ជាតិ
សុវត្តិភាព ចរាចរណ៍
ពិន័យ​អ្នក​គ្មាន​បណ្ណ​បើកបរ អ្នក​ស្រវឹង ពី៣ម៉ឺន ដល់ ១២៥ ០០០រៀល
26, Jul 2015 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៦ នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ពិន័យ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពិន័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន។

មាត្រា៩៖ ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ចំនួន​ទឹកប្រាក់ ៣០ ០០០(បី​ម៉ឺន)រៀល អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹកប្រាក់ ៦០ ០០០(ប្រាំមួយ​ម៉ឺន)រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹកប្រាក់ ១២៥ ០០០(មួយ​សែន​ពីរម៉ឺន​ប្រាំ​ពាន់)រៀល ចំពោះ​អំពើ​ល្មើស​ដូចខាងក្រោម៖
 
ក- អ្នកបើកបរ​ទោចក្រយានយន្ត ឬ ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ ត្រីចក្រយានយន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ។
ខ- អ្នកបើកបរ​ទោចក្រយានយន្ត ឬ ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ ត្រីចក្រយានយន្ត​ដោយ​គ្មាន​បណ្ណ​ស​ម្លា​ល់ និង/ឬ ផ្លាកលេខ។
គ- ម្ចាស់​យានយន្ត​មិនបាន​ផ្ទេរកម្មសិទ្ធិ​យានយន្ត​លើស​រយៈពេល​កំណត់ ដែល​មានចែង​ក្នុង​មាត្រា៤៨ នៃ​ច្បាប់​ពី​ចរាចរណ៍​ផ្លូវគោក។
ឃ- អ្នកបើកបរ​យានយន្ត​បើក​ដោយ​ពុំមាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ ប្រើ​វិញ្ញាបនបត្រ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព។
ង- អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្តូរ​ម៉ាស៊ីន ឬ ប្តូរ​ពណ៌​ដោយ​គ្មាន​ការអនុញ្ញាត ឬ បិទ​ពណ៌​មិន​ត្រឹមត្រូវ​តាម​បណ្ណ​សម្គាល់​យានយន្ត។
ច- អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន។
ឆ- អ្នកបើកបរ​យានយន្ត​ប្រើ​បណ្ណ​បើកបរ​ហួស​សុពលភាព។
ជ- អ្នកបើកបរ​យាន​ដែលមាន​កង់​ច្រ​វ៉ា​ក់​ដែក​ផ្ទាល់​នៅលើ​ទ្រូង​ផ្លូវថ្នល់​ក្រាល​កៅស៊ូ។
ឈ- អ្នកបើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ឡើងទៅ។
ញ- អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ផ្លាកលេខ​សម្គាល់​យាន​ដែល​រចនា​ខុសពី​លក្ខណៈ​ដើម ឬ រលុប​លេខ ឬ បាក់​ផ្លាក​បាត់​លេខ ឬ ដាក់​សម្ភារៈ ឬ វត្ថុផ្សេងៗបាំង​ផ្លាកលេខ។
ដ- អ្នកបើកបរ​យានយន្ត​មាន​អត្រា​ជាតិ​អាកុល​ចាប់ពី ០,២៥ ទៅ ០,៣៩ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ ចាប់ពី ០,៥ ទៅ ០,៧៩ ក្រាម ក្នុង​មួយ​លីត្រ​ឈាម។
ឋ- អ្នកបើកបរ​រថយន្ត​ឲ្យ​មនុស្ស​ជិះ​លើ​យាន​ដែល​កំពុង​សណ្តោង​ក្រៅពី​អ្នកបើកបរ។
ឌ- អ្នកបើកបរ​យានយន្ត​កែច្នៃ​យានយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស។
ឍ- អ្នកបើក បរ​យានយន្ត​ប្រណាំង យាន​ដោយ​គ្មាន​ការអនុញ្ញាត លើផ្លូវ​សម្រាប់ធ្វើ ចរាចរណ៍ ជា​សាធារណៈ។
 

Tag:
 ច្បាប់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com