ពិភពតារា៖ ឡុង ថាវ​រី ត្រូវ​អ្នកមាន​ទ្រព្យ​និង​អំណាច​តាម​ប្រមាញ់
21, Jul 2015 , 10:34 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​សម្តែង​ដែល​ទើបតែ​រះ​លើ​វិថី​សិល្បៈ​កញ្ញា​ឡុង ថាវ​រី​អតីត​កញ្ញាឯក​ចំណាត់ថ្នាក់​លេខ៣ នៅក្នុង​ការប្រឡង​កម្ម​វិធី Miss Nikon ដែលមាន​សម្រស់​ផូរផង់ ហើយ​ថែមទាំង​នៅ​វ័យក្មេង​ទៀត​នោះ ទើប​ធ្វើឱ្យ​នាង​កំពុង​ស្ថិតនៅក្នុង​ផ្ទាំង​ស៊ី​ប​ដ៏​ក្តៅគគុក​មួយ​ពី​សំណាក់​អ្នកមាន​បុណ្យ​សិ​ក្តិ មានទ្រព្យ​សម្បត្តិ ក៏ដូចជា​ម៉ែ​យ៉ែម តាម​ប្រមាញ់ បណ្តាល​ឲ្យ​នាង​ឈឺក្បាល​វិលមុខ​មិនតិច​ទេ។



រឿងរ៉ាវ​បែបនេះ វា​ពុំមែន​ជា​រឿង​អ្វីដែល​ចម្លែក​នោះឡើយ សម្រាប់​តារា​សិល្បៈស្រីៗ ដែលមាន​រូប​សម្ផស្ស​ស្រស់ស្អាត​ចំពោះ​រឿង​កន្លង់​តាម​បោះ​នុយ​ដុំ​ស្ទូច​យក​បេះដូង យក​ប្រាណ​ទៅ​ត្រកង​បី​នោះទេ ។ ដូច្នេះ កញ្ញា​ឡុង ថាវ​រី ក៏​ដូចគ្នា​អ៊ីចឹង​ដែរ នាង​កំពុងតែ​រង​ការរំខាន​ពី​អស់លោក​កន្លង់​សំបូរ​ទ្រព្យ នៅ​ខ្វះ​ស្នេហ៍​ជាច្រើន​ផងដែរ បើទោះជា​កន្លងមក ថាវ​រី បាន​ច្រាន​និង​បដិសេធចោល មិន​ព្រម​ទទួលយក​ផ្ទះរថ​យន្ត​ទំនើប ក៏ដូចជា ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​ពី​ពួក​បុរស​ដែល​ចង់​ធ្វើជា​ម្ចាស់​បេះដូង​លើ​រូបនាង​យ៉ាងណា ក៏​នៅតែមាន​អ្នក​តាម​រំខាន​ដដែល​ពុំ​ចេះ​អស់​ឡើយ រហូត​ធ្វើឱ្យ​ពេលខ្លះ តារា​រលក​ក្រោយ​រូបនេះ មាន​អារម្មណ៍​មួម៉ៅ​ទៀតផង ។

កញ្ញា​ឡុង ថាវ​រី បាន​ពោល​ឱ្យដឹងថា “ខ្ញុំ​បដិសេធ​មិន​ទទួល​ស្នេហ៍​ពី​លោកធំ ឬ​ឧកញ៉ា នោះទេ ព្រោះថា​ខ្ញុំ​មិនទាន់​ចង់​គិតពី​រឿងនេះ ដោយសារតែ​ពេលនេះ ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ការងារ​ដំបូង​មិនទាន់​ជោគជ័យ​នោះទេ ហើយ​ការសិក្សា​ក៏​មិនទាន់​ចប់។ ដូច្នេះ​រឿង​ស្នេហា គឺ​នៅ​ឆ្ងាយ​ណាស់​សម្រាប់​ខ្ញុំ ម្យ៉ាង​ខ្ញុំ​នៅ​ក្មេង មិន​ចង់​ពាក់ព័ន្ធ​រឿង​ស្នេហា​ទេ គេ​មើលឃើញ ឃើញ​ទៅ​សំខាន់​ខ្ញុំ​មិន​យកចិត្តទុកដាក់” ។

ក្រឡេក​មក​ខាង​ការងារ​សិល្បៈ​របស់​កញ្ញា ឡុង ថាវ​រី វិញ​ម្តង​រយៈពេល ១ឆ្នាំ​មកនេះ នាង​ពិតជា​ពុំទាន់ មាន​យីអ៊ុន​និង​ឱកាស​នៅក្នុង​ការថត​សម្តែង​ខ្សែភាពយន្ត​មួយ​រឿង​ណា​នៅឡើយ ក្រៅពី​រូបនាង​ធ្លាប់​ថត​សម្តែង​ឈុត​ខារ៉ាអូខេ និង​ស្ព​ត​ផ្សាយពាណិជ្ជកម្ម​មួយចំនួន​តែប៉ុណ្ណោះ ។ ការទន្ទឹងរង់ចាំ​ស្រប​ដោយ​ចិត្តអន្ទះសា​ចង់​ធ្វើជា​តារាភាពយន្ត វា​ជា​បំណងប្រាថ្នា​ធំ​បំផុត​សម្រាប់​កញ្ញា​ឡុង ថាវ​រី តែបើ​ទោះជា​ចិត្ត នាង​ចង់​យ៉ាងណា ក៏​រហូតមក​ដល់ពេលនេះ ពុំទាន់​មាន​ខាង​ម្ចាស់​ផលិតកម្ម​ក៏​អ្នកដឹកនាំ​រឿង ណាមួយ​មើលឃើញ និង​ចាប់អារម្មណ៍​ចំពោះ រូបនាង​នៅឡើយ ។

ឡុង ថាវ​រី បាន​បន្ថែមថា “ឱ្យតែ​មាន​គេ​ហៅ​ថតកុន ខ្ញុំ​នឹង​ថត​ភ្លាម ទោះជា​រឿង​នោះ​សម្តែង​ជា​តួ​អ្វី​ក៏ដោយ ខ្ញុំ​មិន រើសអើង​ទេ សំខាន់​ឱ្យតែបាន​សម្តែង។ ជាមួយគ្នានេះដែរ ជ័យលាភី​លេខ៣ កម្ម វិធី Miss Nikon រូបនេះ ក៏បាន​បង្ហាញ​នៅ មហិច្ឆតា​យ៉ាង​ធំធេង ចង់​គ្រប់គ្រង​តំណែង​ធ្វើជា​តួឯក និង​ចង់​ក្លាយទៅជា​តារា​សម្តែង ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​ទៅ​ថ្ងៃ​អនាគត​ផងដែរ” ៕


© រក្សាសិទ្ធិដោយ thmeythmey.com