ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៤ភាគរយ នៅឆមាសទី១
× ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៤ភាគរយ ក្នុងនោះភ្ញៀវទេសចរចិនស្ថិតនៅលំដាប់ទី១ កូរ៉េលេខ២ ថៃជាប់ស្ថិតនៅលំដាប់លេខ៣ បន្ទាប់មកមានអាមេរិក វៀតណាម អង់គ្លេស បារាំង ម៉ាឡេស៊ី និងអាល្លឺម៉ង់។ នេះបើយោង តាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ដដែល ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន ១,០៨៤,៤២៧នាក់ កើនឡើង ១.៦១ភាគរយ ធៀបនឹងឆ្នាំ២០១៤ ។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ មានអ្នកទេសចរ បរទេសដែលទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរចំនួន ១១៤,០៦៦នាក់ កើន១៣.១៩គិតជាទឹកប្រាក់ចំនួន ៣,១១២,៦៦០ដុល្លារ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាទំនងជាមិនអាចសម្រេចបាននូវកំណើនភ្ញៀវទេសចរអន្តរជាតិបានចំនួន៥លាននាក់ នៅឆ្នាំ២០១៥នេះទេ។ តួលេខដែលរំពឹងទុក អាចទទួលបានតែប្រមាណ៤លាន៨សែននាក់ប៉ុណ្ណោះ។
នៅក្នុងជំនួបពិភាក្សាអំពីវិស័យទេសចរណ៍ជាមួយវិស័យឯកជននៅខេត្តសៀមរាប កាលពីពេលកន្លងទៅ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាថា ដោយសារបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់និងក្នុងពិភពលោកដូចជាសកម្មភាពរបស់ពួកISIS ការផ្ទុះជំងឺMERS នៅកូរ៉េខាងជើងវិបត្តិសេដ្ឋកិច្ចនៅរុស្ស៊ីជាដើម។
លោក ថោង ខុនបានឲ្យដឹងទៀតថាមិនមែនតែកម្ពុជាមួយទេដែលមានជួបប្រទះនូវបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ប្រទេសវៀតណាម ថៃនិងកូរ៉េខាងត្បូងជាដើមក៏ជួបវិបត្តិដូចគ្នានេះដែរនៅក្នុងឆមាសទី១ឆ្នាំ២០១។ប្រទេសវៀតណាមមានអត្រាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន៤០ភាគរយ ប្រទេសថៃ២០ភាគរយខណៈដែលប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះរហូតដល់ទៅ៦០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com