ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកស្រី ភឿន ផា​វី ចង់​ចំណាយពេល​មួយជីវិត​ចារសាស្ត្រា​ស្លឹករឹត​ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរ
26, Jul 2015 , 3:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ចំណារ​សាស្ត្រ​ស្លឹករឹត នៅក្នុង​សង្គម​ខ្មែរ​តាំងពីដើម​រៀងមក​គេ​ពុំដែល​ឃើញ វត្តមាន​ស្ត្រី​ចារ​ឡើយ គឺមាន​សម្រាប់តែ​ព្រះសង្ឃ លោក​អាចារ្យ និង​អ្នក​ធ្លាប់​បួស​រៀន​ក្នុង​ទី​អារាម​ក្នុង​ភេទ​ជា បុរស​តែប៉ុណ្ណោះ ដែលមាន​សមត្ថភាព​អាច​ចារ​គម្ពីរ​ក្បួនច្បាប់​បុរាណ​មួយ នេះ។  ដោយឡែក​អ្នកស្រី ភឿន ផា​វី មាន​អាយុ ២៨ ឆ្នាំ មាន​សមត្ថភាព​អាច​ចារសាស្ត្រា​ស្លឹករឹត​បាន​តាំងពី​អាយុ ១៣ ឆ្នាំ ដោយ​ស្រឡាញ់​ពេញ​ចិត្តនឹង​ការងារ​មួយ​នេះ រហូត​ចាប់​ជា​អាជីព​អ្នក​ចារសាស្ត្រា​ស្លឹករឹត និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​ចំណាយពេល​មួយជីវិត ចារសាស្ត្រា​ស្លឹករឹត​ដើម្បី​អភិរក្ស​វប្បធម៌​សំណេរ​បុរាណ​របស់​ខ្មែរ និង​បើក​បង្រៀន​វិធី​ចារសាស្ត្រា​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់ កាន់តែច្បាស់​ពីសា​ស្ត្រា​ស្លឹករឹត​របស់​ខ្មែរ។

 
អ្នកស្រី ភឿន ផា​វី បាន​ឱ្យដឹងពី​ហេតុផល​មួយចំនួន​ដែល​ជំរុញ​ចិត្ត​ឱ្យ​ចាប់យក​អាជីព​ជា អ្នក​ចារសាស្ត្រា​ថា អ្នកស្រី​មានកំណើត​នៅក្នុង​គ្រួសារ​ដែលមាន​ឳ​ពុក​ជា​អ្នកចេះ​ចារ សាស្ត្រា​ស្លឹករឹត​ស្រាប់។ ស្នាដៃ​របស់​ឪពុក​ធ្វើឱ្យ​អ្នកស្រី​មានចិត្ត​ស្រឡាញ់ និង​ចាប់ផ្តើម​ហាត់រៀន​ពី​ឳ​ពុក​រហូត​ចេះ​ចាំ​យ៉ាង​ស្ទាត់ជំនាញ​ចារ​សា ស្ត្រា។ ស្រប​នឹង​និស្ស័យ​ស្រឡាញ់​សាស្ត្រា​តាំងពី​វ័យ​កុមារ អ្នកស្រី​តែង​ប្រកាន់​គំនិត​ថា ក្រៅពី​ទទួលបាន​ប្រាក់ បាន​ស្នាដៃ ក​ត្តិ​យស កេរ្តិ៍ឈ្មោះ ចារសាស្ត្រា​ក៏បាន​ចូលរួមចំណែក​ជួយ​អភិរក្ស​សំណេរ​ស្លឹករឹត​របស់ ខ្មែរ​កុំ​បាត់បង់​ផងដែរ។ 
 
ស្ត្រី​មាន​វ័យ ២៨ ឆ្នាំ​រស់នៅ​ខេត្តសៀមរាប​រូបនេះ បាន​រៀបរាប់​ឱ្យដឹងថា៖ «ខ្ញុំ​បាន​ចាប់យក​របរ​ចារសាស្ត្រា​នេះ​សម្រាប់​ចិញ្ចឹម។ របរ​ចារ​សត្រា​ស្លឹករឹត​ពុំ​អាច​កសាង​ជីវភាព​គ្រួសារ​ខ្ញុំ​ឱ្យមាន​លុយ កាត់​បានជា​ដុំកំភួន​ឡើយ ប៉ុន្តែ​បំណាច់​ចិត្ត​ស្រឡាញ់​វប្បធម៌​ខ្មែរ ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ ចង់​បន្តការងារ​របស់​ឳ​ពុក និង​មិនចេះ​ជំនាញ​អ្វី​ក្រៅពីនេះ ទើប​ខ្ញុំ​សុខចិត្ត​ចាប់យក​ការងារ​មួយ​នេះ ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​ឆ្ងាយ​ពី​ផ្ទះ​ដូច​គេ »។
 
