ជាតិ
បទវិភាគ
ការពង្រឹង​គុណភាព​អប់រំ​ត្រូវធ្វើ​ឡើងជា​កញ្ចប់
29, Jul 2015 , 8:19 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ គុណភាព​អប់រំ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​គួរឱ្យភ្ញាក់ផ្អើល។ ការធ្លាក់ចុះ គុណភាព​អប់រំ​នេះ ត្រូវបាន​គេ​គិតថា បណ្ដាលមកពី​មូលហេតុ​ជាច្រើន​ដូចជា ទីមួយ សមត្ថភាព​គ្រូបង្រៀន មានកំណត់ ទាំង​កម្រិត​ជំនាញ ចំណេះដឹង​ទូទៅ និង​វិធីសាស្ត្រ​បង្រៀន។ ចំណែកឯ​សីលធម៌​វិជ្ជាជីវៈ និង មនសិការ​ការងារ ក៏​នៅមានកម្រិត​ដែរ។ ទី​ពីរ ជីវភាព​គ្រូបង្រៀន ឬ​ប្រាក់ខែ​គ្រូបង្រៀន​នៅមានកម្រិត​ទាប​ដែល​មិនអាច​ទ្រទ្រង់​ជីវភាព​បាន។ ទី​បី កម្មវិធីសិក្សា សៀវភៅ​គោល សម្ភារៈ​ឧបទេស ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​ដទៃទៀត​សម្រាប់​បម្រើ​វិស័យ​អប់រំ ក៏​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​ដែរ។ ទី​បួន កញ្ចប់​ថវិកា​សម្រាប់​ទ្រទ្រង់​វិស័យ​អប់រំ នៅមាន​ចំនួន​តិច​នៅឡើយ ដែល​មិនអាច​ឆ្លើយតប​នឹង​កំណែទម្រង់​វិស័យ​អប់រំ ឬ​ការលើកកម្ពស់​គុណភាព​អប់រំ​បានឡើយ។ ក្រៅពីនេះ វា​អាចមាន​កត្តា​រួមផ្សំ​ជាច្រើន​ទៀត​ដែល​ធ្វើឱ្យ​គុណភាព​អប់រំ​ធ្លាក់ចុះ។



ជាការ​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​នៃ​គុណភាព​អប់រំ​នេះ លោក ហង់ ជួនណា​រ៉ុ​ន បានចាប់ផ្ដើម​ចាត់វិធានការ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ពេលដែល​លោក​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មក។ ចំណាត់ការ​ដំបូង​បំផុត​ដែល​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ការ​រឹតបន្តឹង​ការប្រលង​សញ្ញាបត្រ​បាក់​ឌុប(ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ) នៅ​ឆ្នាំ២០១៤, ពេលនោះ បេក្ខជន​ដែល​បាន​ប្រលង​ជាប់​លើកទីមួយ​មាន​ត្រឹមតែ​ប្រមាណ២០%ប៉ុណ្ណោះ។ លទ្ធផល​នេះ បានធ្វើឱ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​សង្គម​ខ្មែរ​ទាំងមូល តាម​ការយល់ឃើញរៀងៗខ្លួន។ មាន​ទាំង​វិជ្ជា​មាន និង​អ​វិ​ជ្ជ​មា។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​លទ្ធផល​នេះ វា​ជា​ម៉ែត្រ​វាស់ ឬ​ស្នូរ​ជួង​មួយ សម្រាប់​ដាស់សតិ​ឱ្យ​សង្គម​ខ្មែរ​ដឹងថា កម្រិតយល់ដឹង​របស់​កូន​ខ្មែរ​ដែល​បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ក្នុង​គ្រឹះស្ថាន​អប់រំ​សាធារណៈ នៅមានកម្រិត​ទាប​ណាស់។ ទីបំផុត ក្រោយពី​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​សង្គម​នៅពេលនោះ រដ្ឋាភិបាល​បា​នស​ម្រេ​ចិត្ត​ឱ្យមាន​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​ពីរ។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ការ​ការប្រលង​លើក​ទី​ពីរ​នេះ មិនមាន​អ្នក​ជាប់​ច្រើន​ដែរ។

ក្នុង​ឆ្នាំ២០១៥នេះ ក្រសួង​អបរំ យុវជន និង​កីឡា ក៏បាន​បង្ហើប​ឱ្យដឹងថា ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹងត្រូវ​បន្ត​រឹតបន្តឹង ហើយ​បាន​អះអាងថា នឹង​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ជាង​ឆ្នាំមុន​ទៅទៀត ដើម្បី​បង្កើន​គុណភាព​អប់រំ។ ដើម្បី​សម្រេច​បំណង​នេះ ក្រសួង​អប់រំ បន្ត​រឹតបន្តឹង​អ្នកពាក់ព័ន្ធ មានដូចជា បេក្ខជន អនុរក្ស គណៈកម្មការ​ចេញ​វិញ្ញាសារ គណៈកម្មការ​កំណែ គណៈកម្មការ​ប្រកាស​ល​ទ្ធ​ផល និង ផ្នែក​ពាក់ព័ន្ធផ្សេងៗទៀត។ អ្នកណា​ដែល​ប្រឆាំងនឹង​គោលការណ៍ និង​បទបញ្ជា​ពាក់ព័ន្ធ​ក្នុងការ​ប្រលង​នេះ នឹងត្រូវ​ទទួល​ការពិន័យ ឬ/និង ផ្ដន្ទាទោស​តាមច្បាប​រដ្ឋ។    

