ជាតិ
លោក សុខ ប៊ុន លាងារ​ឧកញ៉ា និង​តួនាទី​ទាំងអស់ ហើយ​សុំទោស សា​សា ជា​សាធារណៈ
14, Jul 2015 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
ងារ​ជា​ឧកញ៉ា និង​តួនាទី​ជា​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ និង​នាយក​ក្រុមហ៊ុន TEHO-SBG Development Co.,Ltd លែង​សំខាន់​ទៀតហើយ​សម្រាប់​លោក សុខ ប៊ុន បន្ទាប់ពី​សកម្មភាព​វាយតប់​របស់លោក​ទៅលើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ឈ្មោះ សា​សា ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម និង​សារព័ត៌មាន​នានា។



តាមរយៈ​សេចក្តីបំភ្លឺ​ជូន​សាធារណៈជន​ពី​សំណាក់​លោក សុខ ប៊ុន ផ្ទាល់ ដោយមាន​ការបោះ​ត្រា​រប​ស់លោក យិន សុ​ភី ដែលជា​មេធាវី នា​ថ្ងៃទី១៤ ខែកក្កដា នេះ លោក សុខ ប៊ុន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី២ ខែកក្កដា។ លោក​បាន​អះអាងថា វា​ជា​ជម្លោះ​ដែល​មិនអាច​គ្រប់គ្រង​បាន​ទាំងសងខាង ហើយ​បានធ្វើ​ឲ្យ​មាន​របួសស្នាម និង​ប៉ះពាល់​កិត្តិយស​ទាំងសងខាង​ផងដែរ។

ជាមួយនឹង​ការសុំ​ទោស​កញ្ញា សា​សា ឈ្មោះ​ដើម ឯក សុជាតា ជា​សាធារណៈ លោក សុខ ប៊ុន បាន​សន្យាថា​នឹងមិន​ឲ្យ​មាន​រឿងនេះ​កើតឡើង​ក្នុង​ជីវិត​ទៀតឡើយ។ ដើម្បី​ជាការ​លុបលាង​ទោសកំហុស និង​បង្ហាញ​ការគោរព​ចំពោះ​ក្រុមគ្រួសារ លោក​បានប្រកាស​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ ពី​នាយក​ក្រុមហ៊ុន TEHO-SBG Development Co.,Ltd និង​លាឈប់​មុខងារ​ជា​ឧកញ៉ា ហើយ​សន្យា​កសាង​សមិទ្ធិផលថ្មីៗទៀត​នៅពេល​អនាគត។

ជាមួយគ្នានេះ​ផងដែរ លោក សុខ ប៊ុន បានប្រកាស​ចូលរួម​វិភាគទាន១០ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការព្យាបាល និង​ការដោះស្រាយ​ជីវភាព​របស់​កញ្ញា សា​សា ព្រមទាំង​សុំ​ការយោគយល់ ការឈប់​ប្រកាន់ និង​ការមិន​សងសឹក​ពី​កញ្ញា សា​សា និង​ក្រុមគ្រួសារ។ លោក​ក៏បាន​សុំទោស ឪពុក និង​ភរិយា​របស់ខ្លួន​ផងដែរ ហើយ​សន្យា​កសាង​គ្រួសារ​ឲ្យ​មាន​សុភមង្គល។

លោក សុខ ប៊ុន បាន​អំពាវ​ផងដែរ​ចំពោះ​សាធារណៈជន និង​សមត្ថកិច្ច ឲ្យ​ពិនិត្យ​ករណី​ជម្លោះ​នេះ​ដោយ​ប្រុងប្រយ័ត្ន និង​ផ្សះផ្សារ​ដោយស្មោះ​ត្រង់។ បន្ថែម​ពីលើ​នេះ លោក​បាន​សុំ​អនុញ្ញាត និង​ការយោគយល់​ពី​ស្ថាប័ន​តុលាការ​ដើម្បី​ព្យាបាល​ជំងឺស្ត្រេស​ដ៏​ធ្ងន់ធ្ងរ​របស់ខ្លួន និង​ប្រគល់​ការងារ​ដល់​មេធាវី​សម្រាប់​ការងារ​ក្នុង​នីតិវិធី​ច្បាប់។

ចំណុច​ចុងក្រោយ​ក្នុង​លិខិត​របស់ខ្លួន លោក សុខ ប៊ុន បាន​សុំ​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដើម្បី​ឲ្យ​ខ្លួន​អាច​រួមរស់​ជាមួយ​ប្តី​ប្រពន្ធ​កូន​ឡើងវិញ​ក្នុង​សេរីភាព និង​បំពេញ​កាតា​ព្វ​កិច្ច​សម្រាប់​គ្រួសារ​ដែល​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​អំពើ​មិន​គប្បី​របស់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com