ជាតិ
បទវិភាគ
លោក សុខ ប៊ុន និង ឈូក បណ្ឌិត រឿង​ស្រដៀង​គ្នា តែ​ចំណាត់ការ​ខុសគ្នា, ហេតុអ្វី​ស្តង់ដា​ពីរ​ផ្សេងគ្នា?
20, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តុលាការ​កម្ពុជា​ត្រូវបាន​រង​ការចោទប្រកាន់​ពីស​ហគ​ន៍​ជាតិ​និង​អន្តរជាតិ​ថា មិន​ឯករាជ្យ ខ្វះ​តម្លាភាព និង​មិន​ប្រកាន់​យុត្តិធម៌​ជា​គោល ពី​ព្រោះតែ​ការកាត់ក្ដី​លម្អៀង​ទៅរក អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច។ ដោយសារ​ភាពលម្អៀង​នេះហើយ ទើប​មានការ​វាយតម្លៃថា តុលាការ​កម្ពុជា មាន​ស្ដង់ដា​ពីរ​សម្រាប់​កាត់សេចក្ដី​នៅក្នុង​យុត្តាធិការ​របស់ខ្លួន។ ពោលគឺ ចំពោះ​អ្នកក្រ អ្នកតូច និង​សមាជិក​បក្សនយោបាយ​ដទៃ ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ តុលា​ការប្រើ​ស្ដង់ដា​មួយ ចំណែកឯ អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ តុលា​ការប្រើ​ស្ដង់ដា​ផ្សេង​មួយទៀត។ ការប្រើប្រាស់​ស្ដង់ដា​ពីរ​ខុសគ្នា នេះ​បានធ្វើ​ឱ្យមាន​ភាពអយុត្តិធម៌​ក្នុងការ​កាត់សេចក្ដី មាន​ការមិនសប្បាយចិត្ត​ពី​ភាគី​ចាញ់ក្ដី ហើយ​តុលាការ​ខ្លួនឯង​ក៏បាន​បាត់បង់​ការគោរព ការជឿទុកចិត្ត និង​ការឱ្យ​តម្លៃ​ពី​មហាជន ដែល​ទីបំផុត ប្រជាពលរដ្ឋ អាច​បះបោរ​លែង​គោរព​អំណាចតុលាការ និង​អាច​ឈានទៅ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​ច្បាប់។



យោងតាម​ការសង្កេត​លើ​ចំណាត់ការ​របស់​តុលាការ​នាពេល​កន្លងមក យើង​បានដឹងថា ករណី​ជាច្រើន​ក្នុង​វិវាទ​នយោបាយ, ដីធ្លី, ទំនាស់​ផលប្រយោជន៍ និង​ទំនាស់ផ្សេងៗទៀត យើង​កម្រ​បានឃើញ​កូនក្ដី​ដែលជា​អ្នកក្រ អ្នកតូច និង​សមាជិក​បក្សនយោបាយ​ដទៃ បានឈ្នះ​ក្ដី​ភាគី​ដែលជា​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច ណាស់។ ឧទាហរណ៍ ករណី​វិវាទ​រវាង​សហគមន៍​បុរី​កីឡា​និង​លោកស្រី ស៊ូ សុផាន, វិវាទ​រវាង​សហគមន៍​បឹងកក់​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​នេះ, វិវាទ​រវាង​សហគមន៍​ដីក្រហម​និង​ក្រុមហ៊ុន​សេ​វិ​ន អិន​ជី និង វិវាទ​រវាង​ក្រុមកម្មករ​តវ៉ា​សុំ​តម្លើង​ប្រាក់ខែ និង កងកម្លាំង​របស់​រដ្ឋា​ភិ​បាល​ដែល​បាន​បង្ក្រាប​ដោយ​អាវុធ​ទៅលើ​កម្មករ​ដែល​តវ៉ា នៅ​ផ្លូវ​វ៉េងស្រេង ជាដើម។ ក្រៅពីនេះ ចំពោះ​ករណី​វិវាទ​ដីធ្លីផ្សេងៗទៀត​រវាង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​និង​អ្នកធំ ឬ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅតាម​បណ្ដា​ខេត្ត​នានា ក៏មាន​លក្ខណៈ​ដូចគ្នា​ដែរ។

