ជាតិ
​​​ន​យោ​បាយ​ជាតិ​
UN ថា ខ្លួន​បានផ្ដល់​ផែនទី១៨ផ្ទាំង​ដល់​កម្ពុជា តែ​រដ្ឋាភិបាល​ថា​មិនទាន់​ទទួលបាន​ដំណឹង
24, Jul 2015 , 10:15 am        
រូបភាព
អង្គការសហប្រជាជាតិ បាន​និយាយថា ខ្លួន​បានផ្តល់​ផែនទី​ចំនួន១៨ផ្ទាំង​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​សំណើ​រលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើសុំ​ខ្ចី​ផែនទី កម្ពុជា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​វៀតណាម។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ ស​ន្ទ​រី ថា មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ។



បើតាម​វិទ្យុ​សហរដ្ឋអាមេរិក​ជា​ខេមរៈភាសា វី​អូ​អេ  មន្ត្រី​នាំពាក្យ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អ្នកនាង Eri Kaneko ថា អង្គការសហប្រជាជាតិ បានផ្តល់​ផែនទី​ចំនួន១៨ផ្ទាំង​ដែល​កម្ពុជា​បានស្នើ​សុំ​ហើយ។ «ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អង្គការសហប្រជាជាតិបានផ្តល់​ផែនទី​ចំនួន១៨ផ្ទាំង​ដែល​យើង​បាន​រកឃើញ​ក្នុង​កន្លែង​តម្កល់​ឯកសារ​របស់​យើង នោះ ជូន​ដល់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ប្រទេស​កម្ពុជា​ក្នុង​បូរី​ញូវយ៉ក»។ នេះ​ជា​សំដី​របស់​អ្នកនាង Eri Kaneko ដែលបាន​ស្រង់​ដោយ​វី​អូ​អេ។

វី​អូ​អេ ក៏បាន​ស្រង់​សំដី​មន្ត្រី​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ ក្នុង​បូរី​ញូវយ៉ក បាន​អះអាងថា ខ្លួន​មិនអាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បានទេ ។ តែ​លោក​គ្រាន់​បញ្ជាក់ថា កម្ពុជា​មិនទាន់​បានទទួល​ផែនទី​ទាំងស្រុង ដែល​កម្ពុជា​ស្នើសុំ​ពី​អង្គការសហប្រជាជាតិ​នោះទេ។

សារព័ត៌មានថ្មីៗមិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បញ្ជាក់បន្ថែម​ពី​លោក ផៃ ស៊ី​ផាន និង​លោក សុខ ឥ​សាន្ដ ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជុំវិញ​ព័ត៌មាន​នេះ បានឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក។

ប៉ុន្ដែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ ស​ន្ទ​រី បានបញ្ជាក់​ប្រាប់​ព័ត៌មានថ្មីៗព្រឹក​នេះ​ថា លោក​មិនទាន់​អាច​អត្ថាធិប្បាយ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ផែនទី​បាន​នោះទេ ដោយសារតែ​លោក​មិនទាន់​ទទួលបាន​ដំណឹង​ពី​អង្គការសហប្រជាជាតិ​នៅឡើយ។

កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥  លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន ​គី​មូ​ន ដើម្បី​ស្នើសុំ​ខ្ចី​ផែនទី​ខ្នាត១/១០០.០០០ ដែល​កម្ពុជា​បាន​យកទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ១៩៦៤ ដើម្បី​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល ខណៈដែល​គណបក្សប្រឆាំង​ចោទថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ។

កាលពី​ថ្ងៃ១៥កក្កដា លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ក៏បាន​សរសេរ​លិខិត​ចំនួន៣ ទៅ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីត ខេ​មេ​រ៉ុ​ន ដើម្បី​ស្នើសុំ​ផ្ទៀងផ្ទាត់ និង​ចម្លង​ផែនទី​របស់​កម្ពុជា​ជាមួយ​វៀតណាម ដែល​រដ្ឋាភិបាល​កម្ពុជា​គិតថា​ប្រទេស​មហាអំណាច​ទាំង៣នេះ​រក្សាទុក​ដល់​សព្វថ្ងៃ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com