អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ត្រៀម​បញ្ជូន​នាវាមុជទឹក​គ្រោះថ្នាក់​បំផុត​ទៅ​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​អាមេរិក
07, Jul 2015 , 5:19 pm        
រូបភាព

ទំនាក់ទំនង​ការទូត​រវាង​អាមេរិក​និង​រុស្ស៊ី​នៅតែ​មិនទាន់​ល្អប្រសើរ​ឡើងវិញ​ឡើយ ព្រោះតែ​ជម្លោះ​ប្រដាប់អាវុធ​អ៊ុយ​មិនអាច​រក​ផ្លូវ​ចប់​ឃើញ។ ទោះជា​មើលមុខ​គ្នា​មិន​ចំ​ក៏ដោយ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន សុខចិត្ត​ផ្ញើរ​សារ​ជូនពរ​ប្រជាជន​អាមេរិក​ទៅកាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​អាមេរិក​កន្លងមក។  សកម្មភាព​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​អាច​នឹង​ជួយ​ឲ្យ​កម្តៅ និង​ការប្រឈមមុខគ្នា​ផ្នែក​ការទូត​ថយចុះ​ខ្លះ ប៉ុន្តែ​គេ​មិនដឹង​ទេ​ថា ភាគី​ត្រៀមខ្លួន​កម្រិតណា​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយគ្នា​ឡើយ។ ម្យ៉ាង​ស្រាប់តែ​លេចលឺ​ព័ត៌មាន​មួយ​ដែល អះអាងថា រុស្ស៊ី​គ្រោង​ពង្រាយ​នាវាមុជទឹក​ស៊េរី​ចុងក្រោយ​ទៅ​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​របស់​អាមេរិក ហើយ​លោក ពូ​ទីន ក៏​កំណត់​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សម្រាប់​កម្ទេច​នាវា​ពិឃាត​និង​នាវា​ដឹក​យន្តហោះ​របស់​ក្រុង​វ៉ាស៊ីនតោន​ជាច្រើន​គ្រឿង​ផង។ នាវាមុជទឹក​ដ៏​គ្រោះថ្នាក់​នេះ​នឹង​ចូល​បម្រើ​វិស័យ​ការពារជាតិ​ត្រឹម ឆ្នាំ ២០២០។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ក្នុង​ថ្ងៃ ៤កក្កដា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច ផ្ញើ​សំបុត្រ​ផ្ទាល់​ទៅកាន់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដើម្បី​សាទរ​ប្រជាជន​អាមេរិក​ថ្ងៃបុណ្យ​ឯករាជ្យ ។ រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នេះ ធ្វើ​ឲ្យ​គ្រប់គ្នា​សង្ឃឹមថា​ការប្រឈមមុខគ្នា​ផ្នែក​ការទូត​អាច​នឹង​ថមថយ​វិញ ព្រោះ​ភាគី​ទាំងពីរ​អាច​ស្វែងរក​ផ្លូវ​ផ្សះផ្សា​ចំណង​ការទូត​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​នេះ។  ភាគី​រុស្ស៊ី​ដូចជា​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ស្តារ​ទំនាក់ទំនង ជាពិសេស​ចង់​បង្កើន​ការសហការ​គ្នា​ប្រឆាំង​ភេរវកម្ម​និង​ដោះស្រាយ​វិបត្តិ​សាកល​ផ្សេងទៀត។