ស្ដង់ដា​ពីរ​ក្នុង​តុលាការ​កម្ពុជា​នេះ គេ​អាច​ប្រដូច​ទៅនឹង​វ៉ែនតា​ពីរ ដែ​មាន​ពណ៌ និង​កម្រិត​នៃ​ការពង្រីក​ខុសគ្នា។ ហេតុនេះ នៅពេលដែល​គេ​មើល​វត្ថុ​ណាមួយ​ដោយ​ប្រើ​វ៉ែនតា​ទាំងពីរ​ប្រភេទ​នេះ គេ​នឹង​ឃើញតែ​វត្ថុ​មួយ​នោះ មាន​ពណ៌​ខុសគ្នា​និង​ទំហំ​ក៏​ខុសគ្នា​ដែរ។  ដូចគ្នា​ដែរ ក្នុង​ប្រភេទ​បទល្មើស​ដូចគ្នា ប្រសិនបើ​តុលាការ​ប្រើ​ស្ដង់ដា​ពីរ តុលា​ករ​នោះ​នឹង​រកឃើញ​ប្រភេទ​បទល្មើស​និង​កម្រិត​ទោស​ក៏​ខុសគ្នា​ដែរ។

ហេតុនេះហើយ បានជា អ្នកក្រ អ្នកតូច និង​សមាជិក​បក្សនយោបាយ​ដទៃ​ប្រព្រឹត្ត​ខុស មានទោស ឯ​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច ប្រ​ព្រឹ​ត្យ​ខុស គ្មាន​ទោស ឬ​មានទោស​តិចតួច។ ពលរដ្ឋ​ប្រើ​អំពើហិង្សា មានទោស ឯ​មន្ត្រី​មាន​សមត្ថកិច្ច​ប្រើ​ហិង្សា គ្មាន​ទោស។ អ្នកក្រ អ្នកតូច រំលោភ​ដីធ្លី​រដ្ឋ មានទោស ឯ​អ្នកមាន​ទ្រព្យ  អ្នកធំ រំលោភ​ដីធ្លី​រដ្ឋ គ្មាន​ទោស។ល។           

ដៅ​យ​ឡែក​ចំពោះ​រឿងក្ដី​ទាំងឡាយណា ដែល​មើលទៅ​ទំនងជា​ភាគី​ដែលជា​អ្នកក្រ អ្នកតូច និង​សមាជិក​បក្សនយោបាយ​ដទៃ អាចមាន​ប្រៀប ករណី​ទាំងនោះ​ត្រូវបាន​គេ​ទុកចោល​មិន​សើ​ប​អង្កេត និង​មិន​ចាត់ការ ដោយបាន​ត្រឹម​បង្កើត​គណៈកម្មការ​ហើយ​ទុកចោល​តែរ​ប៉ុណ្ណោះ ដូចជា ករណី​ឃាតកម្ម​និង​ការបាញ់បោះ​លើ​តារាភាពយន្ត​និង​សិល្បករ​មួយចំនួន, ឃាតកម្ម​លើ​ប្រធាន​សហជីព លោក ជា វិជ្ជា និង​សកម្មជន​សហជីព​មួយចំនួនទៀត ជាដើម។ មិនតែប៉ុណ្ណោះ បើទោះបីជា​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច ដែល​បាន​ប្រព្រឹត្តល្មើស​នោះ​ត្រូវបាន​គេ​កាត់ទោស​ហើយក៏​ដោយ ក៏​ជន​នោះ​មិន​ត្រូវបាន​គេ​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​ដែរ ដូចជា ករណី ទណ្ឌិត ឈូក បណ្ឌិត អតីត អភិបាលក្រុង​បា​វ៉ិ​ត ជាដើម។

ផ្ទុយ​ទោ​វិញ ករណី​ថ្មី​បំផុត​របស់ ឧកញ៉ា សុខ ប៊ុន ដែល​ប្រើប្រាស់​អំពើហិង្សា​លើ កញ្ញា សា​សា យើង​បានឃើញ​មានប្រតិកម្ម​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង ប្រតិកម្ម​ពី លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​ផងដែរ។ បើ​ប្រៀបធៀប ករណី​ទណ្ឌិត ឈូក បណ្ឌិត និង ជនសង្ស័យ ឧកញ៉ា សុខ ប៊ុន យើង​អាច​និយាយបានថា ស្ដង់ដារ​ពីរ​ក្នុង​តុលាការ​កម្ពុជា​នេះ មិន​ត្រឹមតែ​ត្រូវបាន​គេ​ប្រើ​រវាង​អ្នកក្រ អ្នកតូច និង​សមាជិក​បក្សនយោបាយ​ដទៃ និង​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ វា​ក៏​ត្រូវគេ​ប្រើ​រវាង​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច​ក្នុង​បរិបទ​ចាស់ និង​អ្នកមាន​ទ្រព្យ  អ្នកធំ និង សមាជិក​នៃ​បក្ស​កាន់អំណាច​ក្នុង​បរិបថ​ថ្មី​ផងដែរ។

