ជាតិ
គ្រូ និងសិស្ស AII ផ្តល់អំណោយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ
× កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាននាំយកអំណោយសប្បុរសធម៌ដែលរួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ សៀវភៅផាត់ពណ៌ និងខ្មៅដៃពណ៌ជាច្រើន ព្រមទាំងនំកញ្ចប់ផ្សេងៗ សម្រាប់បរិច្ចាគជូនក្មេងៗ ជនពិការ និងចាស់ជរា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហៅកាត់ថា មណ្ឌលព្រៃស្ពឺ ក្រោមការរៀបចំរបស់ មូលនិធិ ម៉េងលី ជេ. គួច។ មណ្ឌលព្រៃស្ពឺ មានទីតាំងស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ាន់ ង៉ាត់ ប្រធានមណ្ឌលព្រៃស្ពឺបានឱ្យដឹងថា មណ្ឌលលោកនៅមានការខ្វះខាតខាងស្បៀងអាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យ។ បច្ចុប្បន្នមានមន្ទីរពេទ្យចំនួនពីរ (មន្ទីរពេទ្យសម្ភពក្រុង និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង) ដែលទទួលពិនិត្យ និងព្យាបាលជំងឺជូនអ្នកស្នាក់នៅមណ្ឌលដោយឥតគិតថ្លៃ។ លោកបន្តថា “នៅពេលមានអ្នកជំងឺឈឺថ្កាត់ម្តងៗ ជាពិសេសនៅពេលយប់ គឺមានផលលំបាកខ្លាំង ក្នុងការបញ្ជូនពួកគាត់ទៅពិនិត្យ និងព្យាបាលជំងឺនៅឯមន្ទីរពេទ្យខាងលើ ដោយហេតុតែខ្វះនូវមធ្យោបាយដឹកជញ្ជូន” ។
ចំណែកលោកគ្រូ សាយ ភិរម្យ ដែលជាអ្នកដឹកនាំ និងបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌នេះបានឱ្យដឹងថា លោកពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលលោកបានរួមចំណែកជួយសង្គម និងបានឃើញពីការលះបង់របស់សិស្សានុសិស្ស ដែលបានចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលាក្នុងការចូលរួមសកម្មភាពយ៉ាងសស្រាក់សស្រាំ។
លោកបានឱ្យដឹងទៀតថា នេះជាលើកទី២ហើយ ដែលថ្នាក់របស់លោកបានរៀបចំនូវកម្មវិធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងប្រមូលថវិកាសប្បុរសធម៌ ដើម្បីយកទៅបរិច្ចាគជូនដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងចង់ឱ្យប្អូនៗសិស្សានុសិស្សរៀនធ្វើការងារជាក្រុម ដែលធ្វើឱ្យពួកគេមានការរីកចម្រើនទាំងការសិក្សាក្នុងសាលា និងការបម្រើដល់ផលប្រយោជន៍សង្គមផងដែរ។
លោកនឹងព្យាយាមបង្កើតនូវកម្មវិធីសប្បុរសធម៌ផ្សេងៗ ក្នុងរូបភាពបែបនេះ នៅរៀងរាល់ត្រីមាសនីមួយៗ និងដើម្បីរួមចំណែកជាមួយ មូលនិធិ ម៉េងលី ជេ. គួច ផងដែរ។ ស្របពេលជាមួយគ្នានោះដែរ លោកក៏សូមផ្តាំផ្ញើដល់អ្នកដែលពុំធ្លាប់បានចូលរួមសកម្មភាពសង្គមពីមុនមក ឱ្យងាកមកចូលរួម ដោយកុំគិតថាសកម្មភាពទាំងនោះ គឺជាការធ្វើឡើងដើម្បីមុខមាត់បុគ្គល ឬ ជនណាម្នាក់ តែផ្ទុយទៅវិញ នេះគឺជាការជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់អ្នកដែលកំពុងត្រូវការជំនួយពីយើង។
រីឯយុវសិស្ស ទក មារតី ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់ខ្លួនផងដែរ ព្រោះនេះជាលើកទី១ហើយ ដែលមារតីបានចូលរួមសហការជាមួយលោកគ្រូ រៀបចំឱ្យមានជាកម្មវិធីសប្បុរសធម៌នេះឡើង។ ដោយសារតែមើលឃើញពីភាពលំបាករបស់ប្រជាជនក្រីក្រមានភាពកើនឡើងជាបន្តបន្ទាប់ ទើបធ្វើឱ្យមារតីសម្រេចចិត្តធ្វើសកម្មភាពនេះឡើង ក្នុងគោលបំណងចែករំលែកសេចក្តីស្រឡាញ់រវាងគ្នា និងគ្នា តាមដែលអាចធ្វើទៅបាន។ ដោយបន្តទៀតថា “ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចចូលរួមការងារសង្គមបែបនេះនាឱកាសក្រោយៗទៀត ដើម្បីបន្តនូវវប្បធម៌ចែករំលែករបស់ខ្មែរ ដែលជាវប្បធម៌ផ្តល់ជូនដោយមិនគិតចង់បាននូវការតបស្នងសងគុណមកវិញ អញ្ជឹងដែរ”៕
© រក្សាសិទ្ធិដោយ thmeythmey.com