ជាតិ
អ្នកវិភាគ​ថា ការបណ្តេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចេញពី​កម្ពុជា គឺជា​រឿង​នយោបាយ​ផ្ទៃក្នុង​កម្ពុជា
29, Jul 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន៥១   នាក់។ ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៥ ដែល​ស្ថិតនៅ​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ការចាប់ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់​កម្ពុជា​ដោយ​មិន​ស្របច្បាប់​ជាច្រើន​សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន​ពីមុនមក ចាប់តាំងពី​ការឡើង​កាន់អំណាច​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អ្នកវិភាគ​សង្គម​លើកឡើងថា វា​គឺជា​រឿង​នយោបាយ​ផ្ទៃក្នុង​ច្រើនជាង​នយោបាយ​ការទូត​ទាក់ទង​នឹង​ជម្លោះព្រំដែន​កម្ពុជា​វៀតណាម។



កាលពី​ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៥ព្រឹក​មិញ​នេះ នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន៥១នាក់​បន្ថែមទៀត។ ការចាប់ខ្លួន និង​បណ្តេញ​ជនជាតិ​វៀតណាម​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្ពុ​ជាមាន​ជម្លោះ​ជាមួយ​វៀតណាម​ជុំវិញ​រឿង​ព្រំដែន ដែល​មកដល់ពេលនេះ នៅ​មិនទាន់​ស្រក​កម្តៅ​នៅឡើយ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បាន​មានប្រសាសន៍ថា ការ បណ្តេញ​ជនជាតិ​វៀតណាម​នេះ គឺជា​លក្ខណៈ​នយោបាយ​ផ្ទៃក្នុង​ជាជាង​ជម្លោះ​កា រ​ទូត​រវាង​កម្ពុជា និង​វៀតណាម​ដោយសារ​បញ្ហា​ព្រំដែន។ លោក​បន្ថែមថា ប្រជាជន​កម្ពុជា មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ព្រោះ​មើលឃើញ​ពី​ហា​នី​ភ័យ​ដែល​ជនអន្តោប្រវេសន៍ វៀតណាម​បាន​ហូរ​ចូលមក​កម្ពុជាច្រើនឡើង។ ហេតុផល​នេះហើយ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ។

ពាក់ព័ន្ធ​នឹង​ការបណ្តេញ​ជនជាតិ​វៀតណាម​នេះដែរ អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ បាន​អត្ថាធិប្បាយ​ថា នេះ​មិនមែនជា​បញ្ហា​ព្រំដែន​នោះទេ តែ​ជា​សម្ពាធ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។ លោក​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​មិនបាន​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​នោះទេ តែ​ទើប​ចាប់ផ្តើម​នៅ​អាណត្តិ​នេះ គឺ​ដោយសារ​ខ្លាច​បាត់បង់​ការគាំទ្រ​ពី​ប្រជាជន​ដូច​អាណត្តិ​មុន។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា ការដែល រដ្ឋាភិបាល​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​នេះ មិនមែនជា​ការឆ្លើយ​តាម​ការទូត​ដែល​វៀតណាម​ព្រងើយកន្តើយ​រឿង​ព្រំដែន​នោះទេ តែ​ការចាប់​បញ្ជូន​ជនជាតិ​វៀតណាម​គឺជា​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា។ លោក​បន្ថែមទៀតថា បានជា​កម្ពុជា​ទើប​ចាប់ផ្តើម​បណ្តេញ​ជនជាតិ​វៀតណាម គឺ​ដោយសារ​ស្ថានភាព​នយោបាយ និង​ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​វៀតណាម ទើប​កម្ពុជា​មានលទ្ធភាព​បញ្ជូន ហើយ​ភាគី​វៀតណាម​រង់ចាំ​ទទួល។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល៧ខែ ក្នុង​ឆ្នាំ២០១៥នេះ កម្ពុជា​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ជិត៣ពាន់​នាក់​ហើយ៕


Tag:
 WMC
 នយោបាយ
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com