ជាតិ
បទវិភាគ
កម្ដៅនយោបាយរវាងបក្សកាន់អំណាចនិងបក្សប្រឆាំងកំពុងកើនឡើង!
×
ភ្នំពេញ៖ក្រោយការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៣ សភាពការណ៍នយោបាយនៅកម្ពុជាមានភាពតានតឹង ដែលអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំ។ ក្រោយកិច្ចព្រមព្រៀងនយោបាយរវាងបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ សភាពការណ៍នយោបាយចាប់ផ្ដើមធូរស្រាលជាបន្តបន្ទាប់ ដោយគណបក្សទាំងពីរព្រមចូលចរចាដើម្បីស្វែងរកដំណោះស្រាយផ្សេងៗ និង ព្រមចូលធ្វើការជាមួយគ្នាក្នុងរដ្ឋសភា។ ក្នុងរយៈពេលជិតមួយឆ្នាំនេះ បក្សទាំងពីរបានធ្វើការជាមួយគ្នា ដោយមានសភាពល្អផង និងមិនល្អផង ដែលយើងអាចនិយាយបានថា នេះគឺជារឿងធម្មតាដែលតែងតែកើតឡើងក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែ ក្នុងរយៈពេលថ្មីៗនេះ គឺជិតដល់ពេលគម្រប់ខួបមួយឆ្នាំ នៃកិច្ចព្រមព្រៀងនយោបាយ រវាងបក្សទាំងពីរ គឺមុនពេលចូលមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ កម្ដៅនយោបាយរវាងបក្សទាំងពីរហាក់ដូចជាកំពុងតែឡើងយ៉ាងខ្លាំង គួរឱ្យគត់សម្គាល់។ តើមានអ្វីនៅពីក្រោយការឡើងកម្ដៅនេះ?
គួររម្លឹកថា ក្រោយការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០១៣ ភា្លម កម្ដៅនយោបាយក្នុងសង្គមខ្មែរបានឡើងដល់កម្រិតមួយគួរឱ្យព្រួយបារម្ភ។ ពេលនោះ មានការចោទប្រកាន់ពីបក្សសង្គ្រោះជាតិថា បក្សប្រជាជនកម្ពុជា បានលួចបន្លំសន្លឹកឆ្នោត។ក្នុងខណៈនោះដែរ បក្សសង្គ្រោះជាតិបានប្ដឹងផ្ដល់ជាបន្តបន្ទាប់រហូតដល់មានការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យមួយចំនួន។ដោយមានការចោទប្រកាន់ពីបក្សប្រឆាំងថា តុលាការមិនឯករាជ្យ និង ការកាត់ក្ដីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនបានផ្ដល់យុត្តិធម៌ដល់ខ្លួន ទើបការតវ៉ានៅតែបន្តកើតមមានជាច្រើនរូបភាព ដូចជា ការសុំអន្តរាគន៍ពីប្រទេសដែលជាម្ចាស់ជំនួយជាដើម។ លើសពីនេះទៀតការធ្វើបាតុកម្មទ្រង់ទ្រាយធំ ជាច្រើនថ្ងៃ ច្រើនកន្លែង ដូចជា នៅទីលានប្រជាធិបតេយ្យ តាមដងវិថីនានាទូទាំងរាជធានីភ្នំពេញ រហូតដល់មានការបង្ក្រាបដោយហិង្សាពីភាគីអាជ្ញាធរ ជាដើម។