ក្នុងនាម​អ្នកតាមដាន និង​អ្នកវិភាគ​សង្គម យើង​សូម​សម្ដែង​ការកោតសរសើរ​និង​គាំទ្រ​ចំពោះ​ចំណាត់ការ​ថ្មី​របស់លោក​រដ្ឋមន្ត្រី ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​នេះ ពីព្រោះ ប្រសិនបើ​យើង​មិន​ចាប់​ផ្ដើមធ្វើ​ទេ គុណភាព​អប់រំ​របស់​យើង នឹង​បន្ត​ធ្លាក់ចុះ​កាន់តែខ្លាំងឡើងៗដែល​ពិបាក​នឹង​ស្ដារឡើងវិញ។ ជាពិសេស ក្នុងខណៈដែល​កម្ពុជា កំពុង​ត្រៀមខ្លួន​ធ្វើ​សមាហរកម្ម​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង ប្រទេស​នានា​លើ​ពិភពលោក កំណែទម្រង់​វិស័យ​អប់រំ ឬ​ការលើកកម្ពស់​គុណភាព​អប់រំ​រឹត​តែមាន​ភាពចាំបាច់​ថែមទៀត។
ប៉ុន្តែ ខ្ញុំ​គិតថា ការធ្វើកំណែទម្រង់​តែ​ទៅលើ​ការប្រលង​មួយ​មុខ​ប៉ុណ្ណោះ​មិនទាន់​ជា​មូលដ្ឋាន​គ្រប់គ្រាន់​និង​រឹងមាំ ដែល​អាច​ជំរុញឱ្យមាន​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​ទាំងមូល ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា ត្រូវបាន​វាយប្រហារ​ដោយ​អំពើពុករលួយ​និង​ទម្លាប់​អាក្រក់ ដែល​បានធ្វើឱ្យ​កេរ្ដិ៍ឈ្មោះ​របស់​ក្រសួង​អប់រំ​ស្ទើរតែ​ធ្លាក់​ដល់​កម្រិត​សូន្យ​នាពេល​កន្លងមក​នោះបានទេ។

ខ្ញុំ​គិតថា កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​ទាំងមូល ត្រូវតែ​ធ្វើជា​កញ្ចប់ ពោលគឺ​រាប់​ចាប់ពី​ការកំណត់​គោលនយោបាយ​អប់រំ, ការកំណត់​ទស្សនវិជ្ជា​អប់រំ ឬ​គោលដៅ​អប់រំ, ការកំណត់​វិទ្យាសាស្ត្រ​អប់រំ, ការដំឡើង​ប្រាក់ខែ​គ្រូបង្រៀន និង​មន្ត្រី​អប់រំ​ឱ្យបាន​សមស្រប, ការពង្រឹង​ច្បាប់ និង​សីលធម៌​ក្នុង​វិស័យ​អប់រំ, ការពង្រឹង​សមត្ថភាព​និង​សីលធម៌​របស់​គ្រូបង្រៀន​និង​មន្ត្រី​អប់រំ, ការត្រួតពិនិត្យ​និង​វាយតម្លៃ​ការបណ្ដុះបណ្ដាល​របស់​គ្រឹះស្ថាន​អប់រំនីមួយៗទាំង​រដ្ឋ​និង​ឯកជន។ល។ លើសពីនេះទៅទៀត កំណែទម្រង់​វិស័យ​អប់រំ ត្រូវមាន​ការចូលរួម​ពី​អ្នកដឹកនាំ, អ្នកគ្រប់គ្រង, លោកគ្រូ​បង្រៀន សិស្ស និស្សិត, សាធារណជន ក៏ដូចជា សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផងដែរ។

លើ​សព​នេះ​ទៀត ត្រូវមាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ ដើម្បី​ស្វែងយល់​ពី​ចំណុច​ខ្វះខាត ឬ​កំហុសឆ្គង​ដែលមាន​កន្លងមក ដើម្បី​កែប្រែ និង​ត្រូវមាន​ការផ្ដល់​ការគាំទ្រ​ខាង​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​សម្ភារៈ​ចាំបាច់​ដើម្បី​សម្រួល​ដល់​ការធ្វើកំណែទម្រង់​វិស័យនេះ។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស ក៏​ជា​បញ្ហាសំខាន់​ដែរ ទោះបីជា​វា​មិនមែនជា​កាតព្វកិច្ច​រប​ស់​ក្រសួង​អប់រំ​ក៏ដោយ។ បើ​មិន​ដូច្នោះ​ទេ កំណែទម្រង់​វិស័យ​អប់រំ ឬ​ការពង្រឹង​គុណភាព​អប់រំ មិនអាច​រីកចម្រើន​ទៅបាន​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com