ជាតិ
អ្នកជំនាញ​កសិកម្ម​អំ​ពា​វ​នាវ​ឲ្យ​កសិករ​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​គីមី
28, Jul 2015 , 12:33 pm        
រូបភាព
សៀមរាប៖ ក្រុម​អ្នកជំនាញ​ផ្នែក​កសិកម្ម ដែល​មកពី​ស្ថាប័ន​រដ្ឋាភិបាល និង​អង្គការ បាន​អំពាវនាវ​ដល់​កសិករ ឲ្យ​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី។ ការប្រើប្រាស់​ជីគីមី​នៅលើ​ដំណាំ​កសិកម្ម គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​អ្នកប្រើប្រាស់ អ្នក​បរិភោគ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន។



អង្គការ GIZ ដែល​គេ​ស្គាល់​ថា ជា​អង្គការ​កសិកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​អាឡឺម៉ង់ បាន​ជំរុញ​ឲ្យ​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងអស់ ងាក​មកប្រើប្រាស់​ជីធម្មជាតិ ជំនួស​ជីគីមី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង។ តាម​ការសិក្សា មាន​កសិករ​ប្រមាណ៨០ភាគរយ ក្នុងចំណោម​កសិករ​ទាំង៨៥ភាគរយ​នៅ​កម្ពុជា កំពុង​ប្រើប្រាស់​ជី​គីម ឫ​ថ្នាំពុល​កសិកម្ម។

វេទិកា​ថ្នាក់ជាតិ ស្តីពី​បទដ្ឋាន​គតិយុត្តិ​ក្នុងការ​ប្រើប្រាស់ និង​ការធ្វើ​ពាណិជ្ជកម្ម​ភ្នាក់ងារ​ជីវសាស្ត្រ ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា បានធ្វើ​ឡើង​នៅ​ទីក្រុង​សៀមរាប។ វេទិកា​រយៈពេល២ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ កក្កដា មាន​កសិករ​ប្រមាណ១០០នាក់ មកពី​បណ្តា​ខេត្ត​ផ្សេងគ្នា។ ហើយ​គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​រក​មធ្យោបាយ ផ្លាស់ប្តូ​រការ ការប្រើប្រាស់​ជីគីមី ដែល​កសិករ​ខ្មែរ​កំពុងមាន​អត្រា​ប្រើប្រាស់​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភ។

លោក ប្រាក់ ជា​ថូ អគ្គនាយករង អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​ក្រសួង​កសិករ បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​សា​ធាតុគីមី គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើ (កសិករ) អ្នកប្រើប្រាស់ និង​ជាពិសេស​គឺ​បំពុល​ដល់​បរិស្ថាន​ផងដែរ។ យ៉ាងណាមិញ លោក ជា​ថូ អះអាងថា ការប្រើប្រាស់​សារធាតុ​គីមី​នៅ​កម្ពុជា មិនទាន់​ប្រកាសអាសន្ន​នៅឡើយ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ក្បែរ​ខាង។

មន្ត្រី​នៃ​ក្រសួងកសិកម្ម លោក ប្រាក់ ជា​ថូ បាន​អំពាវនាវ​ឲ្យ​កសិករ​ទាំងអស់ គួរ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​ទៅលើ​ដំណាំ​កសិកម្ម​របស់​ពួកគេ ដោយ​ក្នុងនោះ​គួរ​ងាក​មកប្រើប្រាស់​ជីធម្មជាតិ ឫ​ប្រភេទ​ជី ដែល​អាច​ផលិត​ដោយ​ខ្លួនឯង មាន​ជី​កំ​ប៉ោ​ស​ជាដើម ហើយ​គួរប្រើ​ប្រើ​ប្រភេទ​ជីគីមី ដែលមាន​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម ដែលមាន​ហានិភ័យ​តិចតួច។

នាយក​កម្មវិធី​បរិស្ថាន និង​សុខភាព​នៃ​អង្គការ​សេ​ដាក លោក គា​ម មករា​ឌី បាន​ឲ្យ​ដឹងថា កសិករ បាន​ប្រើប្រាស់​ជីគីមី​ទៅលើ​ស្រែប្រាំង​របស់​ពួកគេ ស្ទើ​តែ១០០ភាគរយ។ ក្រៅពីនោះ ដំណាំ​អំពៅ និង​បន្លែ ក៏​ជា​ប្រភេទ​ដំណាំ​ដែលមាន​ការប្រើប្រាស់​ជីគីមី​ច្រើន​ផងដែរ។ លោក មករា​ឌី ពន្យល់ថា សារធាតុ​គីមី ត្រូវបាន​បែងចែក​ជា២ប្រភេទ មាន​ជី​កសិកម្ម និង​ថ្នាំពុល​កសិកម្ម។ ជី​កសិកម្ម ប្រើប្រាស់​ច្រើន​ទៅតាម​ប្រភេទ​ដំណាំ មាន​ស្រែវស្សា និង​ស្រែប្រាំង ចំណែក​ថ្នាំពុល​កសិកម្ម កសិករ​ប្រើប្រាស់​ទៅលើ​ប្រភេទ​បន្លែ។

យ៉ាងណាមិញ តាម​ការបញ្ជាក់​ពី​មន្ត្រី​បរិស្ថាន និង​សុខភាព​នៃ​អង្គការ​សេ​ដាក ទាំង​ជី និង​ថ្នាំពុល​កសិករ សុទ្ធសឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ផលិត និង​អ្នកប្រើប្រាស់។ វា​អាចធ្វើ​ឲ្យ​កសិករ​ពុល​នៅពេល​ប្រើប្រាស់ ហើយ​អ្នក​ទទួលទាន ពុល​ដោយសារ​ការ​រាគ​រួស និង​ធ្វើ​ឲ្យ​សុខភាព​ចុះខ្សោយ​ជា​លំដាប់។ លោក​ស្នើ​ឲ្យ​កសិករ គួរ​យល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ និង​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​សារធាតុ​គីមី។ លោក មករា​ឌី រំពឹងថា ក្នុង​វេទិកា​ដែល​រៀបចំឡើង​ដោយ​អង្គការ GIZ នឹង​អាច​រក​វិធីសាស្ត្រ​ឲ្យ​កសិករ​ជំនួស​ការប្រើប្រាស់​សារធាតុ​គីមី​ទៅ​ថ្ងៃ​ខាងមុខ។

គួរ​បញ្ជាក់ថា ក្នុង​វេទិកា​រយៈពេល២ថ្ងៃ​នៅ​សណ្ឋាគារ រី​ជីន​ស៊ី អង្គរ នេះដែរ កសិករ​ទាំងអស់ ក៏មាន​ឳ​កាស​ចុះទៅ​កន្លែង​ដាំ​ដុះ​របស់​កសិករ​នៅតាម​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com