ជាតិ
បទវិភាគ
រឿង​ស៊ី​ក្បាលកាក់
28, Jul 2015 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន
ដោយ​ស្ត្រី​ខ្មែរ

www.streikhmer.wordpress.com
[email protected]


ថ្ងៃនេះ​ខ្ញុំ​មានឱកាស​បាន​អង្គុយ​ធ្វើការ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។វា​ពិត​ដូច​ពាក្យ​រៀមច្បង​អ្នកសារព័ត៌មាន ដែលមាន​ប្រសា​ស​ន៏​ថា ប្រភពព័ត៌មាន​មួយចំនួន​ចេញពី​ហាង​កាហ្វេ​មែន។ លើក​នេះ ខ្ញុំ​មានសំណាង​បាន​ស្តាប់​ប៉ះ​សុទ្ធតែ​រឿង​ពុករលួយ។ ខ្ញុំ​សូម​លើកយក​ករណី​មួយ​យកមក​វិភាគ​ក្នុង​អត្ថបទ​នេះ។



បុរស​ម្នាក់​ក្នុង​សម្លៀកបំពាក់​សមរម្យ អាវយឺត​ក្រឡា​ម៉ាក​ប៉ូ​ឡូ ខោ​ខូវប៊យ កាន់​ទូរ​សព្ទ​ទំនើប​ចំនួន​ពីរ​និយាយ​ប្តូរ​គ្នាចុះឡើងៗ ។ តាម​ស្តាប់​សំដី​បន្តិច ខ្ញុំ​អាច​យល់បាន​ថា គាត់​ជា​អ្នកម៉ៅការ​ចាក់​បេតុង​អោយ​បណ្តា​សំណង់​អគារផ្សេងៗក្នុង​រាជធានី​ភ្នំពេញ។ រយៈពេល​ជាង​ពីរ​ម៉ោង​ដែល​បុរស​រូបនោះ​អង្គុយ​ក្នុង​ហាង​កា​ហេ្វ គាត់​និយាយ​ទូរ​សព្ទ​ផ្លាស់ប្តូរ​ចុះឡើង​រហូត បានន័យថា​គាត់​មាន​អតិថិជន​ច្រើនណាស់។ ចំណុច​គួរអោយ​ចាប់អារម្មណ៍​ក្នុង​កិច្ចសន្ទនា​របស់គាត់​គឺ គាត់​ទុកអោយ​អ្នកម៉ៅការ​សំណង់​ដែល​ទាក់ទង​អោយ​គាត់​ចាក់​បេតុង​នោះ​ចំណេញ២ដុល្លា​អា​មេ​រិច​ក្នុង​ការចាក់​បេតុង​មួយ​ឡាន រីឯ​វិ​ក័យ​ប​ត្រ​តំលៃ​គឺ​បត់បែន​ទៅតាម​បរិមាណ​ទឹកប្រាក់​ដែល​អ្នកម៉ៅការ​សំណង់​ត្រូវការ។ ខ្ញុំ​ចាប់ផ្តើម​វិភាគ​ភ្លាម​ថា ករណីនេះ ជា​អំពើពុករលួយ តែ​តើ​វា​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​អត់?

តាម​ប្រសាសន៍​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៥ក្នុង​កម្មវិធី​ប្រកាស​ជ័យលាភី​អ្នកកាសែត​ឆ្នើម​នោះ លោក​បាន​លើកឡើងថា បទ​លើ្ម​ស​ស៊ីសំណូក​មាន​ប្រសិទ្ធភាព​តែ​ចំពោះ​មន្ត្រីរាជការ​សាធារណៈ និង​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត​តែប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំ​សូម​យក​ករណីនេះ​យកមក​វិភាគ​ដើម្បី​កំដរ​ការ​អផ្សុក។

