ជាតិ
លោក ស ខេង ព្រមានមន្ត្រីដែលចាំជួយ​លោក សុខ ប៊ុន ឲ្យដកខ្លួនបន្ទាន់
14, Jul 2015 , 1:04 pm        
រូបភាព
ដោយ: ថ្មីៗ
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាលជាតិ​តាម​ចាប់ខ្លួន​លោក សុខ ប៊ុន ដែល​គេ​សង្ស័យថា​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​សិង្ហ​បុរី។ បញ្ជា​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវបាន​ធ្វើឡើង ខណៈ​លោក សុខ ប៊ុន បានប្រកាស​លាលែង​ពី​តួនាទី​ជា​ឧកញ៉ា និង​សុំទោស​កញ្ញា​សា​សា​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី១៤កក្កដា​នេះ។



មិន​ត្រឹមតែ​បញ្ជា​ឲ្យ​តាម​ចាប់​លោក សុខ ប៊ុន ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រើ​ហិង្សា​លើ​កញ្ញា​សា​សា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ដែល​ចង់​រត់ការ​ក្នុង​សំណុំរឿង​ប្តឹងផ្តល់​លោក សុខ ប៊ុន ឲ្យ​ដកខ្លួន​ជាបន្ទាន់​ផងដែរ។

«ខ្ញុំ​ក៏​ដឹង​ដែរ​ថា មន្ត្រីនគរបាល​មួយចំនួន​កំពុង​ព្យាយាម​រារាំង​ករណីនេះ។ បើ​ដឹងខ្លួន សូម​ដកខ្លួន​ចេញ​ឲ្យ​ហើយ ចៀសវាង​មាន​បញ្ហា​ដល់​ខ្លួន»។ លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​យ៉ាងនេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី​បញ្ហា​បច្ចុប្បន្នភាព​កិច្ចការ​ព្រំដែន​នៅ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​មិញ​នេះ។


© រក្សាសិទ្ធិដោយ thmeythmey.com