 ទោះជា​យ៉ាងណាក៏ដោយ មិនទាន់មាន​ស​ញ្ញ​ណាមួយ​បញ្ជាក់ថា មហាអំណាច​ទាំងពីរ​នេះ​ព្រមព្រៀងគ្នា​ស្តារ​ចំណង​ការទូត​ឡើងវិញ​ឡើយ ត្បិត​អាមេរិក​នៅ​បន្ត​សាង​កម្លាំង​ទ័ព​ឥត​ឈប់​នៅ​បាល់​ទិ​ក​និង​អឺរ៉ុប​ខាងកើត ហើយ​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោះស្រាយ​មិន​ចេញ។ ថ្មីៗនេះ​ទៀតសោត  រុស្ស៊ី​ក៏​បន្ត​បង្កើន​ថវិកា​ការពារជាតិ ត្រៀម​ទំនើបកម្ម​យោធា និង​សាងសង់​អាវុធទំនើបៗជំនាន់​ថ្មី​យ៉ាងច្រើន ដូចជា​ត្រៀម​ធ្វើសង្គ្រាម​ដូច្នេះ​ដែរ។

១. រុស្ស៊ី​ពង្រាយ​នាវាមុជទឹក​សាហាវ​បំផុត​ទៅ​កៀក រដ្ឋ​អាមេរិក «អា​ឡា​ស្កា»
ទោះជា​លោក ពូ​ទីន ត្រៀមខ្លួន​ស្តារ​ចំំ​ណង​មិត្តភាព​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក៏ពិតមែន មេដឹកនាំ​រុស្ស៊ី​ម្នាក់នេះ​មិន​ភ្លេច​ត្រៀមខ្លួន​ទប់ទល់​ការគំរាមកំហែង​របស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ។ ដូច​រៀបរាប់​ខាងលើ រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដំឡើង​លុយ​សម្រាប់​វិស័យ​យោធា​ជាពិសេស​ទ័ពជើងទឹក ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ភ្ងា​ក់​ផ្អើល​នៅ​គឺ រុស្ស៊ី​គ្រោង​ពង្រាយ​នាវាមុជទឹក​ទំនើប​ចុងក្រោយ​និង​សាហាវ​បំផុត​របស់ខ្លួន​ទៅជិត​អតីត​ទឹកដី​ខ្លួន និង​បច្ចុប្បន្ន​ជា​រដ្ឋ​ទី៤៩ របស់​អាមេរិក​គឺ​អា​ឡា​ស្កា។
បើ​យោងតាម​ក្រសួង​ការពា​ជាតិ​រុស្ស៊ី នាវាមុជទឹក​ដ៏​គ្រោះថ្នាក់​ជំនាន់៤(Borei-class)ដែល​ទើប​ចូល​បម្រើ​វិស័យ​ការពារជាតិ​រុស្ស៊ី​ឆ្នាំ ២០១៣នឹងត្រូវ​ចូលទៅ​សំចត​នៅក្បែរ​រដ្ឋ​អា​ឡា​ស្កា កាលណា​មូលដ្ឋាន​នាវា​ជើង​ទឹក​នៅ​តំបន់​Kamchatkaត្រូវ​សាងសង់​ចប់​ជា​ស្ថាពរ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។ គេ​រំពឹងថា កំពង់ផែ​នាវាមុជទឹក​រុស្ស៊ី​នឹងត្រូវ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ខែតុលា​ការ​ខាងមុខនេះ​តែម្តង។ កំពង់ផែ​ថ្មី​នេះ​នឹង​ក្លាយជា​ផ្ទះ​សម្រាប់​នាវាមុជទឹក​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី​ជំនា​ន់ទី៤ និង​ជាទី​តាំង​តំឡើង​កាំជ្រួច​មី​ស៊ី​ល​សម្រាប់​នាវាមុជទឹក​ផងដែរ។ បើតាម​ក្រសួងការពារជាតិ​រុស្ស៊ី មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​បំពាក់​កាំជ្រួច​បាលី​ស្ទិ​ក៥គ្រឿង នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​បំពាក់​មី​ស៊ី​ល ៥គ្រឿង នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​សម្រាប់​វាយប្រហារ ៥គ្រឿង និង​នាវាមុជទឹក​ធម្មតា ៨គ្រឿង​ផ្សេង​ទៀតផង។ វត្តមាន​នាវា​មុ​ទឹក​ស៊េរី​ក្រោយ នៅក្បែរ​អាមេរិក​នេះ បង្ហាញ​ច្បាស់​ថា រុស្ស៊ី​កំពុង​រៀប​យុទ្ធសាស្ត្រ​ជើង​ទឹក​ដើម្បី​ប្រឆាំង​ក្រុង​វ៉ាស៊ីនតោន ករណី​ដែលមាន​ការប៉ះទង្គិច​គ្នា​កើតឡើង។

២. រុស្ស៊ី​ផលិត​នាវាមុជទឹក​ដែល​អាច​កម្ទេច​នាវា​ដឹក​យន្តហោះ​អាមេរិក
រឿង​មួយទៀត គឺ​ផែនការ​របស់​ក្រុង​ម៉ូស្គូ ដែល​ចង់​សង់​នាវាមុជទឹក​ជំនា​ន់ទី៥ ដែល​សាហាវ​និង​ទំនើប​បំផុត​ក្នុងចំណោម​នាវាមុជទឹក​ជំនាន់​ផ្សេងទៀត​លើ​ពិភពលោក។ អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង នាវាមុជទឹក​របស់​រុស្ស៊ី​ថ្មី​នឹងមាន​សមត្ថភាព​ពិសេស​ដោយ​បង្កើតឡើង​ដើម្បី​កម្ទេច​នាវា​ពិឃាតធំៗ ជាពិសេស​នាវា​ដែល​ប្រើប្រាស់​សម្រាប់​ដឹក​យន្តហោះ​តែម្តង។ ហើយ​គោលដៅ​ចម្បង​នៃ​នាវាមុជទឹក​ថ្មី​នេះ គឺ​នាវា​ដឹក​យន្តហោះ​របស់​ក្រុង​វ៉ាស៊ីនតោន​តែម្តង ។ បើតាម​សារព័ត៌មាន​រុស្ស៊ី The Moscow Times គម្រោង​សង់​នាវាមុជទឹក​ជំនាន់​ថ្មី​បំផុត​ពីរ​គ្រឿង​ស្ថិតក្នុង​ដំណើរការ​ហើយ ហើយ​វា​ផ្នែក​មួយ​នៃ​ផែន​ទំនើបកម្ម​យោធា​របស់លោក ពូ​ទីន​ផង។ បើតាម​ឧ​ត្ត​មនា​វី​ឯក Viktor Chirkovគម្រោង​សាងសង់​នាវាមុជទឹក​របស់​រុស្ស៊ី​ចាប់ផ្តើម​ដំណើរការ​ពិតមែន ហើយ​គោលដៅ​នៃ​ការផលិត​នាវា​ជំនាន់ ៥មាន​បីយ៉ាងធំ។ ទីមួយ នាវាមុជទឹក​ដ៏​ទំនើប​នេះ​នឹងមាន​ភារកិច្ច​ការពារ​ក្រុម​នាវាមុជទឹក​ដែល​បំពាក់​កាំជ្រួច​បាលី​ស្ទិ​កមី​ស៊ី​ល​ក្នុងពេល​ប្រយុទ្ធ ។ ទី​ពី​នាវា​នេះ​នឹងមាន​សមត្ថភាព​វាយប្រហារ​នាវាមុជទឹក​សត្រូវ​ក្នុងពេល​ប្រយុទ្ធ។ ចំណុច​ចុងក្រោយ នាវាមុជទឹក​ជំនា​ន់ទី​ប្រាំ​នឹងត្រូវ​បំពាក់​ដោយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ជំនាញ​ពិសេស​ឲ្យ​វា​វាយប្រហារ​កម្ទេច​នាវា​ពិឃាត​របស់​សត្រូវ និង​នាវា​ដឹក​យន្តហោះ​តែម្តង។ គេ​រំពឹងថា អាវុធទំនើបៗបែបនេះ នឹងត្រូវ​ចូល​បម្រើ​ក្នុង​វិស័យ​ការពារជាតិ​រុស្ស៊ីឆាប់ៗខាងមុខនេះ ហើយ​វា​ពិតជា​សញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​ទ័ពជើងទឹក​អាមេរិក​ដែល​ពឹង​ផ្អែកលើ​នាវា​ដឹក​យន្តហោះ​សម្រាប់​ចល័ត​ទ័ព និង​យន្តហោះ​ប្រដេញ​ក្នុង​សមរភូមិ​ជាច្រើន​កន្លងមក៕


© រក្សាសិទ្ធិដោយ thmeythmey.com