ជាតិ
បទវិភាគ
កម្ដៅ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​កំពុង​កើនឡើង!
28, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ក្រោយ​ការបោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ កាលពី​ខែកក្កដា ឆ្នាំ២០១៣ សភាពការណ៍​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាព​តានតឹង ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​មួយឆ្នាំ។ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ២២ ខែកក្កដា  ឆ្នាំ២០១៤ សភាពការណ៍​នយោបាយ​ចាប់ផ្ដើម​ធូរស្រាល​ជា​បន្តបន្ទាប់ ដោយ​គណបក្ស​ទាំងពីរ​ព្រម​ចូល​ចរចា​ដើម្បី​ស្វែងរក​ដំណោះស្រាយផ្សេងៗ និង ព្រម​ចូលធ្វើការ​ជាមួយគ្នា​ក្នុង​រដ្ឋសភា។ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​នេះ បក្ស​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា ដោយមាន​សភាព​ល្អ​ផង និង​មិនល្អ​ផង ដែល​យើង​អាច​និយាយបានថា នេះ​គឺជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង​ក្នុងសង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែ ក្នុង​រយៈពេលថ្មីៗនេះ គឺ​ជិត​ដល់ពេល​គម្រប់​ខួប​មួយឆ្នាំ នៃ​កិច្ចព្រមព្រៀង​នយោបាយ រវាង​បក្ស​ទាំងពីរ គឺ​មុនពេល​ចូល​មកដល់​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ កម្ដៅ​នយោបាយ​រវាង​បក្ស​ទាំងពីរ​ហាក់ដូចជា​កំពុងតែ​ឡើង​យ៉ាងខ្លាំង គួរឱ្យគត់សម្គាល់។ តើ​មាន​អ្វី​នៅ​ពីក្រោយ​ការឡើង​កម្ដៅ​នេះ?  



គួររម្លឹកថា ក្រោយ​ការបោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០១៣ ភា្ល​ម កម្ដៅ​នយោបាយ​ក្នុងសង្គម​ខ្មែរ​បាន​ឡើងដល់​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ។ ពេលនោះ មានការ​ចោទប្រកាន់​ពី​បក្ស​សង្គ្រោះ​ជាតិ​ថា បក្ស​ប្រជាជន​កម្ពុជា បាន​លួច​បន្លំ​សន្លឹកឆ្នោត។ក្នុងខណៈ​នោះដែរ បក្ស​សង្គ្រោះ​ជាតិ​បាន​ប្ដឹងផ្ដល់​ជា​បន្តបន្ទាប់​រហូតដល់​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ការិយាល័យ​មួយចំនួន។ដោយមាន​ការចោទប្រកាន់​ពី​បក្សប្រឆាំង​ថា តុលា​ការមិន​ឯករាជ្យ និង ការកាត់ក្ដី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ មិនបាន​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន ទើប​ការតវ៉ា​នៅតែ​បន្ត​កើ​តម​មាន​ជាច្រើន​រូបភាព ដូចជា ការសុំ​អន្តរា​គន៍​ពី​ប្រទេស​ដែលជា​ម្ចាស់ជំនួយ​ជាដើម។ លើសពីនេះ​ទៀត​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ជាច្រើន​ថ្ងៃ ច្រើន​កន្លែង ដូចជា នៅ​ទីលាន​ប្រជាធិបតេយ្យ តាម​ដង​វិថី​នានា​ទូទាំង​រាជធានី​ភ្នំពេញ រហូតដល់​មានការ​បង្ក្រាប​ដោយ​ហិង្សា​ពី​ភាគី​អាជ្ញាធរ ជាដើម។

