សង្គមអន្តរជាតិ​
អន្តរជាតិ
រយៈពេល១ឆ្នាំ UNSC នៅ​មិនមាន​សមត្ថភាព​វែកមុខ​អ្នកបាញ់​យន្តហោះ​ម៉ាឡេស៊ី MH17
14, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
សល់​រយៈពេល​ត្រឹមតែ៣ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ខួប​មួយឆ្នាំ នៃ​ការបាញ់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី MH១៧ នៅក្បែរ​ព្រំប្រទល់​រុស្ស៊ី​និង អ៊ុយ​ក្រែ​ន​នឹង​ឈានដល់។ មិនទាន់មាន​ប្រទេស​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​ធ្លាក់​នេះ​នៅឡើយ​នោះទេ។ អវត្តមាន នៃ​ការដោះស្រាយ​នេះ បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ប្រាំ រួមមាន​ម៉ាឡេស៊ី អូស្ត្រាលី ហូ​ឡង់ អ៊ុយ​ក្រែ​ន និង ប៊ែ​ល​ហ្ស៊ិ​ក ស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​បង្កើត​តុលាការ​វែកមុខ និង​កាត់ទោស​អ្នកទទួលខុសត្រូវ។



ម្សិលមិញ​នេះ រដ្ឋាភិបាល​ប្រាំ​បាន​ទទូច​សុំ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ឲ្យ​ចេញ​សេចក្តីសម្រេច​ដើម្បី​បង្កើត​សវន​ការ​មួយ ស្វែងរក​អ្នកទទួលខុសត្រូវ​លើ​ករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ម៉ាឡេស៊ី MH17 កាលពី​ឆ្នាំ២០១៤ កន្លងទៅនេះ។ ការទទូច សុំ​នេះ ត្រូវបានធ្វើ​ឡើងជា​បន្ត​ន្ទា​ប់ ព្រោះ​សហគមន៍​អន្តរជាតិ​ហាក់ដូចជា​ស្ងប់ស្ងាត់ និង​មិន​អើពើ​ក្នុង​ការចេញមុខ​ចាត់វិធានការ​ឡើយ។

បើ​យោង​សេចក្តីថ្លែងការណ៍រ​បស់​ក្រសួងការបរទេស​ប៊ែ​ល​ហ្សិ​ក រដ្ឋាភិបាល៥រួមមាន ម៉ាឡេស៊ី អូស្ត្រាលី ហូ​ឡង់ អ៊ុយ​ក្រែ​ន និង ប៊ែ​ល​ហ្ស៊ិ​ក បាន​ព្រមព្រៀងគ្នា​ស្នើ​ក្រុមប្រឹក្សា​ទៅកាន់​អង្គការសហប្រជាជាតិ  ដើម្បី​អនុម័ត​សេចក្តីសម្រេច​មួយ។ នោះ​គឺ​ដើម្បី​បើក​សវន​ការ វែក​រកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការបាញ់​យន្តហោះ​នោះ។

សេចក្តីសម្រេច​នោះ នឹងត្រូវ​ស្ថិតក្រោម​ដែន​កំណត់​ជំពូក៧ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ។ ក្នុងនេះ មានន័យថា​ប្រសិនបើ​រកឃើញថា រដ្ឋ ឬ​ក្រុម​ណាមួយ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការបាញ់​នេះ រដ្ឋ​ឬ​ក្រុម​នោះ​នឹងត្រូវ​ទទួលរង​ការដាក់ទណ្ឌកម្ម ដែល​កំណត់ដោយ​ក្រុមប្រឹក្សាសន្តិសុខ។

សូម​រំលឹក ផងដែរ​ថា ក្រោយពី​ការធ្លាក់​យន្តហោះ​នេះ មាន​បញ្ហា​ចម្រូងចម្រាស់​ជាច្រើន ជុំវិញ​ការស្វែងរក​អ្នកទទួលខុសត្រូវ។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង បណ្តា​លោកខាងលិច បាន​ចោទប្រកាន់​រុស្ស៊ី ថា​ជា​អ្នកបាញ់​យន្តហោះ​នោះ។  ស្របពេល​ជាមួយគ្នា​មានមតិ​ផ្សេងទៀត ទម្លាក់​ការទទួលខុសត្រូវ​លើ​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត។ យ៉ាងណាក៏ដោយ នោះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។ ជុំវិញ​ការស្នើ​ឲ្យ​មានការ​បង្កើត​សវន​ការស្វែងរក​ការទទួលខុសត្រូវ​នេះ រដ្ឋាភិបាល​រុស្ស៊ី ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ មិនបាន​ជំទាស់​សំណើរ​របស់ ម៉ាឡេស៊ី​នោះទេ តែ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យ​ចប់សព្វគ្រប់​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com