ចុងក្រោយបំផុត ការធ្វើបាតុកម្មដោយហិង្សា ឬកុបកម្ម នៅស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ ក្នុងហេតុផលរំដោះទីលានប្រជាធិបតេយ្យ ដោយមានប្រើអំពើហិង្សារវាងសកម្មជនបក្សសង្គ្រោះជាតិ និងក្រុមសន្តិសុខខណ្ឌដូនពេញ ដែលជាលទ្ធផល ភាគីទាំងពីរសុទ្ធតែមានការរងបួសយ៉ាងដំណំរៀងៗខ្លួន, ក្នុងពេលនោះដែរតំណាងរាស្ត្រនិងសកម្មជននៃបក្សង្គ្រោះជាតិមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ ឯភាគីអាជ្ញាធរ មិនមានអ្នកណាម្នាក់ត្រូវបានចាប់ខ្លួនឡើយ។ បន្ទាប់ពីហេតុការនោះភា្លម ការចរចារវាងបក្សទាំងពីរ ក៏បានចាប់ផ្ដើមឡើង ដែលបានឈានដល់ការបង្កើតកិច្ចព្រមព្រៀងនយោបាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់ភាពតានតឹង និងភាពជាប់គាំងខាងខាងនយោបាយ ដែលបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំ។
ក្រោយកិច្ចព្រមព្រៀងនេះ យើងបានសង្កេតឃើញថា បញ្ហានយោបាយធំៗមួយចំនួនត្រូវបានដោះស្រាយជាបន្តបន្ទាប់ ដូចជា តំណាងរាស្ត្រនិងសកម្មជននៃបក្សង្គ្រោះជាតិមួយចំនួនដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ត្រូវបានដោះលែង និង/ឬអនុញ្ញាតឱ្យនៅក្រៅឃុំ។ ការចរចារវាងក្រុមបច្ចេកទេសរបស់បក្សទាំងពីរលើបញ្ហានៃកែការទម្រង់ប្រព័ន្ធបោះឆ្នោត និងវិស័យសំខាន់ៗមួយចំនួនទៀត បានប្រព្រឹត្តទៅជាបន្តបន្ទាប់។ លើសពីនេះទៅទៀត ជំហានថ្មីមួយទៀតដែលគេកំពុងតាមដាននោះ គឺការបង្កើតវប្បធម៌សន្ទនារវាងលោកហ៊ុន សែន និងលោក សម រង្ស៊ី ដែលបានចាប់ផ្ដើមកាលពីដើមឆ្នាំ២០១៥ ហើយថ្មីបំផុតនេះ គ្រួសាររបស់លោកទាំងពីរក៏បានចូលរួមទទួលទានអាហាររួមគ្នា និងបានថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលផងដែរ។
ទន្ទឹមនឹងនេះ តំណាងរាស្ត្រនិងសកម្មជនរបស់បក្សសង្ក្រោះជាតិមួយចំនួន បានបង្កើនសកម្មភាពលើបញ្ហាព្រំដែន រហូតដល់មានការចោទប្រកាន់បក្សកាន់អំណាចថា បានប្រើផែនទីក្លែងក្លាយដើម្បីបោះបង្គោលព្រំដែន,អ្នកដឹកនាំជាន់ខ្ពស់នៃបក្សកាន់អំណាច មិនហ៊ានតវ៉ាជាមួយវៀតណាមរឿងបញ្ហាព្រំដែន,ការចុះសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ក្នុងចន្លោះឆ្នាំ ១៩៨២, ១៩៨៣, ១៩៨៥ បានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី, និងចុងក្រោយបំផុតតំណាងរាស្ត្របក្សសង្គ្រោះជាតិម្នាក់បានព្យាយាមប្ដឹងលោក ហេង សំរិន ប្រធានរដ្ឋសភា ពីបទមិនបានបញ្ជូនលិខិតរបស់ខ្លួនទៅរដ្ឋាភិបាលដើម្បីសុំឱ្យផ្អាកការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម,ជាដើម។ ក្រៅពីនេះ ការធ្វើពហិការមិនចូលរួមអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ដោយតំណាងរាស្ត្របក្សសង្គ្រោះជាតិ ក៏រួមចំណែកធ្វើឱ្យកម្ដៅនយោបាយឡើងខ្លាំងដែរ។
