អន្តរជាតិ
ហ្វីលីពីន​បង្កើន​ថវិកា​ការពារជាតិ៣ដង ដើម្បី​ទិញ​អាវុធ​ប្រឆាំង​មហា​យក្ស​ចិន
30, Jul 2015 , 4:14 pm        
រូបភាព
ដោយ:
ការប្រឈមមុខគ្នា​រវាង​មហា​យក្ស​ចិន និង ហ្វីលីពីន បាន​ឈានដល់​ដំណាក់កាល​មួយ​គួរ​ព្រួយបារម្ភ និង កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​ផងដែរ។ អវត្តមាន​នៃ​ការដោះស្រាយ​តាម វិធានការ​ផ្លូវច្បាប់ និង កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​និង ក្នុង​តំបន់ បាន​ជំរុញ ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ត្រូវ​រៀបចំខ្លួន​ទុកជាមុន ចំពោះ​ការប៉ះទង្គិច​គ្នា​ដែល​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា។ រដ្ឋាភិបាល​ក្រុង​ម៉ានីល បានស្នើ​ឲ្យ​សភា​បង្កើន​កញ្ចប់​ថវិកា​ការពារជាតិ៣ដង ដើម្បី​ទិញ​សព្វាវុធ​ប្រឆាំង​ជាមួយនឹង​ការ​វាតទី​របស់​មហា​យ​ក្ស​ចិន។



សូមស្ដាប់ពត៌មានលម្អិត៖



រដ្ឋាភិបាល​ក្រុង​ម៉ានីល បានស្នើ​ទៅកាន់​សភា​ហ្វីលីពីន ដើម្បី​អនុម័ត​លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ លើ​វិស័យ​យោធា ដែល​បង្កើន​បរិមាណ​បី​ដង ដើម្បី​ទិញ​អាវុធ​បន្ថែម និង ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ប្រឆាំង​ជាមួយនឹង​មហា​យក្ស​ចិន​ដែល​កំពុងតែ​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សំណើ​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល ក្រុង​ប៉េកាំង បានប្រកាស ថា​បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ទាំង​ផ្នែក​អាកាស និង កងទ័ពជើងទឹក​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

បច្ចុប្បន្ន រដ្ឋាភិបាល​ហ្វីលីពីន បានកំណត់​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​ការពារជាតិ​មិន​ឲ្យ​លើសពី ១ភាគរយ​នៃ​ផលិតផល​សរុប​របស់​ខ្លួន។ ជុំវិញ​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ហ្គី​លើ​ម៉ូ (Guillermo) បាន​បញ្ជាក់ថា កម្រិត​ក្រោម​មួយ​ភាគរយ​នៃ​ផលិតផល​សរុប​សម្រាប់ វិស័យ​ការ ពារ​ជាតិ គឺ​មិន​គ្រប់គ្រាន់​នោះទេ ពោលគឺ លោក ទាមទារ​ឲ្យ​មាន​យ៉ាង​ណាស់ ត្រូវមាន​ទំហំ​ពីរ ភាគរយ​ដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​អះអាង​ចំពោះ​ការទាមទារ​នេះ ដោយបាន​ប្រៀបធៀប​បរិមាណ​នេះ ជាមួយនឹង​ប្រទេសជិតខាង ពោលគឺ​មហា​យក្ស​ចិន ដែលជា​ដៃគូ​ប្រជែង នៅក្នុង​ជម្លោះ​សមុទ្រ ចិន គឺ​ហ្វីលីពីន​នៅត្រឹម​កំរិត​ទាប​បំផុត។បន្ថែម​ពី ដើម្បី​អាច​ទប់ស្កាត់​នឹង​ភាព​តានតឹង កាន់តែ រីកធំឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង អាច​ការពារ​លើ​ដែន​អធិបតេយ្យ​ខ្លួន​ផងដែរ​នោះ ហ្វីលីពីន ត្រូវតែ​ទិញ​អាវុធទំនើបៗបន្ថែម និង ពង្រឹងសមត្ថភាព​វិស័យ​យោធា​របស់ខ្លួន។

អ្វីដែល​គួរកត់សម្គាល់​នោះ ការ​សើ្ន​ឲ្យ​អនុម័ត​កញ្ចប់​ថវិកា​កើន​បី​ដង​នេះ គឺ​ស្របពេល ដែល​ចិន បានប្រកាសថា​ខ្លួន ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​ដប់​ថ្ងៃ នៅក្នុង​ដែន​ជម្លោះ  សមុទ្រ​ចិន។ ថ្វី​ត្បិត ហ្វីលីពីន មាន​ជប៉ុន និង​អាមេរិក គាំទ្រ​ពីក្រោយ​ខ្នង​ក៏ដោយ ហ្វីលីពីន​មិនអាច​រង់ចាំ​ជំនួយ​ពី​គេ​នោះទេ ព្រោះ​សមត្ថភាព​គូបដិបក្ខ​របស់ខ្លួន បាន​ឈានដល់​កម្រិត​មួយ​គួរ​ព្រួយបារម្ភ​ហើយ។

ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការតស៊ូ​របស់​ហ្វីលីពីន ទាំង​ផ្នែក​ច្បាប់ និង សមត្ថភាព​យោធា នឹងធ្វើ រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​បន្ទន់ខ្លួន​ក្នុង​សកម្មភាព​ឯកតោភាគី​នៃ ការចូល​ទៅកាន់​តំបន់ ត្រួតស៊ីគ្នា។ នោះ ក៏​ព្រោះ​តែបើ​ចិន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន ចិន នឹងត្រូវ​រង​នូវ​ភាពអាម៉ាស នៅក្នុង​ឆាក​អន្តរជាតិ ដោយសារ​សកម្ម​ភាពខុស​ច្បាប់​របស់ខ្លួន ដែលជា​ភាគី​មួយ​នៃ​ច្បាប់​អន្តរជាតិ ។ មួយវិញទៀត កាលណា​បើ​ហ្វីលីពីន អាច​បង្កើន​សមត្ថភាព​កងកម្លាំង និង សព្វាវុធ​កាន់តែច្រើន នោះ​ភាគី​ទាំងពីរ​មិនអាច​ប្រថុយ​នឹង​ចូល​សង្គ្រាម​ជាមួយគ្នា​នោះទេ។ ហើយ​បើ​សង្គ្រាម​កើតឡើង​មែន​នោះ អ្នក​ដែល អាច​ខាតបង់​ច្រើនជាងគេ​គឺ​ចិន​ដែល​បាន​ព្យាយាម​កសាង​សមិទ្ធផល​របស់ខ្លួន​ជាច្រើន ក្នុង​នៅក្នុង​តំបន់​ជម្លោះ។

គួរ​រំលឹក​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែល ក្នុងនោះ ចិន បានទាមទារ​ស្ទើរតែ​ទាំងអស់ ហើយ​បាន​បដិសេធ​រាល់​ការដោះស្រាយ​តាម​វិធាន​ច្បាប់។ យ៉ាងណាមិញ ក្នុងចំណោម​រដ្ឋ​ពាក់​ព​ន្ធ័​អាស៊ាន​ទាំង​បួន​ដែលមាន​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម គ្មាន​រដ្ឋ​ណាមួយ​ក្រៅពី​ហ្វីលីពីន​ដែល​ហ៊ាន​ចេញមុខ​ប្រឈម​ជាមួយ នឹង​ចិន​នោះទេ៕


Tag:
 ចិន
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com