ក្នុងនាម​អ្នកវិភាគ យើង​យល់ថា បរិបទ​ចាស់ គឺជា​បរិបទ​នយោបាយ​មួយ​ស្ថិតក្នុង​សម័យកាល​មួយ​មុន​ឆ្នាំ២០១៣ ដែល​បក្ស​កាន់អំណាច​នៅមាន​សម្លេងគាំទ្រ​ច្រើន​នៅឡើយ។ បរិបទ​ថ្មី គឺជា​បរិបទ​នយោបាយ​មួយ​ដែល​គិត​ចាប់ពី​ក្រោយ​ឆ្នាំ២០១៣ នៅពេលដែល​បក្ស​កាន់អំណាច​បាន​បាត់បង់​សម្លេងគាំទ្រ​គួរឱ្យ​ភ្ញា​ល់​ផ្អើល។

ជាក់ស្ដែង ចំណាត់ការថ្មីៗ ដែល​តុលាការ​កម្ពុជា និង រដ្ឋាភិបាល​បានបង្ហាញ​ឱ្យឃើញ​នោះ ករណី​របស់ ឧកញ៉ា ថោង សារ៉ាត់ និង​ករណី​របស់ ឧកញ៉ា សុខ ប៊ុន ដែល​សុទ្ធសឹង​ជា​អ្នកមាន​ទ្រព្យ​និង​អ្នកធំ។ ការដែល​តុលាការ​និង​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​លើ​ករណី​ទាំងនេះ ពីព្រោះ​តែ​សម័យ​បច្ចុប្បន្ន គឺជា​សម័យកាល​មួយ​ដែល​បណ្ដាញ​សង្គម(facebook)និង​សារព័ត៌មាន​ដទៃទៀត​កំពុង​រីកចម្រើន បច្ចេកវិទ្យា​ទំនើប(កា​ម៉េ​រ៉ា​សុវត្ថិភាព) ឥទ្ធិពល​នៃ​ចំណេះដឹង របស់​ប្រជាពលរដ្ឋ និង ប្រជាធិបតេយ្យ​កំពុង​ជ្រួតជ្រាប​ក្នុងសង្គម​ខ្មែរ។ ឯ​រដ្ឋាភិបាល ក៏ដូចជា​តុលាការ​កម្ពុជា​ខ្លួនឯង ក៏​កំពុង​ចង់​ស្ដារ​មុខមាត់ និង​ចង់​ទាញយក​ស​ម្លែ​ង​គាំទ្រ​ដែល​ខ្លួន​បាន​បាត់បង់​នោះមក​វិញ​ដែរ។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​នៅតែ​មើលឃើញថា ចំណុច​ខ្លះ​នៃ​ចំណាត់ការ​របស់​តុលាការ ក៏ដូចជា រដ្ឋាភិបាល​កម្ពុជា ហាក់ដូចជា មិនទាន់មាន​តម្លាភាព ម៉ឺងម៉ាត់ និង​ស្មោះត្រង់​នៅឡើយ។ វា​ហាក់ដូចជា ត្រូវបាន​គេ​ធ្វើ​ដើម្បី​កាត់បន្ថយ​ប្រតិកម្ម​ពី​មហាជន និង​ដើម្បីឱ្យ​អ្នក​តាមឃ្លាំមើល​អស់ចិត្ត​តែប៉ុណ្ណោះ។ ប្រសិនបើ​ស្ថានភាព​នេះ​នៅតែ​បន្ត​កើតមាន និង​ដរាបណា ស្ដង់ដា​ពីរ​ក្នុង​តុលាការ​កម្ពុជា​នៅតែ​ត្រូវបាន​គេ​ប្រើ ដរាប​នោះ ភាពអយុត្តិធម៌​ក្នុងការ​កាត់សេចក្ដី ការមិនសប្បាយចិត្ត​ពី​ភាគី​ចាញ់ក្ដី និង​អយុត្តធម៌​សង្គម​នៅតែមាន។ ចំណែកឯ​តុលាការ​ខ្លួនឯង​ក៏​នៅតែ​បន្តបាន​បាត់បង់​ការគោរព ការជឿទុកចិត្ត និង​ការឱ្យ​តម្លៃ​ពី​មហាជន ដែល​ទីបំផុត ការបះបោរ​លែង​គោរព​អំណាចតុលាការ និង​ការដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅតែ​បន្ត​កើនឡើង ដែល​ធ្វើ​សង្គម​ខ្មែរ​បាត់បង់​សមភាព សមធម៌ យុត្តិធម៌ សណ្ដាប់ធ្នាប់ សន្តិសុខ និង​សុខដុម​នីយកម្ម ហើយ​ជាយថាហេតុ នឹង​អាច​មានប​ដិ​វត្ដ ឬ​សង្គ្រាមស៊ីវិល ដូច​ក្នុង​អតីតកាល៕        


Tag:
 សុខ ប៊ុន
 ឈូក បណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com