សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ៖ ទារក​ទើប​ចាប់កំណើត​ម្នាក់​នៅមាន​ជីវិត​រស់ បន្ទាប់ពី​ឪពុកម្តាយ​កប់​ក្នុង​ដី​អស់ ៨ ថ្ងៃ
15, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
ទារក​ជនជាតិ​ចិន​ម្នាក់​ដែល​ទើបនឹង​ចាប់កំណើត​បាន​ពីរ​ថ្ងៃ ត្រូវ​ឪពុកម្តាយ​បោះបង់ចោល ដោយ​ដាក់​ក្នុង​ប្រអប់​ក្រដាស រួច​កប់​ក្នុង​ដី​ទាំង​រស់។ ៨ ថ្ងៃ​ក្រោយមក ទារក​នេះ​នៅ​រស់រានមានជីវិត និង​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កសិករ​ម្នាក់។



ទារក​ដ៏​កំសត់​នេះ​បានចាប់កំណើត​នៅ​ទីជនបទ​ក្នុង​តំបន់ Guangxi ។ ក្រោយពី​ចាប់កំណើត​បាន​ពីរ​ថ្ងៃ ដោយសារ​កើតមក​មាន​មាត់​ឆែប ឪពុកម្តាយ​បានសម្រេច​ចិត្ត​យក​ទារក​នេះ​ទៅ​កប់​ក្នុង​ដី​ទាំង​រស់ ដោយ​ដាក់​ក្នុង​ប្រអប់​ស្បែកជើង។ ៨ ថ្ងៃ​ក្រោយមក កសិករ​ម្នាក់​បានឮ​សម្រែក​ទារក​យំ នៅពេលដែល​គាត់​កំពុងតែ​បេះ​បន្លែ។ ទីបំផុត គាត់​ក៏​រក​ប្រទះឃើញ​ទារក។ ទារក​នេះ​អាចមាន​ជីវិត ដោយសារ​ខ្យល់ និង​ទឹក​ដែល​ជ្រៀត​ចូលក្នុង​ប្រអប់​ក្រដាស។

បើតាម​ទូរទស្សន៍​រដ្ឋ CCTV មនុស្ស​ប្រាំ​នាក់​ក្នុងនោះ បីនាក់​ជា​សមាជិកគ្រួសារ​ទារក ត្រូវបាន​ឃុំខ្លួន ពីបទ​ជាប់​សង្ស័យ​អំពើ​ទារក​ឃាត។

នៅ​ប្រទេស​ចិន ករណី​បោះបង់ចោល​កូន​តែងតែ​កើតមាន​ជា​ញឹកញាប់ ហើយ​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ផ្សេងទៀត​គឺពាក់ព័ន្ធ​នឹង​នយោបាយ​កូន​តែមួយ។ ទន្ទឹមនឹងនោះ ពិការភាព​ក៏​រួមចំណែក​ពាក់ព័ន្ធ​ផងដែរ។ គ្រួសារ​ក្រីក្រ​មិនមាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ទេ បើសិនជា​កូន​កើតមក​ជួប​នូវ​ពិការភាព​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com