សង្គមអន្តរជាតិ​
អន្តរជាតិ
Tsipras៖ ប្រជាមតិ​ដើម្បី​អនាគត​ក្រិ​ក មិនចាំបាច់​សុំ​អនុញ្ញាត​ពី ​EUឡើយ
25, Jul 2015 , 10:17 am        
រូបភាព
រឿង​បំណុល​ក្រិ​ក កាន់តែ​ខិតជិត​ដល់ទី​បញ្ចប់​មែនទែន​ហើយ ក្រោយពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​បដិសេធ​បន្ត​កម្មវិធី​ដោះបំណុល​ជួយ​ក្រុង​អាថែន។ អ្នកនយោបាយ​ក្រិ​ក​បានសម្រេច​ផ្ទេរ​ការទទួលខុសត្រូវ​អនាគត​ប្រទេសជាតិ​ដល់​ប្រជាជន​ក្រិ​ក​គ្រប់គ្នា​ម្តង​តាម​ប្រជាមតិ​ថា​តើ​ក្រិ​ក​គួរ​ទទួល​សំណើរ​របស់​ម្ចាស់បំណុល​ដែល​ភ្ជាប់​ដោយ​លក្ខ​ខ​ណ្ខ​ពិបាក​ទទួល​ឬ​អត់។ សភា​ក្រិ​ក​បោះឆ្នោត​គាំទ្រ​ប្រជាមតិ ដោយ​មិនចាំបាច់​សុំ​អនុញ្ញាត​សហភាព​អឺរ៉ុប​ជាមុន​ឡើយ។  



សភា​ក្រិ​ក​បានសម្រេច​បោះឆ្នោត​គាំទ្រ​សំណើរ​សុំ​ធ្វើ​ប្រជាមតិ​របស់​រដ្ឋាភិបាល​លោក Alexis Tsiprasក្រោយ​ពេលដែល​រដ្ឋាភិបាល​បន្ត​ចរចា​ជាមួយ​បណ្តា​ភាគី​ម្ចាស់បំណុល​ឯទៀត​អស់​ជាច្រើន​ថ្ងៃ​តែ​គ្មាន​ផ្លែផ្កា​សោះ។ ប្រជា​មិត្ត​នៅ​ថ្ងៃ ៦កក្កដា​ខាង​មុខជា​ការផ្តល់អំណាច​ដល់​ប្រជាជន​ក្រិ​ក​ទូទៅ​ក្នុង​ការសម្រេច​ជោគវាសនា​របស់​ជាតិ​ខ្លួន​ថា​តើ​គួរ​ទទួលយក​សំណើរ​របស់​ម្ចាស់បំណុល​ជុំវិញ​ការ​ដោះបំណុល​ក្រិ​ក​ដែល​ឬ​អត់។

រឿង​ធ្វើ​ប្រជាមតិ​នេះ ក្រិ​ក​មិនបាន​សុំ​ការ​អនុ​ញ្ញា​ពី​សហភាព​អឺរ៉ុប​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ក្រិ​កបាន​អះអាង​រួចហើយ​ថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុបនីមួយៗមាន ភាពស្មើគ្នា មានអំណាច​និង​សិទ្ធិសេរីភាព​ដូចគ្នា។ ដូច្នេះ​ក្រិ​ក​មិនចាំបាច់​ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​សហភាព​អឺរ៉ុប ដើម្បី​គ្រាន់តែ​ធ្វើ​ប្រជាមតិ​ក្នុងចំណោម​ប្រជាជន​ក្រិ​ក និង​ដើម្បី​អនាគត​ក្រិ​ក​ឡើយ។ ប្រជាមតិ​ត្រូវបាន​គេ​រៀបចំ​ពាសពេញ​អឺរ៉ុប​ទាំងមូល​ដើម្បី​ឲ្យ​ប្រជាជន​អាច​បញ្ចេញ​ពី​ឆន្ទៈ និង សំឡេង​របស់ខ្លួន​ជុំវិញ​បញ្ហា​អ្វីមួយ​នោះ។

