មុត សាវ៉ៃ ប្រឡងច្រៀងក្នុងកម្មវិធី Cambodian Idol ប៉ុន្តែបង្ហាញសមត្ថភាពខ្ពស់ផ្នែកវោហាសព្ទ
× មុត សាវ៉ៃ បានទទួលចម្លើយ «Yes» ៣ និង «No» ១ ក្នុងកម្មវិធី Cambodian Idol របស់ទូរទស្សន៍ហង្សមាស ក្រោយបកស្រាយបទចម្រៀងដែលមានចំណងជើង«ជាតិក្រោយសុំធ្វើប្រពន្ធបង»។ ឱកាសក្នុងការឈានទៅកាន់វគ្គបន្តរបស់យុវតីវ័យ១៩ឆ្នាំរូបនេះ មិនមែនដោយសារទេពកោសល្យនៃការបកស្រាយចម្រៀងទាំងស្រុងនោះឡើយ ប៉ុន្តែអ្វីដែលទាក់ទាញនោះ គឺការនិយាយបែបកំប្លែងស្ងួតរបស់ សាវ៉ៃ។
កញ្ញា មុត សាវ៉ៃ ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម ហើយពេលទំនេរ នាងរកស៊ីថតរូបនៅភ្នំប្រុសភ្នំស្រី។ នៅក្នុងកម្មវិធី Cambodian Idol បេក្ខនារីរូបនេះ បានផ្តល់ភាពសប្បាយរីករាយយ៉ាងខ្លាំងដល់សមាជិកគណៈកម្មការទាំង៤ គឺលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណារាជ និងកញ្ញា ឱក សុគន្ធកញ្ញា ដោយឃ្លីបវីដេអូមានដំណើររហូតដល់ទៅជាង២០នាទី។
តារាចម្រៀងទាំងបួនសុទ្ធតែទទួលស្គាល់ថា សំឡេងរបស់ មុត សាវ៉ៃ នៅមានកម្រិត ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺជំនាញវោហាសព្ទ បែបកំប្លែងស្ងួត និងភាពក្លាហានរបស់នាង។ សាវ៉ៃ បានអះអាងថា ខ្លួនត្រូវបានមិត្តភ័ក្ត្រ និងអាចារ្យណែនាំឲ្យចូលប្រឡងក្នុងកម្មវិធី Idol ដោយសារតែនាងធ្លាប់ច្រៀងដាក់មេក្រូនៅវត្ត។
សាវ៉ៃ បានអះអាងផងដែរថា ខ្លួនច្រៀងមិនសូវពិរោះដោយសារតែមិនមានទម្លាប់ពាក់ស្បែកជើងកែង។ លោក ព្រាប សុវត្ថិ បានប្រាប់ឲ្យនាងដោះស្បែកជើង ហើយទៅហៅម្តាយ និងបងប្អូនដែលមកគាំទ្ររូបនាងចូលក្នុង។ សាវ៉ៃ បានអះអាងថា ម្តាយ និងបងប្អូនរបស់នាង សុទ្ធតែចំណាយលុយខ្លួនឯងដើម្បីមកគាំទ្រនាង។
កូនពៅក្នុងគ្រួសារដែលមានបងប្អូន៥នាក់រូបនេះ បានបញ្ជាក់បែបកំប្លែងស្ងួតផងដែរថា ក្នុងដំណើរពីកំពង់ចាមមកភ្នំពេញ នាង និងអ្នកគាំទ្ររបស់ខ្លួនត្រូវចំណាយយ៉ាងតិចបំផុត៥ដុល្លារអាមេរិក។ លោក ព្រាប សុវត្ថិ សួរថា«តើចង់ឈប់ចំណាយលុយ ឬយ៉ាងណា?» ។ បេក្ខនារី សាវ៉ៃ ឆ្លើយថា «នាងបន់ឲ្យតែជាប់ ទោះអស់លុយធ្វើដំណើរមកទៀតក៏អស់ទៅ»។
លោក ណុប បាយ៉ារិទ្ធ បានផ្តល់ចម្លើយខកចិត្តដល់នាង គឺ «No» ប៉ុន្តែលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា និងចុងក្រោយគេ លោក ឆន សុវណ្ណារាជ បានឆ្លើយ «Yes» ដោយរំពឹងថា នាងនឹងមានការអភិវឌ្ឍខ្លួនលើសំនៀង ហើយបន្តផ្តល់ភាពសប្បាយរីករាយដល់ទូរទស្សនិកជន៕
ទស្សនាវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com