ចុងក្រោយ​បំផុត ការធ្វើ​បាតុកម្ម​ដោយ​ហិង្សា ឬ​កុបកម្ម នៅ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ហេតុផល​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​ប្រើ​អំពើហិង្សា​រវាង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែលជា​លទ្ធផល ភាគី​ទាំងពីរ​សុទ្ធ​តែមាន​ការរង​បួស​យ៉ាងដំណំរៀងៗខ្លួន, ក្នុងពេល​នោះដែរ​តំណាងរាស្ត្រ​និង​សកម្មជន​នៃ​បក្ស​ង្គ្រោះ​ជាតិ​មួយចំនួន​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ឯ​ភាគី​អាជ្ញាធរ មិនមាន​អ្នកណាម្នាក់​ត្រូវបាន​ចាប់ខ្លួន​ឡើយ។ បន្ទាប់ពី​ហេតុ​ការ​នោះ​ភា្ល​ម ការចរចា​រវាង​បក្ស​ទាំងពីរ ក៏បាន​ចាប់​ផ្ដើមឡើង ដែល​បាន​ឈានដល់​ការបង្កើត​កិច្ចព្រមព្រៀង​នយោបាយ នៅ​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បី​បញ្ចប់​ភាព​តានតឹង និង​ភាពជាប់គាំង​ខាង​ខាង​នយោបាយ ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជិត​មួយឆ្នាំ។

ក្រោយ​កិច្ចព្រមព្រៀង​នេះ យើង​បាន​សង្កេតឃើញថា បញ្ហានយោបាយធំៗមួយចំនួន​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ដូចជា តំណាងរាស្ត្រ​និង​សកម្មជន​នៃ​បក្ស​ង្គ្រោះ​ជាតិ​មួយចំនួន​ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ត្រូវបាន​ដោះលែង និង/ឬ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ។ ការចរចា​រវាង​ក្រុមបច្ចេកទេស​របស់​បក្ស​ទាំងពីរ​លើ​បញ្ហា​នៃ​កែ​ការ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​វិស័យសំខាន់ៗមួយចំនួនទៀត បាន​ប្រព្រឹត្ត​ទៅជា​បន្តបន្ទាប់។ លើសពីនេះទៅទៀត ជំហាន​ថ្មី​មួយទៀត​ដែល​គេ​កំពុង​តាមដាន​នោះ គឺ​ការបង្កើត​វប្បធម៌​សន្ទនា​រវាង​លោក​ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​បានចាប់ផ្ដើម​កាលពីដើម​ឆ្នាំ២០១៥ ហើយ​ថ្មី​បំផុត​នេះ គ្រួសារ​របស់លោក​ទាំង​ពីរ​ក៏បាន​ចូលរួម​ទទួលទាន​អាហារ​រួមគ្នា និង​បាន​ថតរូប​ជាមួយគ្នា​យ៉ាង​ស្និទ្ធស្នាល​ផងដែរ។

ទន្ទឹមនឹងនេះ តំណាងរាស្ត្រ​និង​សកម្មជន​របស់​បក្ស​ស​ង្ក្រោះ​ជាតិ​មួយចំនួន បាន​បង្កើន​សកម្មភាព​លើ​បញ្ហា​ព្រំដែន រហូតដល់​មានការ​ចោទប្រកាន់​បក្ស​កាន់អំណាច​ថា បាន​ប្រើ​ផែនទី​ក្លែងក្លាយ​ដើម្បី​បោះបង្គោល​ព្រំដែន,អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ​បក្ស​កាន់អំណាច មិន​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម​រឿង​បញ្ហា​ព្រំដែន,ការចុះ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង ក្នុង​ចន្លោះ​ឆ្នាំ ១៩៨២, ១៩៨៣, ១៩៨៥ បានធ្វើឱ្យ​កម្ពុជា​បាត់បង់​ទឹកដី, និង​ចុងក្រោយ​បំផុត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ព្យាយាម​ប្ដឹង​លោក ហេង សំរិន ប្រធានរដ្ឋសភា ពីបទ​មិនបាន​បញ្ជូន​លិខិត​របស់ខ្លួន​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំឱ្យ​ផ្អាក​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម,ជាដើម។ ក្រៅពីនេះ ការធ្វើ​ពហិការ​មិន​ចូលរួម​អនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដោយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក៏​រួមចំណែក​ធ្វើឱ្យ​កម្ដៅ​នយោបាយ​ឡើង​ខ្លាំង​ដែរ។