ក្នុងការ​បោះឆ្នោត​ក្នុង​សភា​ម្សិលមិញ​នេះដែរ ធ្វើឡើង​កណ្តាលយប់ ដោយ​ប្រមុខរដ្ឋ​ភិ​បាល​ក្រុង​អាថែន លោក Alexis Tsiprasអ្នកនយោបាយ​នៃ​បក្សនិយម​ឆ្វេង Syriza ក៏បាន​ឆ្លៀត​រិះគន់​ម្ចាស់បំណុល និង​សភាព​អឺរ៉ុប​ផងដែរ ហើយ​លោក​ក៏​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​បណ្តា​សមាជិកសភា​ក្រិ​ក​គាំទ្រ​គម្រោង​ប្រជាមតិ​នៅពេល​ខាងមុខ​ដែរ។ សមាជិកសភា ១៦៣ក្នុងចំណោម៣០០ បានបង្ហាញ​ការគាំទ្រ​សំណើរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ក្រិ​ក ដើម្បី​ឈានទៅ​រៀបចំ​ប្រជាមតិ​កំណត់​អនាគត​ក្រិ​ក​ខែក្រោយ​នេះ។

លោក Tsiprasបាន​ពិពណ៌នា​កញ្ចប់​សំណើរ​របស់​ម្ចាស់បំណុល​ចង់​ឲ្យ​ក្រិ​ក​ទទួលយក​នោះ ជា​សំណើរ​មិន​ស្មោះត្រង់​និង​ប្រៀបដូចជា​ការមើលឃើញ​មើលថោក​ប្រទេស​ដែល​កំពុង​ជូ​ប​វិបត្តិ​ដូច​ក្រិ​ក​ដូច្នេះ​ដែរ។ លោក​បាន​បន្ថែមថា លក្ខខណ្ឌ​ម្ចាស់បំណុល​វា​មិន​ខុសពី​ការដាក់​ឱសានវាទ​សម្រាប់​ក្រិ​ក ហើយ​អ្វីដែល​គួរ​ឲ្យ​ធ្ងន់ធ្ងរ​នោះ ក្រិ​កបាន​ព្យាយាម​ធ្វើ​សម្បទាន​អស់ពី​សមត្ថភាព​ទៅហើយ​ដែរ​ព្រោះតែ​ចង់​ឲ្យ​កិច្ចព្រមព្រៀង​អាច​ចេញ​ជា​រូបរាង​ឡើង។ នាយករដ្ឋមន្ត្រី​ប្រឆាំង​នយោបាយ​ត្បិតត្បៀត​នេះ ក៏បាន​ផ្ញើរ​សារ​ចុងក្រោយ​ទៅ​ប្រជា​ក្រិ​ក​ផងដែរ ថា​កុំ​ចុះចាញ់ និង​បោះឆ្នោត​ថា​ទេ​ចំពោះ​សំណើរ​ដ៏​កខ្វក់​របស់​ម្ចាស់បំណុល ដើម្បី​ឲ្យ​ម្ចាស់បំណុល​ទាំងនោះ​ភ្លឺភ្នែក។

យ៉ាងណាក៏ដោយ ឆ្លើយតប​សម្តី​នាយករដ្ឋមន្ត្រី​ក្រិ​ក​ដែលថា សំណើរ​ម្ចាស់បំណុល​ជាការ​ដាក់​ឱសានវាទ​ឲ្យ​ក្រិ​ក មិនមែន​ជួយ​ដោយ​សុទ្ធតែ​ចិន​នោះ លោកស្រី​នាយិការ​ស្ថាប័ន​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ Christine Lagardeបាន​ឲ្យ​ដឹងថា​អង្គការ​លោកស្រី​នឹង​បន្ត​ធ្វើការ​ដើម្បី​ធានាថា​ក្រិ​ក​មិន​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ឡើយ ហើយ​ស្ថាប័ន​លោកស្រី​ក៏​បន្ត​នយោបាយ​បទ​បែន​ជួយ​ដោះស្រាយ​បញ្ហានយោបាយ​ឬ​សេដ្ឋកិច្ច​ក្រិ​ក​ដូចគ្នា។ ចំណែក​លោក​Donald Tusk ប្រមុខ​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ព្រមាន​ថា ទោះជា​លទ្ធផល​ប្រជាមតិ​បែបណាក៏ដោយ ក្រិ​ក​នៅតែ​ស្ថិតក្នុង​តំបន់​ចាយលុយ​អឺរ៉ូ ប៉ុន្តែ​លោក​មិនបាន​លើកឡើងថា សហភាព​អឺរ៉ុប​នឹងមាន​ចំណាត់ការ​បែបណា​ជួយ​ក្រិ​ក​ដោះបំណុល និង​កុំ​ឲ្យ​ក្រិ​ក​ប្រកាស​មិន​សងបំណុល​ពេលខាងមុខ​ឡើយ៕



Tag:
 Tsipras
  EU
© រក្សាសិទ្ធិដោយ thmeythmey.com