ជាតិ
សង្គមស៊ីវិលនៅតែមិនជឿជាក់លើអាជ្ញាធរលើប្រតិបត្តិការតាមចាប់ខ្លួន ឈូក បណ្ឌិត
× បើទោះបីជាសមត្ថកិច្ចអះអាងថា ខ្លួនមិនដែលបោះបង់ចោលការតាមចាប់ខ្លួន ទណ្ឌិត ឈូក បណ្ឌិត យកមកផ្តន្ទាទោសក៏ដោយ តែបណ្តាញសង្គមស៊ីវិលមួយចំនួន ដែលធ្វើការទាក់ទងនឹងការលើកស្ទួយសិទ្ធិស្ត្រីកម្ពុជា នៅមិនទាន់មានការជឿជាក់ទាំងស្រុងនោះឡើយ។
បណ្តាញសង្គមស៊ីវិលធ្វើការដើម្បីលើកស្ទួយសិទ្ធិស្ត្រីមួយចំនួន នៅតែមិនទាន់ត្រជាក់ចិត្ត ចំពោះការប្រកាសតាមចាប់ខ្លួន លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់ប្រហារកម្មការិនីរោងចក្រ ៣នាក់ ឲ្យរងរបួស មកដាក់ទោសតាមច្បាប់នោះទេ។ ការដែលមិនទាន់ពេញចិត្ត និងស្ងប់អារម្មណ៍ដូច្នេះ ដោយសារតែក្រុមសង្គមស៊ីវិលទាំងនោះ ហាក់ដូចជាមិនទាន់មានទំនុកចិត្តលើសមត្ថកិច្ច ដោយពួកគេសំអាងថា កន្លងមកសមត្ថកិច្ចក៏ធ្លាប់ប្រកាសតាមចាប់ខ្លួនជនល្មើសនេះអីចឹងដែរ តែក្រោយមក ក៏ស្ងប់ស្ងាត់ទៅវិញ។ ក្រុមសង្គមស៊ីវិលទាំងនោះ គ្រាន់តែសម្តែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចប៉ុណ្ណោះ ប៉ុន្តែពួកគេនៅតែតាមដានមើលបញ្ហានេះ រហូតដល់ជនល្មើសត្រូវបានចាប់មកផ្តន្ទាទោស ជាក់ស្តែង ទើបពួកគេស្ងប់ចិត្ត និងជឿជាក់លើសមត្ថកិច្ច និងតុលាការ។
ប្រធានអង្គការ យេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) លោកស្រី រស់ សុភាព បានមានប្រសាសន៍ថា លោកស្រីសូមចូលរួមគាំទ្រចំពោះការប្តេជ្ញារបស់សមត្ថកិច្ចក្នុងការតាមចាប់ លោក ឈូក បណ្ឌិត មកដោះស្រាយតាមផ្លូវច្បាប់ តែលោកស្រីមិនទាន់ត្រជាក់ចិត្តនៅឡើយទេ ដរាបណា ទណ្ឌិតរូបនេះ នៅតែមិនទាន់ត្រូវបានចាប់យកមកកាន់តុលាការជាក់ស្តែង។
ប្រធានអង្គការរូបនេះបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំពិតជាគាំទ្រចំពោះសមត្ថកិច្ច ដែលប្រកាសតាមចាប់លោក ឈូក បណ្ឌិត តែគ្រាន់តែប៉ុណ្ណឹងមិនទាន់ដល់កម្រិតដែលយើងត្រូវជឿទុកចិត្តសមត្ថកិច្ច ក៏ដូចជាតុលាការនោះទេ ព្រោះកន្លងមកសមត្ថកិច្ចធ្លាប់អះអាងថាចាប់ជនល្មើសមកដាក់ទោសអីចឹងដែរ តែបែរជាស្ងប់ស្ងាត់ទៅវិញ។ អីចឹងឥឡូវយើងតាមដានមើលទាំងអស់គ្នា ថាតើសមត្ថកិច្ចអាចធ្វើបានមែនឬអត់ បើធ្វើបានដូចការប្រកាសមែន ទើបយើងស្ងប់ចិត្ត»។
ស្រដៀងគ្នានេះដែរ លោកស្រី ជឹម ចាន់នាង អ្នកសម្របសម្រួល ក្នុងគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW) បានឲ្យដឹងថា លោកស្រីទទួលស្គាល់ថាជារឿងល្អប្រសើរសម្រាប់ជនរងគ្រោះ ដែលអគ្គស្នងការនគរបាលជាតិសហការជាមួយប៉ូលីសអន្តរជាតិជាង១៩០ប្រទេស ដើម្បីតាមចាប់លោក ឈូក បណ្ឌិត នាំមកប្រឈមចំពោះមុខច្បាប់ តែលោកស្រីនៅតែមិនទាន់ជឿជាក់លើវិធានការរបស់សមត្ថកិច្ចនោះទេ។
