សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រជាជន​ក្នុងភូមិ​មួយ​នៅ​កា​ហ្សា​ក់​ស្ថាន​កើត​ជំងឺ​ងងុយគេងភ្លាមៗ ៥ ឆ្នាំ​មកហើយ
22, Jul 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
អ្នកភូមិ​ដ៏​តូច​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​កា​ហ្សា​ស្ថាន​បានកើត​ជំងឺ​ដ៏​ចម្លែក​មួយ គឺ​ជំងឺ​ងងុយគេង។ ចាប់តាំងពី​ឆ្នាំ ២០១០ មក អ្នកភូមិ Kalachi ប្រមាណ ១៥០ នាក់​ស្រាប់តែ​ដេកលក់ភ្លាមៗ ខណៈពេលដែល​ពួកគាត់​កំពុងតែ​ដើរ ឃ្វាលគោ ឬ​ធ្វើ​ការងារ​ផ្សេង។ ការ​ដេក​លង់លក់​នេះ​អាចមាន​រយៈពេល​បី-បួន​ម៉ោង ឬ​យូរ​រហូតដល់ ៦ ថ្ងៃ​ក៏មាន។ បាតុភាព​ដែល​គ្មាន​នរណា​អាច​ពន្យល់បាន​នេះ បាន​កើនឡើង​ខ្លាំង​ជាង​មុន​ចាប់តាំងពី​ខែមីនា ឆ្នាំ២០។



ប៉ុន្តែ នាពេលថ្មីៗនេះ អាជ្ញាធរ​នៃ​ប្រទេស​នេះ​បានប្រកាសថា រកឃើញ​ពី​មូលហេតុ​នៃ​ជំងឺ​ងងុយគេង​នេះហើយ។ អណ្តូងរ៉ែ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដែល​លែង​ដំណើរការ​ទៅហើយ ហើយ​ស្ថិត​នៅជាប់​ភូមិ Kalachi ត្រូវបាន​គេ​ចង្អុល​ថា គឺជា​ប្រភព​នៃ​ជំងឺ​នេះ។ ប៉ុន្តែ មិនមែន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ទេ​ដែលជា​ប្រភព​ជំងឺ​នោះ គឺ​សារធាតុ​កាបូន​ម៉ូ​ណូ​ស៊ីត និង​អី​ដ្រូ​កាបួ​ដែល​ភាយ​ចេញពី​អណ្តូងរ៉ែ​ទៅវិញ​ទេ ដែលជា​ដើមហេតុ​ពិតប្រាកដ​នៃ​ការ​សន្លប់​បាត់ស្មារតី​របស់​អ្នកភូមិ។ នៅពេលដែល​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​កើតឡើង​ក្នុង​បរិយាកាស កម្រិត​អុកស៊ីសែន​ក្នុងភូមិ​ក៏​ធ្លាក់ចុះ។

មុន​ការសន្និដ្ឋាន​នេះ មានការ​សង្ស័យ​ជាច្រើន​ជុំវិញ​មូលហេតុ​នៃ​ជំងឺ​ដ៏​ចម្លែក​នេះ។ គ្រូពេទ្យ​មួយចំនួន​សង្ស័យថា ជា​ឥទ្ធិពល​នៃ​ស្រា។ ខ្លះទៀត​សន្និដ្ឋានថា ជំងឺ​នេះ​កើត​ពី​ផលប៉ះពាល់​នៃ​ឧស្ម័ន​រ៉ាដុង​ដែលមាន​នៅក្នុង​អណ្តូងរ៉ែ។ គ្រូពេទ្យ​មួយចំនួនទៀត​យល់ថា គឺ​បណ្តាលមកពី​វិបត្តិ​ផ្លូវចិត្ត។

នៅពេល​ទស្សនា​វ​ដ្តី Wired សាកសួរ​អ្នកឯកទេស​ផ្នែក​សុខភាព​មួយចំនួន ពួកគេ​អះអាងថា ពួកគេ​នៅតែ​មិនទាន់​ជឿជាក់​ទាំងស្រុង​ចំពោះ​ការសន្និដ្ឋាន​របស់​អាជ្ញា​ធរ​ទេ។ ហេតុដូចម្តេច​បានជា​មាន​សារធាតុ​កាបូន​ម៉ូ​ណូ​ស៊ីត​ច្រើន​ដល់​ម្លឹ​ង បើ​អណ្តូងរ៉ែ​នោះ​លែងមាន​សកម្មភាព​ចាប់តាំងពី​សម័យ​ដួលរលំ​នៃ​សហភាពសូវៀត​មកម្ល៉េះ ?

អាជ្ញាធរ​បាន​ជម្លៀស​អ្នកភូមិ Kalachi និង Krasnogorsk ចេញពី​លំនៅដ្ឋាន។ បើតាម​សារព័ត៌មាន Siberian Times ប្រជាជន​ចំនួន ៦៨ គ្រួសារ​ក្នុងចំណោម​ប្រជាជន ២២៣ គ្រួសារ​បាន​ទៅ​រស់នៅ​កន្លែង​ផ្សេង​ហើយ​កាលពី​ថ្ងៃទី ១៥ កក្កដា​នេះ។ ចំណែក​អ្នកជំងឺ​ផ្សេងទៀត​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com