បើ​បុគ្គល​រួប​នោះបាន​សូក ឬ​ផ្តល់​ប្រាក់ចំណេញ​នោះ​ដល់​អ្នកម៉ៅការ​ដែល​បំពេញការងារ​ក្នុង​ក្រុមហ៊ុន ក៏​បុគ្គល​នោះ​អាច​ត្រូវ​ច្បាប់​ដាក់ទោស​ក្នុង៣ករណី៖
ករណី​ទី១៖ ទោស​កិបកេង​គៃបន្លំ​ដែលមាន​ចែង​ក្នុង​ច្បាប់​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​សាងសង់ ដោយសារ​អ្នកម៉ៅការ​រូបនេះ​បានជ្រើសរើស​អ្នក​ចាក់​បេតុង​ដោយយោង​ទៅតាម​ផលប្រយោជន៍​ដែល​ខ្លួន​ទទួលបាន​ក្រៅផ្លូវការ និង​ការ​ក្លែង​វិ​ក័យ​ប​ត្រ។
ករណី​ទី២៖ សំណង់​ដែល​មានការ​សាងសង់ឡើង និង​ហ៊ុំ​ព័​ទ្ឋ​ទៅដោយ​អំពើពុករលួយ​ត្រូវបាន​សន្មត​ថា​ជា​សំណង់​ដែល​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស ព្រោះ​ការផ្តល់​សំណង​ក្រៅផ្លូវការ​របស់​អ្នក​ចាក់​បេតុង អាចធ្វើ​ទៅបាន​លុះត្រា​បុគ្គល​រូបនេះ​បានទទួល​ផលចំណេញរ​បស់​ខ្លួន​ដូចគ្នា។ ដូច្នេះ​ម្ចាស់​ម៉ៅការ​សាងសង់​ក៏​មិនអាច​ចាប់ទោស​អូស​ដំណើរ​ដល់​អ្នក​ចាក់​បេតុង​ដែល​ចាក់​បំពេញ​បេតុង​ក្នុង​កម្រិត​គុណភាព​ទាប​ជាង​ស្តង់ដារ​បានឡើយ ព្រោះ​ខ្លួន​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ក្នុងនោះដែរ។ ដូច្នេះ​អ្នកម៉ៅការ និង​ក្រុមហ៊ុន​នោះ​អាច​ទទួល​វិធានការ​រដ្ឋបាល​ដោយមាន​ការផ្អាក​ដំណើរការ​សាងសង់​ជា​បណ្តោះអាសន្ន​ដើម្បីអោយ​មាន​ជួសជុល ឬ​សាងសង់​កែតម្រូវ ប្រសិនបើ​ការវិភាគ​លើ​គុណភាព​សំណង់​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​សាធារណៈ​នៃ​ក្រសួង​ដែនដី សំណង់ និង​នគរូបនីយកម្ម ហើយ​រកឃើញថា​សំណង់​នោះ​មាន​គុណភាព​ទាប​ជាង​ស្តង់​ការកំណត់​ពិតមែន។ ក្នុងករណី​មិនមាន​ការជួសជុល ឬ​កែប្រែ ក្រុមហ៊ុន​សាងសង់​នោះ​អាច​ទទួល​ការប្តឹង​ពីបទ​សំណង់​ខុសច្បាប់ ឬ​សំណង់​ខុស​បច្ចេកទេស។
ករណី​ទី៣៖ ប្រសិនបើ​ការវិភាគ​លើ​គុណភាព​សំណង់​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកជំនាញ​សាធារណៈ​នៃ​ក្រសួង​ដែនដី សំណង់ និង​នគរូបនីយកម្ម ហើយ​រកឃើញថា​សំណង់​នោះ​មាន​គុណភាព​ទាប​ជាង​ស្តង់ដារ​កំណត់ តែ​មន្ត្រី​រូបនោះ​មិន​ធ្វើ​ការណែនាំ ឬ​ផ្អាក​ការសាងសង់​ដោយសារ​ទទួលបាន​អំណោយ​ក្រៅផ្លូវការ​អ្វីមួយ​ពី​ក្រុមហ៊ុន​សាងសង់ មន្ត្រី​រូបនោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ពី៧ដល់១៥ឆ្នាំ​ក្នុង​បទ​លើ្ម​ស​ស៊ីសំណូក​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត ដែលមាន​បញ្ញត្ត​ក្នុង​មាត្រា​ទី៥៩៤  នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទន្ទឹមនឹងនោះ បុគ្គល​ដែល​សូក​មន្ត្រី​ជំនាញ​រូបនោះ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ពី៥ទៅ១០ឆ្នាំ​ពីបទ​សូកប៉ាន់​ដល់​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត ដែលមាន​បញ្ញត្ត​ក្នុង​មាត្រា​ទី៦០៥  នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ផ្ទុយទៅវិញ បើ​ម្ចាស់​ម៉ៅការ​សំណង់​ខាងលើ​ដែល​ទទួល​កម្រៃ​បន្ថែមចំនួន២ដុល្លា​អា​មេ​រិច​ក្នុង​ការចាក់​បេតុង​មួយ​ឡាន​នោះ​គឺជា​មន្ត្រីរាជការ​ជំនាញ និង​កំពុង​សាងសង់​អគារ​សាធារណៈរដ្ឋ​ណាមួយ​វិញ មន្ត្រី​ជំនាញ​ម្នាក់​នោះ​អាច​ទទួលទោស​ដូចដែល​រៀបរាប់​ខាងលើ​នៃ​បទ​លើ្ម​ស​ស៊ីសំណូក។ រីឯ​អ្នកម៉ៅការ​ចាក់​បេតុង​វិញ ក៏​ជាប់ទោស​ពីបទ​សូកប៉ាន់​ផងដែរ។

