ជាតិ
ទំនិញ​ខូចគុណភាព​ជិត១តោន ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ប៉ៃលិនដុតកម្ទេចចោល
30, Jul 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
ទំនិញ​ខូចគុណភាព​ជិត១តោន ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ប៉ៃលិនដុត​កម្ទេចចោល នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា​នេះ។ ប្រភេទ​ទំនិញទាំងនោះ គឺជា​ប្រភេទ​ម្ហូបអាហារ​ដែល​គ្មាន​គុណភាព និង​ប្រភេទ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់។



នៅ​ព្រឹក​ថ្ងៃទី៣០ ខែកក្កដា​នេះ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​ដុតកម្ទេចចោល ទំនិញ​ខូចគុណភាព​ជិត១តោន នៅ​ចំណុច​ភូមិ​ក្បាល​ប្រ​លាន សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដកស្រង់​ប្រសាសន៍​របស់លោក សាន​វិជ្ជា សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​ថា៖«ទំនិញ​ដែល​អាជ្ញាធរ​បាន​ដុតចោលទាំងនោះ គឺជា​ប្រភេទ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ប្រភេទ​ម្ហូបអាហារ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អ្នកប្រើប្រាស់។ ទំនិញ​ខូចគុណភាព​នេះ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​រកឃើញ និង​ដកហូត​ពី​ជី​វករ​នៅលើ​ទីផ្សារ​ខេត្ត​ប៉ៃលិន និង​តាម​បណ្តា​ផ្ទះ​លក់​គ្រឿងទេស​មួយចំនួន»។

លោក សាន​វិជ្ជា សា​រ៉ាវុធ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ប្រតិបត្តិការ​នៃ​ការចុះ​ត្រួតពិនិត្យ​ទំ     និ​ញ​នៅលើ​ទីផ្សារ​នោះដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​ធ្វើការ​អប់រំ​ដល់​អាជីវករ ឲ្យ​ចេះ​រៀបចំ​ទុកដាក់​ទំនិញ និង​អីវ៉ាន់ ឲ្យ​មាន​អនាម័យ​ត្រឹមត្រូវ និង​ណែនាំ​ឲ្យ​ពួកគាត់​ចេះ​ពិនិត្យមើល​សុពលភាព​ទំនិញ ព្រមទាំង​ស្នើ​ឲ្យ​ចូលរួម​ទប់ស្កាត់​ទំនិញ​ខូចគុណភាព និង​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​ឈ្មួញ​ខិលខូច​យកមក​លក់​ឲ្យ​ពួកគាត់៕





© រក្សាសិទ្ធិដោយ thmeythmey.com