អ្នកស្រី​បានឱ្យដឹងថា ត្បិតតែ​របរ​ចារសាស្ត្រា​ស្លឹករឹត​មិនអាច​មិនអាច​ប្រកួតប្រជែង​នឹង មធ្យោបាយ​កត់ត្រាទំនើបៗមាន​ច្រើន​ប្រភេទ​បច្ចុប្បន្ន​បាន ប៉ុន្តែ​នៅ​ថ្ងៃ​ខាងមុខ​អ្នកស្រី​នឹង​បើក​កន្លែង​បង្រៀន​ពី​របៀប​ចា រ​សាស្ត្រា​ស្លឹករឹត សម្រាប់​ឱ្យ​កូន​ខ្មែរ​បាន​ហ្វឹកហាត់ និង​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​សាស្ត្រា​ស្លឹក​រឹករ​បស់​ខ្មែរ រួមគ្នា​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​មួយ​នេះ​ឱ្យ​គង់វង្ស។ 
អ្នក​ចារសាស្ត្រា​ស្លឹករឹត​រូបនេះ បានឱ្យដឹងថា អ្នកស្រី​ធ្លាប់​ចារសាស្ត្រា​បាន​រាប់រយ​ច្បាប់​ក្នុងពេល​កន្លងទៅ ប៉ុន្តែ​ពុំ​អាច​ចាំ​ចំនួន​បាន​នោះទេ។ អតិថិជន ដែល​បាន​ជាវ​សាស្ត្រា​ភាគច្រើន​ជា​ព្រះសង្ឃ​មកពី​គ្រប់​ខេត្ត​នានា មាន​ទៅ​ពី​ទីក្រុង​ភ្នំពេញ និង​ពុទ្ធបរិស័ទ​ជាវ​សម្រាប់​ប្រគេន​ដល់​ព្រះសង្ឃ។ សាស្ត្រា​ដែល​បាន​ចារ​មានដូចជា ប្រភេទ​សាស្ត្រាល្បែង រឿង​ទសជាតក អានិសង្ស​បិណ្ឌ និ​ពា​ន្ត​សូត្រ និង​ក្បួនច្បាប់​បុរាណផ្សេងៗដែល​ចម្លង​ឡើងវិញ​ចេញពី​ច្បាប់​បុរាណ។ ចំពោះ​តម្លៃ​ក្នុង​សាស្ត្រានីមួយៗមិនអាច​កំណត់​មាន​ឡើយ​ស៊ីសង​នឹង ទំហំ​នៃ​សាច់រឿង។ តម្លៃ​ទាប​អាច​ចាប់ពី២០ ដុល្លារ និង​ខ្ពស់បំផុត​រហូតដល់ ១៥០០ ដុល្លារ​សម្រាប់​រឿង «វេស្សន្តរជាតក»។
 