មន្ត្រីអង្គការ GNO-CEDAW រូបនេះបន្ថែមដូច្នេះថា៖ «ទោះបីជាសមត្ថកិច្ចប្រកាសអីចឹងក៏ពិតមែន តែខ្ញុំនៅតែខ្វល់ និងមិនអស់ចិត្តដដែល ហើយបើឲ្យស្ងប់ចិត្តចំពោះទង្វើរបស់លោក ឈូក បណ្ឌិត ដោយគ្រាន់តែប៉ូលីសប្រកាសអីចឹងនោះ គឺមិនអាចនោះទេ។ ហើយម្យ៉ាងទៀត រឿងហ្នឹងកើតឡើងយូរហើយ ហេតុអ្វីរហូតមកដល់ពេលនេះ ជនល្មើសនៅតែមិនទាន់ចាប់បាន? អីចឹងដើម្បីឲ្យជនរងគ្រោះ ក៏ដូចប្រជាពលរដ្ឋគ្រប់គ្នាទទួលយកបាន ទល់តែសមត្ថកិច្ចចាប់លោក ឈូក បណ្ឌិត ឲ្យបាន ហើយយកមកដាក់ទោសជាក់ស្តែងជាមុនសិន»។
មិនខុសពីជនទាំងពីរនាក់ខាងលើនេះទេ លោកស្រី ចាន់ គន្ធា មន្ត្រីសម្របសម្រួលកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (JASS) យល់ថា ការប្រែប្រួលសមត្ថកិច្ចពីភាពស្ងប់ស្ងាត់ មកប្រកាសតាមចាប់លោក ឈូក បណ្ឌិតនេះ គឺអាចបណ្តាលមកពីការផុសផុលករណី លោក សុខ ប៊ុន និងកញ្ញាសាសា។ លោកស្រីបន្ថែមថា ការបង្ហាញពីចំណាត់ការក្នុងចាប់ខ្លួនលោក ឈូក បណ្ឌិត គឺត្រឹមត្រូវហើយ ព្រោះនេះជាតួនាទីរបស់សមត្ថកិច្ច ដែលត្រូវតែធ្វើ។
មន្ត្រីអង្គការ JASS រូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា វារឿងល្អប្រសើរ ដែលសមត្ថកិច្ចប្រកាសដូច្នេះ តែបើឲ្យស្ងប់ចិត្តនោះ ខ្ញុំមិនទាន់ស្ងប់នោះទេ ហើយក៏មិនទុកចិត្តលើសមត្ថកិច្ចដែលប្រកាសនោះដែរ។ បើនិយាយទៅ ខ្ញុំដូចជាមិនសូវមានជំនឿលើ សមត្ថកិច្ចក៏ដូចជាតុលាការនោះទេ ប្រសិនបើមិនឃើញជនល្មើសត្រូវបានចាប់ផ្តន្ទាទោសផ្ទាល់ភ្នែក។ អីចឹងមានតែដាមតាមមើលសិន ថាតើសមត្ថកិច្ចអាចធ្វើបានដូចអ្វីដែលខ្លួនប្រកាសមែនឬអត់»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ ដោយមានបញ្ជាពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គស្នងនគរបាលជាតិ បានសហការជាមួយប៉ូលីសអន្តរជាតិជាង១៩០ប្រទេស ដើម្បីតាមចាប់ លោក ឈូក បណ្ឌិត មកផ្តន្ទាទោស។ លើសពីនេះស្ថាប័នមានសមត្ថកិច្ចមួយនេះ ក៏បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យជួយផ្តល់ដំណឹងជូនសមត្ថកិច្ច ប្រសិនបើដឹងថា ទណ្ឌិតឈ្មោះ ឈូក បណ្ឌិតនេះ លាក់ខ្លួននៅទីណា។ ការប្រកាសនេះធ្វើឡើងក្រោយពីកម្មការិនីទាំងបីនាក់ មកដាក់ពាក្យបណ្តឹងនៅរដ្ឋសភា ដើម្បីស្នើឲ្យ លោក ហ៊ុន សែន និងលោក ស ខេង ជួយអន្តរាគមន៍ តាមចាប់លោក ឈូក បណ្ឌិត មកផ្តន្ទាទោសតាមច្បាប់ដូច លោក សុខ ប៊ុន ដែលបានប្រើអំពើហិង្សាលើកញ្ញា សាសា កាលពីពេលថ្មីៗនេះដែរ។
សូមរំឭកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ស្ត្រី៣នាក់ មានឈ្មោះ នុត សុខន, កែវ នា និងប៊ុន ចិន្តា ជាកម្មការិនីរោងចក្រ កៅរ៉េ ខេត្តស្វាយរៀង ត្រូវបានអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់ប្រហារដោយកាំភ្លើង បណ្តាលឲ្យរងរបួសស្ទើរបាត់បង់ជីវិត។ រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បាន លោក ឈូក បណ្ឌិត មកដាក់ទោសនោះទេ តែ ទណ្ឌិទរូបនេះ ត្រូវបានតុលាការខេត្តស្វាយរៀង សម្រេចផ្តន្ទាទោសម្តងរួចមកហើយ ដោយសម្រេច ឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ៕
Tag:
លោក ឈូក បណ្ឌិត
សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com