តែ​សរុប​មកវិញ អ្នក​ដែល​ទទួល​កម្ម​មុនគេ​គឺ​យើងខ្ញុំ​ដែលជា​ប្រជាពលរដ្ឋ ហើយ​ត្រូវ​រស់នៅក្នុង​អគារ​ដែល​សាងសង់​ខុស​លក្ខខណ្ឌ​បច្ចេកទេស​ទៅវិញ​ទេ។ កន្លងមក​យើង​ធ្លាប់​ឃើញ​រួចមកហើយ​នូវ​ការបាក់​ពិ​ដាន នៃ​អគារ​រោងចក្រ​កាត់ដេរ និង​សំណង់ផ្ទះ​លែ្វ​ង ឬ​អគារ​ដែល​បាន​បង្កអោយមាន​កម្មក​រ​កាត់ដេរ និង​កម្មករសំណង់​ស្លាប់ និង​របួសជារឿយៗ ។ ក៏ប៉ុន្តែ​គ្រោះថ្នាក់​ទាំងនេះ​ត្រូវ​កន្លងផុតទៅស្ងាត់ៗទាំង​គ្មាន​អ្នកទទួលខុសត្រូវ​លើ​គុណភាព​សំណង់​ទាំង​នោះឡើយ។

ក្នុងនាម​ជា​ប្រជាពលរដ្ឋ យើងខ្ញុំ​សូមអោយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ជំនាញ​មេត្តា​យកចិត្តទុកដាក់​ក្នុង​បញ្ហា​ទាំងនេះ​ផង ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិ​វ​ឌ្ឈ​ន៏ មានការ​ដុះ​រីកលូតលាស់​នៃ​សំណង់​គ្រប់​ប្រភេទ។ ប៉ុន្តែ​គុណភាព​សំណង់​ទាំងនោះ​ពិតជា​ស្ថិតក្នុង​ស្ថានភាព​គួរអោយ​ព្រួយបារម្ភ​យ៉ាងខ្លាំង៕




© រក្សាសិទ្ធិដោយ thmeythmey.com