ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធដារ និង​ពន្ធគយ​បាន​ជាង១,៤០០លាន​ដុល្លារ​ក្នុង​រយៈពេល៦ខែ
26, Jul 2015 , 8:44 am        
រូបភាព
នៅក្នុង​រយៈ៦ខែ ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា ប្រមូល​ចំណូល​ពន្ធ​បាន​ជាង១,៤៦៩លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ចំណូល​បានមកពី​ពន្ធដារ​មាន​ជាង៧០៦លាន​ដុល្លារ និង​ពន្ធគយ​មាន​ជាង៧៦៣លាន​ដុល្លារ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​បូកសរុប​ការងារ​បូក​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៥ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយដ្ឋាន​គយ​គ និង​រដ្ឋាករ​កម្ពុជា។



របាយការណ៍​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៥ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញថា ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ បាន​ជាង២,៨២៧ពាន់​លាន​រៀល ស្មើនឹង៧០៦.៧៥លាន​ដុល្លា កើនឡើង៣៨.៥៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ។ របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ពី​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​នៅក្នុង​ខែមិថុនា​កន្លងទៅ​ដែរ។ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅក្នុង​ខែមិថុនា​មាន​ចំនួន៣៦៤,៦២៤.២៦លាន​រៀល ស្មើនឹង​ចំនួន៩១.១៦លាន​ដុល្លារ។
 
ដោយឡែក​របាយការណ៍​បូកសរុប​ការងារ​គយ​និង​រដ្ឋា​ករ​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៥ របស់​អគ្គនាយដ្ឋាន​គ​យ​និង​រដ្ឋាករ​កម្ពុជា ចំណូល​សរុប​ប្រមូល​ដោយ​គយ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥នេះ សម្រេចបាន​ជាង៣,០៥៣ពាន់​លាន​រៀល មាន​កំណើន១៧.៥១ភាគរយ ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៤កន្លងទៅ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានប្រកាសថា​ខ្លួន ប្រមូល​ចំណូល​ពន្ធ​នាំចេញ នាំចូល​បាន​ចំនួន១,៣៤ពាន់​លាន​ដុល្លារ កើនឡើង ៣៣,៥ភាគរយ ខណៈដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ប្រមាណ១,០៦២,៧៩លាន​ដុល្លារ កើនឡើង១៧,៩៣ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៣៕




© រក្សាសិទ្ធិដោយ thmeythmey.com