ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖ លោក ហ៊ុន សែន បានផ្លាស់ប្តូរ
× ដោយមិននិយាយអំពីការកាត់ទោសសហការី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ១១នាក់ចុងក្រោយនេះ តែតាមរយៈការបង្កើតវប្បធម៌សន្ទនា និងការបរិភោគអាហារជាលក្ខណៈគ្រួសារនោះ លោក សម រង្ស៊ី បានប្រាប់អ្នកកាសែតភាសាបារាំងLibération ថា «លោក ហ៊ុន សែន បានផ្លាស់ប្តូរ»ហើយ។ លោក សម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍មួយដល់កាសែតឆ្វេងនិយម Libération ដើម្បីនិយាយអំពីការវិវត្តស្ថានការណ៍នយោបាយចុងក្រោយរបស់កម្ពុជា ពិសេសអំពីទំនាក់ទំនងរវាងលោក និងលោក ហ៊ុន សែន។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានចាកចេញពីប្រទេសកម្ពុជានៅចំថ្ងៃដែលសកម្មជនរបស់ខ្លួនត្រូវតុលាការកម្ពុជាកាត់ទោសពីបទបះបោរនោះ បានប្រាប់អ្នកកាសែតបារាំង Libération ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្លាស់ប្តូរឥរិយាបថ ដើម្បីត្រួសត្រាយផ្លូវទុកសម្រាប់កូនៗរបស់លោក។ ប្រធានគណបក្សសង្គ្រោះជាតិនិយាយយ៉ាងនេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតនៃសារព័ត៌មានLibération។ បើតាមលោក សម រង្ស៊ី ដដែល លោក ហ៊ុន សែន បានយល់អំពីការមកដល់ទីបញ្ចប់នៃការគ្រប់គ្រងអំណាចរបស់លោក។ «គាត់ចង់ឲ្យកូនៗរបស់គាត់ស្គាល់កូនៗរបស់ខ្ញុំ។ គាត់ដឹងថាកូនៗរបស់គាត់មិនអាចដឹកនាំប្រទេសតាមបែប កណ្តាប់ដៃដែក ដូចគាត់ទេ។ គាត់ចង់ឲ្យកូនគាត់បន្តអាជីពនយោបាយក្នុងក្របខណ្ឌប្រជាធិបតេយ្យ»។ នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក សម រង្ស៊ី និយាយទៀតថា លោក ហ៊ុន សែន កំពុងស្វែងរកភាពស្របច្បាប់បែបប្រជាធិបតេយ្យសម្រាប់កូនរបស់គាត់ដែលអាចធានាអំពីសុវត្ថិភាពរបស់គាត់បានខ្លះទៀតផង។
អ្នកកាសែតជនជាតិបារាំងឈ្មោះ Arnaud VAULERIN ក៏បានចោទសួរលោក សម រង្ស៊ី អំពីការបរិភោគអាហារពេលល្ងាចនៃគ្រួសារ ហ៊ុន សែន សម រង្ស៊ី កន្លងទៅ និងការថតរួបSelfie នៃអ្នកនយោបាយ និងកូនរបស់ពួកគេផងដែរ។ សម្រាប់លោក សម រង្ស៊ី អ្នកនយោបាយខ្មែរត្រូវតែជជែកគ្នា។ លោក សម រង្ស៊ី ឆ្លើយបន្តថា៖«រូបថតខ្លះដែលធ្វើឲ្យភ្ញាក់ផ្អើល តែមានន័យ វាក៏អាចជួយបានដែរ។ វាបង្ហាញថាមេបក្សទាំងពីរយល់ចិត្តគ្នា គោរពគ្នា ទៅវិញទៅមក។ វាសំខាន់ណាស់សម្រាប់អ្នកគាំទ្រ»។ ប្រធានគណបក្សសង្គ្រោះជាតិពន្យល់ថា ទាំងនេះគឺជារូបភាពនៃសន្តិភាព ហើយវានឹងបញ្ឈប់មិនឲ្យមានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកដែលធ្វើឲ្យលោករងគ្រោះដូចក្នុងអតីតកាល៕
Tag:
សម រង្ស៊ីុំ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com