ជាការឆ្លើយតប អាជ្ញាធរ ឬមន្ត្រីបក្សកាន់អំណាចមួយចំនួន បានព្យាយាមទប់ស្កាត់មិនឱ្យមន្ត្រីនិងសកម្មជនបក្សប្រឆាំងប្រមូលផ្ដុំគ្នាច្រើនពេកទៅពិនិត្យមើលបង្គោលព្រំដែន, បណ្ដេញតំណាងរាស្ត្របក្សសង្គ្រោះជាតិមិនឱ្យផ្ដល់ព័ត៌មានឱ្យអ្នកការសែតក្នុងស្ថាប័នសាធារណៈ ដូចជា មន្ទីររដ្ឋសភា និង ទីស្ដីការគណៈរដ្ឋមន្ត្រី ជាដើម។ ដោយឡែក លោក ហ៊ុន សែន បានគំរាម លុបចោលវប្បធម៌សន្ទនាដែលរូបលោកនិង លោក សម រង្ស៊ី បានបង្កើតឡើង។ ចុងក្រោយបំផុត តុលាការកម្ពុជា ដែលតែងតែត្រូវគេចោទប្រកាន់ថា មិនឯករាជ្យនិងលម្អៀងទៅរកបក្សកាន់អំណាចនោះ បានសើររើរឿងក្ដីទាក់ទងនឹងអំពើហិង្សានៅស្ពាននាគ ដែលកន្លងមកតាមរយៈវប្បធម៌សន្ទនាត្រូវបានគេមើលឃើញថា ហាក់ដូចជាត្រូវបានបញ្ចប់ហើយនោះ យកមកកាត់ក្ដីយ៉ាងទាន់ហន់ ទាំងមិនមានក្ខណៈគ្រប់គ្រាន់តាមនីតិវិធីច្បាប់ ហើយក៏សម្រេចដាក់ទោសសកម្មជនបក្សសង្គ្រោះជាតិទាំង១១នាក់ ដែលជាប់ពាក់ព័ន្ធនឹងរឿងក្ដីនេះ ឱ្យជាប់ពន្ធនាគារក្នុងរយៈពេលពី៧ទៅ២០ឆ្នាំ។
ការឡើងកម្ដៅនយោបាយរវាងបក្សទាំងពីរនេះ ត្រូវបានគេមើលឃើញថា បណ្ដាលមកពីភាគីទាំងពីរមិនគោរពតាមកិច្ចព្រមព្រៀងនយោបាយដែលខ្លួនបានបង្កើតឡើងរយៈពេលមួយឆ្នាំកន្លងមក និងការអនុវត្តវប្បធម៌សន្ទនាមិនទាន់បានត្រឹមត្រូវ និងមិនទាន់មានភាពស្មោះត្រង់នឹងគ្នានៅឡើយ។ ជាពិសេស វប្បធម៌សន្ទនានេះ ហាក់ដូចជាមានអាថ៌កំបាំងខ្លះ ដែលដឹងតែលោក ហ៊ុន សែន និង លោក សម រង្ស៊ី ឯមន្ត្រីថ្នាក់ក្រោមទាំងសងខាងមិនបានដឹងស៊ីជម្រៅ ម្ល៉ោះហើយពួកគេចេះតែបន្តរក្សាកម្ដៅនយោបាយឱ្យនៅថេរ និងអាចតម្លើងវិញនៅពេលមានបញ្ហារសើបណាមួយបានកើតឡើងជាយថាហេតុ។ លើសពនេះទៀត ជារួម យើងបានសង្កេតឃើញថា ទាំងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ឬបក្សនយោបាយទាំងពីរ ដែលធ្លាប់មានប្រវត្តិប្រឆាំងគ្នាស្លាប់រស់នោះ ហាក់ដូចជា នៅដិតដាមដោយអានុស្សាវរីយ៍ជូរចត់ និង នៅមិនទាន់មានសេចក្ដីស្មោះត្រង់នឹងគ្នា១០០%នៅឡើយ។ ជាសន្និដ្ឋាន យើងអាចនិយាយបានថា ល្បែងអុកនយោបាយរបស់អ្នកទាំងពីរ សុទ្ធតែចងក្រឡា និងត្រៀមជើងទូក ជើងសេះ គោល និងត្រីបករៀងៗខ្លួន ដើម្បីទប់ទល់គ្នាឱ្យមានតុល្យភាពខាងនយោបាយនិងប្រជាប្រិយភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com