាម មានឱកាស​ចូលជួប​មេដឹកនាំ​របស់ខ្លួន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បន្ទាប់ពី​ពួកគេ​បញ្ចប់​ការប្រកួត​កម្មវិធី Japan-Mekong Football Exchange ពីថ្ងៃ​ទី១ ដល់​ថ្ងៃទី៣ ខែកក្កដា និង​ស្រប​ពេលដែល​មេដឹកនាំ​មេគង្គ-ជប៉ុន កំពុង​ស្ថិតក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៧ ។



យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នា​ជំនួប​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ទឹកប្រាក់​សរុប១៦០០០ដុល្លារ​អាមេរិក​ដល់​ក្រុម U-15 កម្ពុជា​ដើម្បី​លើកទឹកចិត្ត សមាជិក​ក្រុម សម្រាប់ បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ឆ្ពោះ​ទៅយក​លទ្ធផល​ដ៏​ល្អ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា មុនពេល ពួកគេ ចេញដំណើរ​ទៅ​បន្ត​ការហ្វឹកហាត់​នៅ ទីក្រុង Sendai ប្រទេស​ជប៉ុន។

ការហ្វឹកហាត់​នេះ គឺជា​ការត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជើងឯក​យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ ២០១៥ របស់ សហព័ន្ធ កីឡាបាល់ទាត់ អាស៊ាន​ដែល​កម្ពុជា​នឹង ធ្វើជា​ម្ចាស់ផ្ទះ ពី ថ្ងៃ ២៧ ខែកក្កដា ដល់ ថ្ងៃ ០៩ ខែសីហា ឆ្នាំ ២០១៥ ។

នៅ​កម្មវិធី Japan-Mekong Football Exchange ក្រុម U-15 ជប៉ុន បាន​លេខ​មួយ ក្រុម Sanfrecce Hiroshima បាន​លេខ២ ក្រុម​វៀតណាម បាន​លេខ៣ ក្រុម​ឡាវ បាន​លេខ៤ ក្រុម Vissel Kobe បាន​លេខ៥ ក្រុម​មី​យ៉ាន់​ម៉ារ បាន​លេខ៦ ក្រុម​ថៃ បាន​លេខ៧ និង​ក្រុម​កម្ពុជា បាន​លេខ៨ ៕


© រក្សាសិទ្ធិដោយ thmeythmey.com