ទន្ទឹមគ្នា​នេះដែរ អ្នកមាន​បទពិសោធន៍​ចារសាស្ត្រា​ស្លឹករឹត ១៥ ឆ្នាំ​រូបនេះ និយាយ​ហាក់ដូចជា​រីករាយ​នឹង​ការងារ​របស់ខ្លួន​ថា​អមដោយ​ការ​អំពាវ នាវ​ថា៖ « ទោះបី​បច្ចុប្បន្ន​ការនិយម​អាន​សាស្ត្រា ការ​ចារសាស្ត្រា និង​ការឱ្យ​តម្លៃ​ទៅលើ​ចំណារ​សាស្ត្រា​បុរាណ​មួយ​នេះ ពុំ​សូវ​មានការ​គាំទ្រ​ពី​សាធារណជន​ខ្មែរ​យ៉ាងណាក្តី ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​ធ្វើការ​ងារ​មួយ​នេះ ខ្ញុំ​រីករាយ​នឹងធ្វើ​វា… ខ្ញុំ​សុំ​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់រូប​ជួយ​លើកតម្កើង​គាំទ្រ​ស្នា ដៃ​សាស្ត្រា​ស្លឹករឹត​របស់​ខ្មែរ បើ​ខ្មែរ​មិនឱ្យ​តម្លៃ នោះ​វប្បធម៌​ខ្មែរ​នឹងមិន​រីកចម្រើន​ឡើយ »។
តាម​ការ​ឱ្យដឹងពី​អ្នកស្រី ផា​វី ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​ចារ​ស្លឹករឹត​បាន​ពី ៣ ទៅ ៤ សន្លឹក​តែប៉ុណ្ណោះ។ ការ​ចារ​ស្លឹករឹត​មានការ​លំបាក ត្រូវ​ចារ​អក្សរ​តាម​លំនាំ​អក្សរ​ខ្មែរ​នៅក្នុង​សាស្ត្រា​បុរាណ​លាយឡំ ពាក្យ​បាលី ។ លើសពីនេះ​ទៀត ដើម្បី​ចារ​អក្សរ​លើ​ស្លឹករឹត​បានទាមទារ​ឱ្យ​អ្នក​ចារ​ផ្ចង់អារម្មណ៍​យក ចិត្ត​ទុកដាក់​បំផុត។ ចារ​បានល្អ​គេ​ត្រូវ​អង្គុយ​បញ្ឈរ​ក្បាល់ជង្គង់ ដើម្បី​ឱ្យមាន​លំនឹង​ដៃ ដងខ្លួន និង​អក្សរ​ស្អាត​ល្អ។ សាស្ត្រា​ស្លឹករឹត​មួយច្បាប់​ខ្លី​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ៣ ទៅ ៤ ថ្ងៃ ឬ​ជិត​មួយខែ មិនតែប៉ុណ្ណោះ​ការស្វែងរក​ស្លឹក​ទ្រាំង​បច្ចុប្បន្ន​មានការ​លំបាក ត្រូវ​ជួល​គេ​កាប់​ពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ។
 
អ្នកស្រី ភឿន ផា​វី បាន​សង្ខេបត្រួសៗពី​របៀប​ធ្វើ​សាស្ត្រា​ស្លឹករឹត​ថា ដំបូង​ឡើយ​គេ​ត្រូវ​ជ្រើសរើស​ស្លឹក (ស្លឹក​ទ្រាំង) កាត់​ចេញពី​ដើម យកមក​ចៀរ​ទ្រនុង​ចេញរួច​យក​ស្លឹក​នោះ​ទៅ​ហាលថ្ងៃ។ បន្ទាប់ពី​ហាលថ្ងៃ​រួច គេ​ត្រូវយក​ស្លឹក​នោះ ទៅ​ហាលសន្សើម​នៅពេល​យប់ រហូតដល់​ស្លឹក​ទន់​អាច​ជូត​សម្អាត​បាន រួច​យកទៅ​តម្រៀប​កាត់​ឱ្យ​ស្មើ​ក្បាល​ស្មើ​ចុង​ដាក់បញ្ចូល​ឃ្នាប់​ទុក រយៈពេល​បី​ខែ។ គម្រប់​រយៈពេល​បី​ខែ​គេ​យក​ស្លឹក​ទាំងនោះ មក​ពិនិត្យមើល​ម្តងទៀត ក្រែង​មាន​ដុស​ផ្សឹ​ត​ត្រូវ​ដកយក​ចេញ។ បន្ទាប់មកទៀត គេ​ចាប់ផ្តើម​យក​ស្លឹក​ទាំងនោះ​ម្តងមួយៗទៅ​ឆ្អើរ​នឹង​ឱ្យ​ឆ្អិន​សព្វ រួច​តម្រៀប​ស្លឹក​បញ្ចូល​ក្នុង​ឃ្នាប​តូច​មាន​ចំនួន ១០០ សន្លឹក ដើម្បី​យកទៅ​ឈូស​តម្រឹម​ឱ្យ​ស្អាត (ឈូស​ម្តង១០០ សន្លឹក) ទម្លុះ​ចំ​កណ្តាល​ដើម្បី​ដោត​ខ្សែ  រួច​ចាប់ផ្តើម​វាយ​បន្ទាត់ ៥ ជួរ​ទាំងសងខាង​ក្នុង​ស្លឹកនីមួយ។
 