ជាការ​ឆ្លើយតប អាជ្ញាធរ ឬ​មន្ត្រី​បក្ស​កាន់អំណាច​មួយចំនួន បាន​ព្យាយាម​ទប់ស្កាត់​មិនឱ្យ​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង​ប្រមូល​ផ្ដុំគ្នា​ច្រើនពេក​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន, បណ្ដេញ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មិនឱ្យ​ផ្ដល់ព័ត៌មាន​ឱ្យ​អ្នកការ​សែត​ក្នុង​ស្ថាប័ន​សាធារណៈ ដូចជា មន្ទីរ​រដ្ឋសភា និង ទីស្ដីការគណៈរដ្ឋមន្ត្រី ជាដើម។ ដោយឡែក លោក ហ៊ុន សែន បាន​គំរាម លុបចោល​វប្បធម៌​សន្ទនា​ដែល​រូបលោក​និង លោក សម រង្ស៊ី បាន​បង្កើតឡើង។ ចុងក្រោយ​បំផុត តុលាការ​កម្ពុជា ដែល​តែងតែ​ត្រូវគេ​ចោទប្រកាន់ថា មិន​ឯករាជ្យ​និង​លម្អៀង​ទៅរក​បក្ស​កាន់អំណាច​នោះ បាន​សើរ​រើ​រឿងក្ដី​ទាក់ទង​នឹង​អំពើហិង្សា​នៅ​ស្ពាន​នាគ ដែល​កន្លងមក​តាមរ​យៈ​វប្បធម៌​សន្ទនា​ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​ត្រូវបាន​បញ្ចប់​ហើយ​នោះ យកមក​កាត់ក្ដី​យ៉ាង​ទាន់ហន់ ទាំង​មិនមាន​ក្ខ​ណៈ​គ្រប់គ្រាន់​តាម​នីតិវិធី​ច្បាប់ ហើយក៏​សម្រេច​ដាក់ទោស​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង១១នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​នេះ ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​រយៈពេល​ពី៧ទៅ២០ឆ្នាំ។   

ការឡើង​កម្ដៅ​នយោបាយ​រវាង​បក្ស​ទាំងពីរ​នេះ ត្រូវបាន​គេ​មើលឃើញថា បណ្ដាលមកពី​ភាគី​ទាំងពីរ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នយោបាយ​ដែល​ខ្លួន​បាន​បង្កើតឡើង​រយៈពេល​មួយឆ្នាំ​កន្លងមក និង​ការអនុវត្ត​វប្បធម៌​សន្ទនា​មិនទាន់បាន​ត្រឹមត្រូវ និង​មិនទាន់មាន​ភាពស្មោះត្រង់​នឹង​គ្នា​នៅឡើយ។ ជាពិសេស វប្បធម៌​សន្ទនា​នេះ ហាក់ដូច​ជាមាន​អាថ៌កំបាំង​ខ្លះ ដែល​ដឹង​តែ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ឯ​មន្ត្រី​ថ្នាក់ក្រោម​ទាំងសងខាង​មិនបាន​ដឹង​ស៊ីជម្រៅ ម្ល៉ោះហើយ​ពួកគេ​ចេះតែ​បន្ត​រក្សា​កម្ដៅ​នយោបាយ​ឱ្យនៅ​ថេរ និង​អាច​តម្លើង​វិញ​នៅពេល​មាន​បញ្ហា​រសើប​ណាមួយ​បានកើត​ឡើងជា​យថាហេតុ។ លើ​សព​នេះ​ទៀត ជារួម យើង​បាន​សង្កេតឃើញថា ទាំង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ឬ​បក្សនយោបាយ​ទាំងពីរ ដែល​ធ្លាប់មាន​ប្រវត្តិ​ប្រឆាំង​គ្នា​ស្លា​ប់រស់​នោះ ហាក់ដូចជា នៅ​ដិតដាម​ដោយ​អា​នុ​ស្សាវ​រី​យ៍​ជូរចត់ និង នៅ​មិនទាន់មាន​សេចក្ដី​ស្មោះត្រង់​នឹង​គ្នា១០០%នៅឡើយ។ ជា​សន្និដ្ឋាន យើង​អាច​និយាយបានថា ល្បែង​អុក​នយោបាយ​របស់​អ្នក​ទាំងពីរ សុទ្ធតែ​ចង​ក្រឡា និង​ត្រៀម​ជើង​ទូក ជើងសេះ គោល និង​ត្រី​បករៀងៗខ្លួន ដើម្បី​ទប់ទល់​គ្នា​ឱ្យមាន​តុល្យភាព​ខាង​នយោបាយ​និង​ប្រជាប្រិយភាព៕     


© រក្សាសិទ្ធិដោយ thmeythmey.com