សង្គមអន្តរជាតិ​
អន្តរជាតិ
លោក​ អូ​បា​ម៉ា​ ពិសារ​អាហារ​ល្ងាច​រួម​បងប្អូន​យ៉ាង​កក់ក្តៅ​បំផុត​នៅ​ដី​កំណើត​ឳ​ពុក
25, Jul 2015 , 2:10 pm        
រូបភាព
យន្តហោះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះចត​នៅ​កេ​ន​យ៉ា​ដែលជា​ទឹកដី​ឪពុក​លោក​ដោយ​សុវត្ថិភាព​ម្សិលមិញ​នេះ។ក្រោយ​ទៅដល់​ភ្លាម​គេ​ឃើញ​មាន​វត្តមាន​ប្រធានាធិបតី​កេ​ន​យ៉ា​លោក Uhuru Kenyatta ចាំ​ទទួល​ដំណើរ​ប្រធានាធិបតី​អាមេរិក​ផង។ បន្ទាប់មក​លោក អូ​បា​ម៉ា​បាន​ជួប​សំណេះសំណាល​និង​ទទួល​អាហារ​ពេល​ល្ងាច​យ៉ាង​ស្និទ្ធស្នាល​និង​រីករាយ​បំផុត​ជាមួយ​សាច់ញាតិ​បងប្អូន​របស់លោក​ផ្ទាល់។



សន្តិសុខ​ត្រូវបាន​គេ​រឹតបន្តឹង​ខ្លាំង​មែនទែន​នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ដោយ​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ការពារ​សន្តិសុខ​ស្ទើ​គ្រប់កន្លែង ហើយផ្លូវធំៗត្រូវបាន​គេ​បិទ​ដើម្បី​សម្រួល​ដល់​ក្បួន​ឡាន​ប្រធានាធិបតី​អាមេរិក។ យន្តហោះ​យោធា និង​ឧទ្ធម្ភាគចក្រ​ហោះហើ​ឆ្វែល​ពេញ​មេឃ​ដើម្បី​ឃ្លាំមើល និង​តាម​ការពារ​ក្បួន​លោក បា​រ៉ា​ក់​អូ​បា​ម៉ា។

ខណៈ​លោក​អូ​បា​ម៉ា​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ​ទីក្រុង​ណៃ​រ៉ូ​ប៊ី គេ​ឃើញ​វត្តមាន​ប្រធានាធិបតី​កេ​ន​យ៉ា​ឈរ​ចាំ​ធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ។ មិន​បង្អង់​យូរ​ឡើយ លោក អូ​បា​ម៉ា បន្តដំណើរ​ទៅកាន់​សណ្ឋាគារ​ដែល​លោក​ត្រូវ​ស្នាក់នៅ​ដើម្បី​ជួប​សមាជិក​ក្រុមគ្រួសារ​របស់លោក និង​ទទួលទាន​អាហារ​ជុំគ្នា។ប្រទេស​កេ​ន​យ៉ា អាច​ថា​ជា​ពេលវេលា​ជួបជុំ​ដ៏​កក់ក្តៅ​បំផុត​ដែរ នៅពេលដែល​លោក​ បា​រ៉ា​ក់ អូ​បា​ម៉ា មានឱកាស​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​សាច់ញាតិ​បងប្អូន ជាពិសេស​ខាង​ឳ​ពុក​របស់លោក​នៅលើ​ទឹក​ដី​កេ​ន​យ៉ា។

នៅភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ គេ​ឃើញ​លោក អូ​បា​ម៉ា សើច​ស​ប្យា​យ​ក្អាកក្អាយ​និង​ស្និទ្ធ​សា្ន​ល​ជាទីបំផុត​ជាមួយ​មនុស្ស​ច្រើន​កុះករ​ឯទៀត​ដែល​អង្គុយ​ទន្ទឹម​លោក។ ​អ្នក​ទាំងនោះ​រួមមាន​ទាំង​ជីដូន​លោក​គឺ​លោកយាយ Sara បងស្រីលោក និង​សមាជិក​ក្រុមគ្រួសារ​ជាច្រើន​ផ្សេងទៀត​របស់លោក ដែរ។ តាមពិតទៅ​លោកយាយ Saraមិនមែនជា​លោកយាយ​បង្កើត​របស់លោក​ឡើយ តែ​លោកយាយ​បាន​យក​ឪពុក​របស់លោក អូបាម៉ា​មក​ចិ​ញ្ចិ​ម​បីបាច់​តាំងពីក្មេង​រហូតដល់​ធំ​ដឹងក្តី ហើយ​លោក​អូ​បា​ម៉ា​ចាត់ទុក​លោកយាយ​ដូចជា​យាយ​បង្កើត​ដូច្នេះ​ដែរ។ ទោះជា​យ៉ាងណាក៏ដោយ លោក អូ​បា​ម៉ា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទៅកាន់​ភូម​ដែល​គេ​បញ្ចុះសព​ឳ​ពុក​របស់លោក​ឡើយ។

ក្រៅពី​ជួប​ក្រុមគ្រួសារ​ជា​លក្ខណៈ​ឯកជន​លោក អូ​បា​ម៉ា នឹង​ធ្វើជា​អធិបតី​នៃ​សន្និសីទ​កំពូល​ស្តីពី​សហគ្រិនភាព​សាកល​លើក​ទី៦ ហើយ​លោក​ក៏​នឹង​បន្ត​ជួប​មេដឹកនាំ​កេ​ន​យ៉ា និង​មេដឹកនាំ​អាហ្វ្រិក​ឯទៀត​ដើម្បី​ជជែក​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​យុទ្ធសាស្ត្រ​ប្រឆាំង​ក្រុម​ភេរវជន​ផង។ កេ​ន​យ៉ា​ជា​សម្ព័ន្ធមិត្ត​អាមេរិក​យូរអង្វែង​មកហើយ ហើយ​អាមេរិក​បាន​បន្ត​សហកា​រ​ជាមួយ​ក្រុង​ណៃ​រ៉ូ​ប៊ី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​សូ​ម៉ាលី​អាល់​សា​បាប​ផងដែរ។ គេ​រំពឹងថា នៅពេល​ខាងមុខ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក អូ​បា​ម៉ា យុទ្ធនាការ​កម្ចាត់​ក្រុម​ភេរវជន​នេះ​នឹង​កាន់តែ​សកម្ម​និង​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត។ បន្ត​មក លោក​នឹង​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ស្លាប់បាត់​បង់ជីវិត​ក្នុងករណី​វាយប្រហារ​ស្ថានទូត​អាមេរិក​នៅ​ណៃ​រ៉ូ​ប៊ី​កាលពី​ឆ្នាំ ១៩៩៨ផងដែរ។ នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​លោក​នឹង​ចាកចេញ​ពី​កេ​ន​យ៉ា​ដោយ​បន្ត​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អេ​ត្យូ​ពី៕




Tag:
 បារ៉ាក់ អូបាម៉ា
 កេនយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com