អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ​រុះរើ​មន្ត្រី​រដ្ឋាភិបាល​ជាថ្មី​ស្តារ​សេដ្ឋកិច្ចជាតិ ឬ​ពង្រឹង​អំណាច?
28, Jul 2015 , 7:59 pm        
រូបភាព
ដោយ:
 
រយៈពេល​ជិត​មួយឆ្នាំ​ហើយ​នៃ​ការបង្កើត​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​យោធា​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ដែល​ធំជាងគេ​លំដាប់​ទី២នៅក្នុង​អាស៊ាន​បាន​មានការ​ធ្លាក់ចុះ។ការប្រែប្រួល​នេះ​បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី ដោយ​លោក​គ្រោង​នឹង​រុះរើ​សមាជិក​រដ្ឋាភិបាល​មួយចំនួន​ឡើងវិញ។


ទំនងជា​មិនអាច​ទ្រាំ​នឹង​ការ​រិះ​ពី​សំណាក់​ប្រជាជន​លើ​របប​សឹក​យោធា​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន់​អូ​ចា​បានសម្រេច​រុះរើ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច។ ការសម្រេច​រុះរើ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​នេះ​លើកឡើង​ស្របពេល ជាមួយគ្នា នៃ​ការលើកឡើង​ពី​ការពន្យារពេល នៃ​ការបោះឆ្នោត​សារជាថ្មី​ទៅ​ឆ្នាំ២០១៧ ដោយសារ​មិនទាន់​បញ្ចប់​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​ផងដែរ។

ក្រោយ​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ាត​ត្រា​ថ្ងៃទី២២ ឧសភា ឆ្នាំ២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ត្រូវបាន​ព្រះមហាក្សត្រ​ថៃ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ខែកញ្ញា​បន្ទាប់ពី​ពេលនោះ។យ៉ាងណាក៏ដោយ​រយៈពេល​ជិត​មួយឆ្នាំ​នៃ​បង្កើត​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​យោធា មិនបាន​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មាន​ភាពកក់ក្តៅ​និង​ទំនុកចិត្ត​នោះទេ​ព្រោះ​មាន​បញ្ហា​ជាច្រើន​ដែល​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។ ជាពិសេស​នោះ​គឺ​បញ្ហា​នៃ​រដ្ឋបាល​គ្រប់គ្រង​ដែល​ភាគច្រើន​គឺជា​សមាជិក​យោធា។

ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ បាន​បញ្ជាក់ថា នឹងមាន​ការផ្លាស់ប្តូរ​នៅក្នុង ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​នៅក្នុងពេល​ខាងមុខនេះ។ ក៏ប៉ុន្តែ សមាជិក​ថ្មី​ទាំងនេះ មិនត្រូវ​បាន រាប់បញ្ចូល​អ្នកនយោបាយ​នោះទេ។ មួយវិញទៀត​សម្រាប់​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច គឺ មិនមែន​មកពី​បញ្ហា​ខាងក្នុង​តែមួយ​ផ្នែក​នោះទេ តែ​វា​ក៏​ចំណែក​មួយ​នៃ​បញ្ហា​សេដ្ឋកិច្ចពិភពលោក​ផងដែរ។

អ្វីដែល​គួរកត់សម្គាល់​នោះ ការគ្រោង​ផ្លាស់ប្តូរ​សមាជិក​រដ្ឋាភិបាល​ថ្មី​នេះ ត្រូវបាន​លេចឡើង ស្របពេល​ដែលមាន​ពត៌មាន​នៃ​ការពន្យារពេល​នៃ​ការបោះឆ្នោត​ជាស​កល​ទៅ​ឆ្នាំ២០១៧ ផងដែរ។ ភាពស្របគ្នា​នេះ បាន​ក្លាយជា​ចំណោទបញ្ហា​មួយ​សម្រាប់​អ្នកវិភាគ​ថា​តើ​ការផ្លាស់ប្តូរ យុទ្ធសាស្ត្រ​នេះ គឺ​គ្រាន់តែ​ដើម្បី​កែទម្រង់សេដ្ឋកិច្ច ឬ​ជាការ​ពង្រឹង​អំណាច​របស់លោក​បន្តទៅ ទៀត៕



Tag:
 ប្រា​យុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com