សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ៖ ក្មេងពីរនាក់បងប្អូនត្រូវជីតាបង្ខាំងទុកក្នុងទ្រុងជាមួយហ្វូងសត្វឆ្កែ
× បងប្អូនពីរនាក់ ប្រុសអាយុ ៦ ឆ្នាំនិងស្រីអាយុ ៤ ឆ្នាំដែលត្រូវជីតារបស់ខ្លួនបង្ខាំងទុកក្នុងទ្រុងជាមួយហ្វូងសត្វឆ្កែនៅតំបន់ Liuhe ក្រុង Nanjing ត្រូវបានអង្គការក្នុងស្រុកមួយជួយសង្គ្រោះ បន្ទាប់ពីអ្នកជិតខាងបានប្រាប់ពីស្ថានភាពរបស់ក្មេងដល់បណ្តាញព័ត៌មាន។ ពេលនេះ គ្រួសារមួយបានស្ម័គ្រចិត្តទទួលទំនុកបម្រុងក្មេងទាំងពីរ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Beijing Times ។
នៅពេលថ្ងៃ ក្មេងទាំងពីរត្រូវនៅក្នុងទ្រុងដ៏ធំមួយជាមួយសត្វឆ្កែ ៥០ ក្បាល។ ពេលយប់ ពួកគេដេកនៅក្នុងរថយន្តដែលគេបោះបង់ចោល។ ពួកគេត្រូវដណ្តើមអាហាររបស់សត្វឆ្កែ ហើយពេលខ្លះ ពួកគេហូបចំណីដែលគេបោះចោលនៅតាមផ្សារ និងផឹកទឹកភ្លៀងដក់នៅតាមផ្លូវ ឬទឹកស្ទឹងនៅក្បែរនោះ។
បើតាមការឲ្យដឹងពីអ្នកជិតខាង ក្មេងទាំងពីរមានដើមកំណើតនៅខេត្ត Anhui ។ ម្តាយរបស់ពួកគេបានបោះបង់ពួកគេចោល ចំណែកឪពុកក៏លែងរវល់នឹងកូនទៀតដែរ។ ឪពុករូបនេះបានយកកូនទាំងពីរមកប្រគល់ឲ្យជីតាឈ្មោះ Yu Congqiu ដែលគ្រប់គ្រងកន្លែងលក់សត្វឆ្កែខុសច្បាប់មួយនៅ Nanjing ។ ជីតារូបនេះរកបានប្រាក់ចំណូលបន្តិចបន្តួច មិនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមចៅទាំងពីរទេ។ ដោយសារគ្មានផ្ទះសម្បែងត្រឹមត្រូវ គាត់ត្រូវឃុំក្មេងទាំងពីរជាមួយសត្វឆ្កែ ដើម្បីសុវត្ថិភាពពួកគេ។
បន្ទាប់ពីបានដឹងរឿងរ៉ាវដ៏កំសត់របស់កុមារទាំងពីរ អង្គការក្នុងស្រុកមួយបានជួយរកគ្រួសារថ្មីមួយសម្រាប់ក្មេងទាំងពីរ ហើយក៏បានទាក់ទងក្រុមអ្នកស្រឡាញ់សត្វឆ្កែឲ្យទិញសត្វឆ្កែរបស់ជីតាក្មេង ដោយជួយឲ្យគាត់រកប្រាក់បានជាង ៨ ០០០ ដុល្លារ។ ទន្ទឹមនឹងនេះ អង្គការនេះបានជួយឪពុកក្មេងដែលមិនចេះអក្សរ និងជីតាឲ្យបំពេញបែបបទចាំបាច់ ដើម្បីវិលត្រឡប់ទៅរស់នៅខេត្ត Anhui វិញ។ នៅទីនោះ ពួកគេនឹងទទួលបានជំនួយពីរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com