ជាតិ
លោក ព្រាប សុវត្ថិ អន់ចិត្ត​គណៈកម្មការ៣នាក់​ទៀត​ដែល​មិន​ផ្តល់ឱកាស​ដល់​បេ​ក្ខ​នារី​ឈ្មោះ ស្រីរ័ត្ន
20, Jul 2015 , 3:21 pm        
រូបភាព
ដោយ: រួបរួម
សំឡេង​ផ្អែម​ដ៏​មាន​ទឹកដម​របស់ ឈួ​រ ស្រីរ័ត្ន ត្រូវបាន​កាត់ផ្តាច់​ដោយ​សារ​ការ​ឈ្លក់​ទឹកមាត់ ខណៈ​បេ​ក្ខ​នារី​វ័យ២២ឆ្នាំ​រូបនេះ បកស្រាយ​បទ​ចម្រៀង «អស់​ស្នេហ៍​តែ​មិន​ចង់​បាត់បង» នៅ​វគ្គ Judge Audition នៃ​កម្មវិធី Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស។ កំហុស​អ​ចេតនា​នេះ បានធ្វើ​ឲ្យ​បេ​ក្ខ​នារី​មកពី​ខេត្ត​ព្រះសីហនុ និង​មានកំណើត​នៅ​ខេត្តកណ្តាល អស់​ឱកាស​ឈានទៅ​វគ្គ​បន្ត។



លោក ព្រាប សុវត្ថិ គឺជា​សមាជិក​គណៈកម្មកា​រ​តែ​ម្នាក់​គត់​ដែល​បាន​បើកភ្លើង​ខៀវ​ដល់ ឈួ​រ ស្រីរ័ត្ន តាមរយៈ​ការឆ្លើយ «Yes» ប៉ុន្តែ​លោក ណុប បា​យ៉ា​រិ​ទ្ធ លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​លើកឡើងថា ការ​ភ្លាត់ស្នៀត​មិនគួរ​លើកលែង​នោះឡើយ​សម្រាប់​ការប្រកួតប្រជែង​ដ៏​សំខាន់។

«Yes» តែមួយ និង «No» រហូតដល់​ទៅ​បី បាន​បង្អាក់ដំណើរ​រប​ស់ ឈួ​រ ស្រីរ័ត្ន ក្នុង​ការឈាន​ទៅកាន់​វ​គ្គប​ន្ត។ ក្រោយ​ការសម្រេច​រួចរាល់ លោក ព្រាប សុវត្ថិ បាន​សម្តែង​ប្រតិកម្ម​អាក់អន់ចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រ៣រូប​ផ្សេងទៀត។ លោក​បាន​លើកឡើងថា មិនគួរ​ឆ្លើយថា «No» រហូតដល់​ទៅ៣នោះឡើយ យ៉ាងហោចណាស់ «Yes» ២ និង «No» ២ ដើម្បី​ជាការ​លើកទឹកចិត្ត។

លោក ព្រាប សុវត្ថិ បាន​និយាយ​សម្តៅទៅ​សមាជិក​គណៈកម្មការ៣រូប​ទៀតថា៖ «នេះ​ជាការ​គិត​របស់​ប្អូន​ទាំងបី […] ប៉ុន្តែ​សម្រាប់​បង ស្រីរ័ត្ន​មាន​សំឡេង​ល្អ​អាច​ទៅមុខ​បាន... យើង​ដឹងថា​សំឡេង​កម្រិតណា​ហើយ​ដែល​អាច​ទៅមុខ​បាន តែ​ការ​ភ្លាត់​នោះ​ជា​រឿង​មួយ​ដែល​វា​ចៃដន្យ បង​គិតថា បើ​គាត់​មក​ប្រឡង​ទៀត អត់​មានការ​ភ្លាត់​ទៀត​នោះទេ»។

សម្រាប់​លោក ព្រាប សុវត្ថិ ការ​ភ្លាត់ស្នៀត​ឈ្លក់ទឹក​មាត់​គឺជា​រឿង​តិចតួច​បំផុត ហើយ​រូបលោក​ផ្ទាល់ និង​គណៈកម្មការ​ដែល​ជា​អ្នកចម្រៀង​ទាំងអស់​ក៏​ធ្លាប់​ជួប​បញ្ហា​នេះ​ផងដែរ។

កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ការពារ​ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ថា ការមិន​ចេះ​បន់​បែន​ស្ថានការណ៍​នៅពេល​ភ្លាត់ស្នៀត គឺជា​ប្រការ​ដែល​មិនអាច​លើកលែង​បាន បើទោះបីជា​ខ្លួន​ពេញចិត្ត​សំឡេង​របស់ បេ​ក្ខ​នារី រូបនេះ​យ៉ាងណាក៏ដោយ។

លោក ណុប បា​យ៉ា​រិ​ទ្ធ បានបញ្ជាក់​ផងដែរ​ថា កំហុស​ដែល​កើតឡើង​នៅពេល​ប្រឡង គឺជា​ការទទួលខុសត្រូវ​របស់​បេក្ខជន ពីព្រោះថា ទស្សនិកជន​ពិតជា​ពិបាក​ទទួលយក​នៅពេល​ឃើញ​កំហុស​របស់​បេក្ខជន។ ដោយឡែក លោក ឆន សុ​វណ្ណា​រាជ បាន​បន្ថែមថា ឈួ​រ ស្រីរ័ត្ន មាន​បញ្ហា​ចំ​ពេលដែល​គណៈកម្មការ​ចង់ដឹង​ពី​សមត្ថភាព​នៃ​ការស្រែក ជាពិសេស​នៅ​វគ្គ​បន្ទរ។

លោក ព្រាប សុវត្ថិ បានត្រឹមតែ​អន់ចិត្ត​ប៉ុណ្ណោះ ពីព្រោះ​លោក​មិនអាច​ជួយ​ឲ្យ​បេ​ក្ខ​នារី ឈួ​រ ស្រីរ័ត្ន ឈានទៅ​កាន់​វគ្គ​បន្ត​នោះឡើយ។ ស្រីរ័ត្ន ក៏​ប្រកាស​ទទួលស្គាល់​នូវ​អ្វីដែល​ខ្លួន​ធ្វើ​ខុស​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com