សង្គមអន្តរជាតិ​
អន្តរជាតិ
វៀ​តណា​ម​ថ្កោលទោស​ចិន​រឿង​សមយុទ្ធ​ និង​ថា​ចិន​ក្រឡិចក្រឡុច​ខ្លាំង
26, Jul 2015 , 5:20 pm        
រូបភាព
ក្រុង​ហាណូយ​ស្រាប់តែ​ចេញមុខ​ថ្កោលទោស​ក្រុង​ប៉េកាំង​រឿង​បញ្ចេញ​សាច់ដុំ​យោធា​ដោយ​បញ្ជូន​ទ័ព​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សមយុទ្ធ​កងទ័ព​ចិន​ធ្វើឡើង​រយៈពេល១០ថ្ងៃ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ថ្ងៃទី២២កក្កដា​រហូតដល់​ចុងខែ។ ចិន​បាន​ប្រាប់ថា ខ្លួន​គ្មាន​គម្រោង​គំរាមកំហែង​អ្នកណា​ទេ ព្រោះ​សមយុទ្ធ​ចិន​ធ្វើជា​ប្រចាំ ហើយ​មុន​មាន​សមយុទ្ធ​នេះ​ចិន​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ។



ស្តាប់សំឡេង

 
រដ្ឋាភិបាល​ក្រុង​ហាណូយ​ចាប់ផ្តើម​ស្រែក​ថ្កោលទោស​សកម្មភាព​សមយុទ្ធ​យោធា​របស់​ក្រុង​ប៉េកាំង នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ស និង​ទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​យោធា​នេះ​ផងដែរ។ ការទាមទារ​នេះ​កើតឡើង ក្រោយ​ពេលដែល​ទាហាន​ចិន​ចាប់ផ្តើម​លំ​ហាត់​យោធា​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រយៈពេល ១០ថ្ងៃ ចាប់ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន រហូតដល់​ចុងខែ​កក្កដា​នេះ។ 
 
អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោក Le Hai Binh បានទាមទារ​ឲ្យ​ចិន​បញ្ឈប់​សមយុទ្ធ​យោធា​នេះ​ជា​ប្រញាប់ ដោយ​លោក​លើកឡើងថា​ចិន​កំពុង​រំលោភ​អធិបតេយ្យ​វៀតណាម និង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អ្នកនាំពាក្យ​រូបនេះ​ក៏​ទិតៀន​រដ្ឋាភិបាល​ចិន​យ៉ាងខ្លាំង​ដែរ។ លោក​ថា សកម្មភាព​រំលោភ​ចូល​អធិបតេយ្យ​វៀតណាម​របស់​ចិន​ជា​ហូរហែរ​នេះ វា​មិន​ខុស​អ្វី​ពី​ក្មេង​បៀម​ដៃ ក្រឡិចក្រឡុច​ខ្លាំង  ព្រោះ​កន្លងមក​មេដឹកនាំ​ចិន​បាន​សន្យា​ហើយ​ថា​មិន​ធ្វើ​អ្វីដែល​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​តំបន់​ទៀតឡើយ។
 
អ្នកនាំពាក្យ​រូបនេះ ចង់​សម្តៅ​ដល់​ការសន្យា​របស់​តំណាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កន្លងមក​ដែល​បានមក​ទស្សនកិច្ច​នៅ​វៀតណាម​មួយ​សប្តាហ៍ មុនពេល​មាន​សមយុទ្ធ​យោធា​នេះ។ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Zhang Gaoli ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម និង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​អះអាង​រួចហើយ​ថា ចិន​នឹង​ប្រឹងប្រែង​ចាប់យក​វប្បធម៌​សន្ទនា និង​រក​ដំណោះស្រាយ ដើម្បី​ទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ។ 
 
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​ចិន​បានបញ្ជាក់​យ៉ាងច្បាស់​ថា សមយុទ្ធ​យោធា​ជើង​ទឹកជា​រឿង​សាមញ្ញ​ដែល​ចិន​ធ្លាប់​ធ្វើជា​ញឹកញយ​មកហើយ។ ចិន​គ្មាន​ចេតនា​គំរាម​គំហែង​ក្រុង​ណា រដ្ឋ​ណា ឬ​ភាគី​ណា​ក្នុង​តំបន់​នោះទេ។ អ្វីដែល​ភាគី​ចិន​បាន​សង្កត់ធ្ងន់​នោះ​គឺ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បែបនេះ​មិនមែន​នឹកឃើញ​ចង់​ធ្វើ គឺ​ធ្វើ​ភ្លាម​ឡើយ តែ​ចិន​បាន​ចំណាយពេល​ជាច្រើន​ខែ​មុន​មាន​បញ្ហា​តានតឹង​កើតឡើង ដើម្បី​រៀបចំ​ផែនការ​សមយុទ្ធ​យោធា​នេះ៕ 
 

Tag:
 វៀតណាម
 ចិន
 សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com