តំណាងរាស្ត្រ​មាន​និន្នាការ​ផ្ទុយគ្នា ប៉ុន្តែ​ថ្កោលទោស​ទង្វើ​លោក សុខ ប៊ុន លើ សា​សា ដូចគ្នា
10, Jul 2015 , 4:32 pm        
រូបភាព
ដោយ: រួបរួម
មិនមាន​សេចក្តីថ្លែងការណ៍​ផ្លូវការ​ឡើយ ប៉ុន្តែ​បើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកស្រី មូរ សុខ​ហួ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​បាន​ថ្កោលទោស​នូវ​ទង្វើ​របស់​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន TEHO Development  និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា ជាមួយនឹង​អង្គរក្ស​ដែល​បាន​វាយតប់​ទៅលើ​អតីត​ពិ​ធិ​ការិនី​ទូរ​ស្សន៍​ឈ្មោះ សា​សា នៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កោះ​ពេជ្រ។



លោកស្រី មូរ សុខ​ហួ បានសរសេរថា៖ «បើ​តុលាការ​គិតថា កម្ពុជា ជា​នីតិរដ្ឋ​មែន នោះ គួរតែ​ចាត់វិធានការ​ពេញលេញ ដើម្បី ផ្តន្ទាទោស ឧកញ៉ា សុខ ប៊ុន ដាក់​ក្នុង​ពន្ធនាគារ អោយខាងតែបាន។ ដូច​យើងទាំងអស់គ្នា​បានដឹងហើយថា នេះ​ជា​បទឧក្រិដ្ឋ​ប៉ុនប៉ង​មនុស្សឃាត​មក លើ​ស្ត្រីភេទ​ទន់ខ្សោយ​ម្នាក់ ដែល​ឧ​ក្រិដ​ជន​រូបនេះ​ដឹង​ហើយ​ថា នាង​មិនអាច​តដៃ​បាន។ ក្នុងនាម​ខ្ញុំ​ជា​នារី​ខ្មែរ​ម្នាក់ សូម​ចូលរួម​សោកស្តាយ​ផង»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​លើកឡើង​ផងដែរ​ថា ការប្រើ​អំពើ​ហឹ​ង្សា​ប្រឆាំង​ស្ត្រី គឺ​មិនអាច​ទទួលយក​បានជា​ដាច់ខាត ហើយ​ត្រូវតែ​ដោះស្រាយ​តាមច្បាប់ ។ មិនគួរ​អនុញ្ញាត​គ្រាន់តែ​ទទួល​សំណង ហើយ​អនុញ្ញាតអោយ​អ្នកប្រព្រឹត្តិ​បទឧក្រិដ្ឋ​មាន​សេរីភាព​ឡើយ។អំពើ​ហឹ​ង្សា​ទៅលើ​ស្ត្រី ជា​បទ​ឧ​ក្តិ​ដ្ឋ​ប្រឆាំង​សិទ្ធិមនុស្ស​របស់​ស្ត្រី។ យើង​ត្រូវតែ​រួមគ្នា​បញ្ឈប់​អំពើ​ហឹ​ង្សា​មកលើ​ស្ត្រី។

ជាមួយគ្នានេះ​ផងដែរ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កត់សម្គាល់ថា៖ «ទោះបី​ជាមាន​បញ្ហា​អ្វី​ក៏ដោយ រាល់​ការប្រើប្រាស់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​ជា​ដំណោះស្រាយ គឺជា​អ្វីដែល​សង្គម​មិនអាច​ទទួលយកបាន និង​ជា​ទង្វើ​ដែល​ត្រូវ​ថ្កោលទោស»។

យោងតាម​ឃ្លី​ប​វីដេអូ​ដែល​ថត​ដោយ​កា​ម៉េ​រ៉ា​សុវត្ថិភាព គេ​សង្កេតឃើញ​សកម្មភាព​វាយដំ​យ៉ាងធ្ងន់ធ្ងរ​ពី​បុរស​ម្នាក់​ដែល​គេ​អះអាងថា ជា​លោក សុខ ប៊ុន និង​អង្គរក្ស ទៅលើ​នាង សា​សា អតីត​ពិធី​ការិនី​ទូរទស្សន៍​នៅក្នុង​ហាង​ស្ថិតក្នុង​បរិវេណ​កោះ​ពេ​ជ្យ កាលពី​យប់​ថ្ងៃទី២ ខែកក្កដា។ តាម​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ CNC  កញ្ញា សា​សា បាន​អះអាងថា នាង និង សុខ ប៊ុន មិនដែល​ស្គាល់គ្នា​នោះឡើយ។ នាង​បាន​បញ្ជាក់ថា ទំនាស់​កើតឡើង​បន្ទាប់ពី​នាង​ព្យាយាម​រារាំង លោក សុខ ប៊ុន និង​ក្រុម​អង្គរក្ស មិន​ឲ្យ​នាំ​ម្ចាស់​ហាង​ជនជាតិ​ជប៉ុន​ដែលជា​មិត្តភក្តិ​របស់​នាង​ចេញទៅ​ក្រៅ ខណៈដែល​មិត្តភក្តិ​នោះ​កំពុង​ស្រវឹង​ជោគជាំ។ នាង​បាន​ទទួលរង​ការជេរប្រមាថ​ពី​សំណាក់​អង្គរក្ស និង​រង​ការវាយដំ​ផ្ទាល់​ពី​សំណាក់​លោក សុខ ប៊ុន។

ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ មេធាវី​លោក សុខ ប៊ុន ដែល​មិនបាន​បញ្ចេញ​ឈ្មោះ បាន​និយាយប្រាប់​គេហទំព័រ Fresh News ថា មាន​ភ្លើង​ទើប​មាន​ផ្សែង ហើយ​កំហឹង​របស់លោក សុខ ប៊ុន បាន​កើតឡើង​បន្ទាប់ពី សា​សា បាន​ជេ​ប្រមាថ និង​គប់​ទូរ​សព្ទ​ទៅលើ​លោក។

គួរ​បញ្ជាក់ថា បន្ទាប់ពី​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ លោក​ព្រះរាជ​អ​ជ្ញា​រង ហ៊ឹង ប៊ុនថន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ លោក សុខ ប៊ុន ឲ្យ​ចូលខ្លួន​បំភ្លឺ​កាលពី​ថ្ងៃទី៨ ខែកក្កដា តែ​រហូតមក​ដល់ពេលនេះ​បុរស​ជា​ឧកញ៉ា​រូបនេះ មិនទាន់​បង្ហាញខ្លួន​នៅឡើយ​ទេ។

សា​សា ដែលមាន​ឈ្មោះ​ដើម​ថា ឯក សុជាតា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ «គ្រួសារ​ខ្ញុំ​មិនដែល​និយាយ​រឿង​លុយ រឺ​សំណង​អ្វី​នៅឡើយ​ទេ ទោះជា​ប៉ុន្មាន​លាន​ក៏ដោយ សូមអោយ​ចេញមុខ​ដោះស្រាយ​ចំពោះមុខ​ច្បាប់ !»៕


© រក្សាសិទ្ធិដោយ thmeythmey.com