ជាតិ
ហេង ស្រីខួច ទុកស្នេហាទៅម្ខាង ព្រោះរវល់អាជីពសិល្បៈ
× ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី កំពុងស្រវ៉ាបានតំណែងជាតួអង្គស្រីស្នេហ៍គេ កញ្ញា ហេង ស្រីខួច បានទម្លាយឲ្យដឹងថា មានបុរសៗរូបសង្ហាជាច្រើន បានតាមប្រម៉ាញ់ស្នេហ៍ពីនាងមិនឈប់មិនឈរនោះទេ តែនាងហាក់មិនអើពើ ព្រោះតែពេលនេះ កំពុងជាប់រវល់ជាមួយការងារសិល្បៈ រហូតលែងចង់គិតខ្វល់ពីរឿងស្នេហា។
ស្រីស្អាតសិចស៊ី សម្រស់ឆើតឆាយ កញ្ញា ហេង ស្រីខួច បានបង្ហើបប្រាប់ឲ្យដឹងកាលពីពេលកន្លងទៅថ្មីៗនេះថា ដោយសារតែបច្ចុប្បន្ន អាជីពសិល្បៈរបស់នាងកំពុងតែចាប់ផ្តើមងើបឡើង សម្បូរការងារច្រើនគួរសម ហេតុដូច្នេះហើយទើបធ្វើឲ្យនាងមិនសូវមានពេលទំនេរ គិតរឿងផ្សេង (សេ្នហា) ។
តារាស្រីសាច់សរម៉ដ្ឋរលោងរូបនេះ បានអួតប្រាប់ថា " ខ្ញុំទទួលស្គាល់ថា កន្លងមកធ្លាប់មានអ្នកតាមស្រលាញ់ច្រើនគួរសមដែរ ភាគច្រើនជាអ្នករកស៊ី ប៉ុន្តែដោយសារតែខ្ញុំមិនមានពេលទំនេរ ទើបខ្ញុំមិនចង់និយាយពីរឿងនេះដោយចំហរ ខ្លាចគេយល់ច្រឡំ។ សម្រាប់ខ្ញុំពេលនេះ គឺចង់ទុកពេលសម្រាប់ការងារ ឲ្យបានច្រើនសិន ពេលមានឈ្មោះល្បី ទើបគិតពីរឿងនេះ" ។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកសិល្បៈភាគច្រើន បានលើកឡើង ពេលដែលពួកគេបានបោះជំហានចូលប្រឡូកសិល្បៈ ហើយតែងតែប្រកាសក្តែងៗថា ខ្លួនមិនមានម្ចាស់ចិត្ត ឬក៏សង្សារអ្វីឡើយ។ ប៉ុន្តែនៅទីបំផុត រងើកភ្លើងស្នេហ៍មួយបានឆាបឆេះឡើង ធ្វើឲ្យមហាជនដឹងជាសាធារណៈ។ ដោយឡែក កញ្ញា ស្រីខួច បែរជានិយាយថា " រឿងស្នេហាពេលនេះ ខ្ញុំមិនទាន់អាចនិយាយបានទេ ពេលណាពេលហ្នឹងចុះ..! ប្រសិនបើខ្ញុំនិយាយទៅ ទស្សនិកជនខ្លះក៏មិនជឿ ដូច្នេះមានតែឲ្យពេលវេលាជាអ្នកបង្ហាញឲ្យមហាជនដឹង..!" ៕
© រក្សាសិទ្ធិដោយ thmeythmey.com