ជាតិ
នយោបាយជាតិ
បើទទួលបានផែនទីពីUN រដ្ឋាភិបាលបើកចំហឲ្យCNRP និងNGO ចូលរួមផ្ទៀងផ្ទាត់
× អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលនឹងបើកចំហឲ្យគណបក្សនយោបាយ សង្គមស៊ីវិល និងអ្នកជំនាញ ចូលរួមត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីជាមួយគ្នា នៅពេលដែលអង្គការសហប្រជាជាតិ ប្រគល់ផែនទីតាមសំណើខ្ចីរបស់រដ្ឋាភិបាល ។ លោកថា ការស្នើខ្ចីផែនទីនេះ គឺរដ្ឋាភិបាលចង់បញ្ចប់ការរិះគន់ប្រើប្រាស់ផែនទីក្លែងក្លាយ និងជាតិនិយមជ្រុល តែមិនមែនចង់យកឈ្នះគណបក្សប្រឆាំងឡើយ។
បើទោះជាផែនទីកម្ពុជា ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិមិនទាន់មកដៃរដ្ឋាភិបាលក៏ដោយ តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលនឹងបើកចំហទូលាយសម្រាប់គ្រប់ភាគីមកពីគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីពីអង្គការសហប្រជាជាតិ និងផែនទីរដ្ឋាភិបាលប្រើប្រាស់បច្ចុប្បន្ននេះ ដើម្បីបញ្ឈប់ការរិះគន់រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ លោកបន្ថែមថា រដ្ឋាភិបាលក៏មិនចាប់កំហុសឆ្គងរបស់គណបក្សប្រឆាំងដែរ បើសិនជាត្រួតពិនិត្យឃើញថា ផែនទីពីអង្គការសហប្រជាជាតិនោះ ដូចនឹងផែនទីរបស់រដ្ឋាភិបាលដែលប្រើប្រាស់បច្ចុប្បន្ន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃអង្គារនេះ អ្នកពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«តាមការយល់របស់ខ្ញុំរដ្ឋាភិបាលលោកនឹងបើកចំហឲ្យគណបក្សប្រឆាំង សង្គមស៊ីវិលជាដើម ចូលរួមត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីទាំងអស់គ្នា ព្រោះសម្ដេច ហ៊ុន សែន ស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិនេះ មិនមានគោលបំណងយកចាញ់យកឈ្នះខ្មែណានោះទេ។ លោកគ្រាន់តែស្នើសុំខ្ចីមកបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាល និងបញ្ចប់អ្នកតាំងខ្លួនស្រលាញ់ជាតិ ជាតិនិយមជ្រុល ព្រោះឲ្យតែនិយាយរឿងព្រំដែនខ្មែរយើងឈ្លោះគ្នា ដូច្នេះសម្ដេចលោកចង់ឲ្យខ្មែរធ្វើការជុំគ្នា កុំឲ្យយល់យលច្រឡំគ្នា»។
តំណាងគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលតែងតែចោទរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ប្រាប់សារព័ត៌មានថ្មីៗកាលពីម្សិលមិញថា សំណើខ្ចីផែនទីពីអង្គការសហប្រជាជាតិរបស់រដ្ឋាភិបាលពេលនេះ គឺជាសកម្មភាពបង្ហាញថា ខ្មែរចេះរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាជាមួយវៀតណាម។ លោកអះអាងថា សកម្មភាពរបស់គណបក្សលោកកន្លងមក គឺជាការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលជាបញ្ហាធំរបស់ជាតិ មិនមែនជាការរិះគន់ និងចោទប្រកាន់ដើម្បីទាញយកប្រជាប្រិយភាពនោះទេ។
ដោយឡែកអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ យល់ថា សំណើរបស់លោក ហ៊ុន សែន សុំផែនទីពីអង្គការសហប្រជាជាតិជារឿងល្អមួយ ដែលជាស្ពានសម្រាប់លាតត្រដាងពីផែនទីរបស់រដ្ឋាភិបាល ពិត ឬមិនពិត។ លោកអត្ថាធិប្បាយថា សកម្មភាពរបស់លោក ហ៊ុន សែន ពេលនេះ ក៏អាចជាការបំបាក់មុខគណបក្សប្រឆាំងដែរ ប្រសិនបើការផ្ទៀតផ្ទាត់ផែនទីនោះរកឃើញថា ផែនទីរដ្ឋាភិបាលជា ផែនទី ពិតប្រាកដនោះ ខណៈដែលខ្លួនតែងតែរិះគន់រដ្ឋាភិបាលថា ប្រើផែនទីក្លែងក្លាយ។ « ខ្ញុំថា បក្សប្រឆាំងអស់ក្រឡាលោតហើយ។ គណបក្សនេះ នឹងបាត់បង់ប្រជាប្រិយភាពច្រើន ខ្មាសគេ បាក់មុខ ពីព្រោះតែការចោទប្រកាន់បែបនយោបាយប្រជាភិថុតរបស់ខ្លួនកន្លងមក។ យើងនៅរង់ចាំមើលដំណើរការវិវត្តនៃករណីនេះទាំងអស់គ្នា»។ នេះជាការវិភាគរបស់លោក អ៊ូ វីរៈ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំខ្ចីផែនទីពីលោកអគ្គលេខាធិការអង្គការសហប្រជាតិ កាលពីថ្ងៃទី០៦កក្កដា ក្នុងគោលបំណងបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួន សម្រាប់បោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ដើម្បីបញ្ចៀសនិងបញ្ចប់នូវការញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល។ ជាពិសេសការកេងចំណេញខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលអាចបង្កើតជាគ្រោះមហន្តរាយដ៏ធំធេងដល់ជាតិកម្ពុជាទាំងមូល ៕
© រក្សាសិទ្ធិដោយ thmeythmey.com