បន្ទាប់ពី​វាយ​បន្ទាត់​រួច គេ​ចាប់ផ្តើម​ចារ​អក្សរ​ដោយ «ដែកចារ» ធ្វើ​ពី​ឈើមូល​ប៉ុន​មេដៃ ប្រើ​ដោយ​មុខ​ម្ជុល​តូច។ គេ​ប្រើ «ទឹក​ខ្មុក » បានមកពី​ម្រែងភ្លើង​ចង្កៀងប្រេងកាត​លាយ​ទឹកឃ្មុំ ដើម្បី​លាប​លើ​អក្សរ​ដែល​ចារ​រួច​ឱ្យ​ដិត​ច្បាស់​ល្អ។ ស្លឹក​ដែល​ចារ​ត្រូវមាន​លក្ខណៈ​ឆ្អិន​មិន​ទន់​ខ្លាំង​មិន​ស្រួយ​ខ្លាំង ហើយ​មុននឹង​ចារ​បាន​គេ​ត្រូវ​រៀបចំ​ពិធី​សែន​រំឭក​គុណ​ព្រះ​ពិស្ណុការ​ផង ដែរ។ បន្ទាប់ពី​លាបទឹក​ខ្មុក​រួច ត្រូវ​ផ្ទៀងផ្ទាត់​អក្សរ​ឡើងវិញ រួច​បញ្ចូល​ក្នុង​ឃ្នាប​ម្តងទៀត បាញ់ថ្នាំ​ពណ៌​ទឹកមាស​ពី​ចំហៀង​សាស្ត្រា​ស្លឹករឹត​ជាការ​ស្រេច។
 
អ្នកស្រី ភឿន ផា​វី បច្ចុប្បន្ន​រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប។ អ្នកស្រី ផា​វី ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់​អាយុ ៤ ឆ្នាំ ស្វាមី​ស្លាប់​ដោយ​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍។ អ្នកស្រី ភឿន ផា​វី រស់នៅ​ជាមួយ​ម្តាយ​វ័យ​ចំណាស់​មាន​បងប្រុស​ពីរ​នាក់​ប្រកបរ​បរជា​អ្នក ចារសាស្ត្រា​ស្លឹករឹត​ដូចគ្នា។ អ្នកស្រី ជា​កូនស្រី​ពៅ​នៅក្នុង​គ្រួសារ​ចេះ​ចារសាស្ត្រា​ស្លឹករឹត​មុនគេ បន្ទាប់ពី​ឳ​ពុក។ គ្រួសារ​របស់​អ្នកស្រី ផា​វី ប្រកប​របរ​សាស្ត្រា​ស្លឹករឹត ចាប់តាំងពី​អ្នកស្រី​នៅ​វ័យ​កុមារ។ រហូតមកទល់​ពេលនេះ មានតែ​គ្រួសារ​អ្នកស្រី​មួយ​ទេ តែ​ប្រក​បរបរ​នេះ​ជាប់លាប់​និង​ជួល​គេ​មកជួយ​ចារសាស្ត្រា។
 
សូម​រម្លឹកថា សន្លឹក​សាស្ត្រា​ត្រូវបាន​គេ​ផលិតឡើង​ចេញពី​ស្លឹក​ទ្រាំង​យកមក កែច្នៃ​តាម​វិធីផ្សេង។ ស្លឹករឹត ដែល​ចារ​រួច​ត្រូវបាន​យកមក​ចងក្រង​ជា​សាស្ត្រា​ក្បួនខ្នាត មាន​ជា​អត្ថបទ​ធម៌អាថ៌​ក្នុង​ព្រះពុទ្ធសាសនា ច្បាប់​ទូន្មាន របាក្សត្រ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ខ្សែ​រឿង​ជា​សាស្ត្រាល្បែង ក្បួន​ទស្សន៍ទាយ ក្បួន​ព្យាបាល​ជំងឺ និង​ក្បួន​វេទមន្ត ផ្សេងៗ … ។ សាស្ត្រា​ស្លឹករឹត ឬ សត្រា​ស្លឹករឹត កើតឡើង​ក្រោយ​សម័យអង្គរ​វិត្ត​ន៍​ខ្លួន​ចេញពី​ចំណារ​លើ​ផ្ទាំង ថ្ម (សិលាចារឹក) រហូតដល់​សម័យ​ជឿនលឿន​មាន​រោង​ពុម្ព​សម្រាប់​បោះពុម្ព​សៀវភៅ ដោយ​ក្រដាស​ជំនួស​វិញ៕
 
 
 

Tag:
 WMC
© រក្សាសិទ្ធិដោយ thmeythmey.com