ជាតិ
លោក កឹម សុខា ខ្វាត់ខ្វែងជួបមន្ត្រីទូតរកវិធីជួយសកម្មជន ខណៈលោក សម រង្ស៊ី ទៅក្រៅប្រទេស
× ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសថា រូបលោកកំពុងស្វែងរកវិធី ដើម្បីជួយដល់ លោក មាជ សុវណ្ណារ៉ា និងសកម្មជន ១០ នាក់ទៀត ដែលកំពុងជាប់ពន្ធនាគារព្រៃស ស្របពេលដែលលោក សម រង្ស៊ី កំពុងបំពេញការងារនៅក្រៅប្រទេស។
តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅប៉ុន្មាននាទីមុននេះ លោក កឹម សុខា បានប្រកាសថា លោកកំពុងខ្វែងដៃខ្វែងជើងរកវិធី ដើម្បីជួយសកម្មជនបក្សទាំងនោះ។ នៅថ្ងៃនេះ លោក កឹម សុខា បានជួបជាមួយមន្ត្រីទូត នៅស្ថានទូតយ៉ាងតិចចំនួន ៣ ក្នុងរាជធានីភ្នំពេញ ដើម្បីរកកិច្ចអន្តរាគមន៍ចំពោះសកម្មជនខ្លួន។
នាយកខុទ្ទកាល័យលោក កឹម សុខា លោក មុត ចន្ថា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការស្វះស្វែងរកមធ្យោបាយជួយដល់សកម្មជនរបស់គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ពេលនេះ គឺជាកាតព្វកិច្ចរបស់លោក កឹម សុខា ក្នុងនាមជាមេដឹកនាំបក្ស។ បើតាមលោក មុត ចន្ថា លោក កឹម សុខា បានចាត់ទុកការសម្រេចដាក់ទោសរបស់តុលាការមកលើសកម្មជនរបស់ខ្លួន គឺជារឿងនយោបាយ។ នាយកខុទ្ទកាល័យរូបនេះ បញ្ជាក់ដូច្នេះថា៖« លោក កឹម សុខា គាត់បារម្ភពីលោក មាជ សុវណ្ណារ៉ា និងសកម្មជនផ្សេងទៀតណាស់។ ពេលនេះគាត់កំពុងតែជួបមន្ត្រីទូត។ តែខ្ញុំមិនអាចបញ្ជាក់ឈ្មោះទូតនោះទេ ព្រោះត្រូវជាការសម្ងាត់»។
ស្របពេលដែលលោក កឹម សុខា ដែលកំពុងខ្វាត់ខ្វែងរកមធ្យោបាយជួយសកម្មជនខ្លួននេះ លោក សម រង្ស៊ី ឯណោះវិញកំពុងបំពេញបេសកម្មក្រៅប្រទេស ដើម្បីស្វែងរកជំនួយទ្រទ្រង់ទ្រទ្រង់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីតុលាការដាក់ទោសសកម្មជនរបស់ខ្លួន ១១ នាក់៕
Tag:
លោក កឹម សុខា
លោក មាជ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com