អន្តរជាតិ
លោក អូ​បា​ម៉ា មានលទ្ធភាព​បញ្ចប់សង្គ្រាម​ស៊ីវិល​ស៊ូដង់​ខាងត្បូង?
30, Jul 2015 , 4:45 pm        
រូបភាព
រឿងរ៉ាវ​ជាច្រើន​ដែលជា​ប្រធានបទ​សំខាន់​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អេ​ត្យូ​ពី។ ក្រៅពី​ការពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ​ប្រឆាំង​ក្រុម​ភេរវកម្ម និង​ពាណិជ្ជកម្ម ការបញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅ​ស៊ូដង់​ខាងត្បូង ក៏​ជា​រឿង​អាទិភាព​សម្រាប់​លោក​ដែរ។ លោក​បាន​អំពាវនាវ​ឲ្យ​សហភាព​អាហ្វ្រិក​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជំរុញ​ឲ្យ​ការកសាង​សន្តិភាព​កើតឡើង​នៅ​ស៊ូដង់​ខាងត្បូង។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ជម្លោះ​នៅ​ទឹកដី​រដ្ឋ​ក្មេងខ្ចី​ស៊ូដង់​ខាងត្បូង​អាចឈាន​ដល់ទី​បញ្ច​ប់ដ​រាប​ណា​មេដឹកនាំ​ប្រទេស​នេះ​ព្រម​លះបង់​មហិច្ឆតា​ឃ្លាន​អំណាច។ ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​បាន​គំរាមថា​នឹងដាក់​ទណ្ឌកម្ម​ភាគី​ជម្លោះ​ស៊ូដង់ និង​ចាត់វិធានការ​ផ្សេងទៀត​ដើម្បី​ដាក់​គំនៀប​ភាគី​ជម្លោះ​ភាគី​ស៊ូដង់​ខាងត្បូង​ផងដែរ។ គេ​រំពឹងថា ការ​លូកដៃ​របស់​ប្រធានាធិបតី​អាមេរិក​ដោយ​ជំរុញ​ផង គំរាម​ដាក់ទណ្ឌកម្ម​ផង​នោះ អាច​នឹង​ជួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​បញ្ចប់សង្គ្រាម​នៅពេល​ខាងមុខ។ អន្តរាគមន៍​របស់លោក អូ​បា​ម៉ា ប្រហែល​ជាមាន​ទម្ងន់​ធ្ងន់​បង្ខំ​ឲ្យ​ភាគី​បង្កើត​កិច្ចព្រមព្រៀង​នាពេលខាងមុខ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ​ផល​និស្ស័យ៖



ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​បំផុត​នៅ​ស៊ូដង់​ខាងត្បូង​មិនទាន់​រក​ទីបញ្ចប់​ឃើញ​ឡើយ។ ជម្លោះ​នេះ​ផ្ទុះឡើង​ចុងឆ្នាំ ២០១៣ ដោយ​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង Salva Kiir  ចោទ​អនុ​ប្រធានាធិបតី​លោក Riek Machar ថា​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​ដឹកនាំ​របស់លោក។ តាំងពី​ពេល​នោះមក​ជម្លោះ​ប្រដាប់អាវុធ​បន្ត​កើតមាន​ឥត​ឈប់។ ភាគី​ជម្លោះ​ម្តង​ជា​ពីរដង​ព្រម​ចូល​តុ​ចរចា ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព ប៉ុន្តែ​ក្រោយមក​ក៏​លុប​កិច្ចព្រមព្រៀង​បន្ត​ប្រយុទ្ធ​គ្នា​ទៀត។ រដ្ឋ​ក្មេងខ្ចី អាយុ ៤ឆ្នាំ ស៊ូដង់​ខាងត្បូង​នេះ មិនអាច​លូតលាស់​ទៅមុខ​រួច​ឡើយ ហើយ​ប្រជាជន​រាប់ម៉ឺន​នាក់​ស្លាប់បាត់​បង់ជីវិត ខណៈ​ជន​ស៊ីវិល​រាប់លាន​នាក់​ផ្សេងទៀត​កំពុង​រត់ចោល​ផ្ទះ​ចោល​សម្បែង​ព្រោះ​ជម្លោះ​ប្រដាប់អាវុធ។ យ៉ាងណាក៏ដោយ ដោយសារ​ជម្លោះ​បន្ត​អូសបន្លាយ​យូរអង្វែង ទាំង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​សុទ្ធតែ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ស្លូតត្រង់​ដូចគ្នា។ ករណី​រំលោភ សម្លាប់ និង​ធ្វើ​ទារុណកម្ម​ជាដើម​កើត​ឡើងជា​ហូរហែរ​នៅក្នុង​រដ្ឋ​ក្មេងខ្ចី​នេះ​ផងដែរ។

ជម្លោះ​រយៈពេល១៩ខែ​មកនេះ ប្រហែលជា​ត្រូវ​បន្ត​អូសបន្លាយ​ទៅមុខ បើ​គ្មាន​ការ​លូកដៃ​អន្តរាគមន៍​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ជា​ពិស​សេស សហភាព​អាហ្វ្រិក និង​បណ្តា​ប្រទេស​ដែល​ជួយ​ជ្រោមជ្រែង​ស៊ូដង់​ខាងត្បូង​ឲ្យ​ប្រកាស​ឯករាជ្យ សហរដ្ឋអាមេរិក​នេះឯង។ ខណៈ អាណត្តិ​លោក អូ​បា​ម៉ា ជិត​ផុត​ទៅហើយនោះ ការបញ្ចប់​ជម្លោះ​ស៊ូដង់​ខាងត្បូង ជា​អ្វីដែល​សំខាន់បំផុត និង​ជាម​រតក​ការបរទេស​រដ្ឋបាល​លោក​នៅ​ទឹកដី​អាហ្វ្រិក។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អេ​ត្យូ​ពី ប្រមុខរដ្ឋ​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា  បាន​ចេញមុខ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ស្តារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​បង្ហូរឈាម​គ្នា​នេះ។រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​ប្រើ​ទណ្ឌកម្ម​ផង​ប្រសិនជា​ភាគី​នៅតែ​រឹងទទឹង​មិន​ព្រមស្តាប់​តាម​ការអំពាវនាវ​រប​ស់​សហគមន៍​អន្តរជាតិ។ ការអន្តរាគមន៍​រប​ស់លោក អូ​បា​ម៉ា កើតឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​ពេលដែល​អង្គការ​សហប្រជាជាតិ​អះអាងថា ទ័ព​រដ្ឋា​ភិ​បា​លោក Salvar Kiir បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ដូចគ្នា​ក្រុម​ឧទ្ទាម​ដោយ​រំលោភ​សម្លាប់ ដុត​មនុស្ស​ទាំង​រស់ បំផ្លាញ​លំនៅដ្ឋាន​ប្រជាជន​និង​សកម្មភាព​អមនុស្សធម៌​ផ្សេងទៀត។

ថ្លែង​សុន្ទ​កថា នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​អាហ្វ្រិក​នៅ​ទីក្រុង Addis Ababa នៅ​ចំពោះមុខ​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន​នាក់ លោក អូ​បា​ម៉ា បានស្នើ​ឲ្យ​ភាគី​ជម្លោះ និង​មេដឹកនាំ​អាហ្វ្រិក​ប្រញាប់ប្រញាល់​រៀបចំ​កិច្ចពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ស៊ូដង់​ខាងត្បូង​ដែល​ក្បែរ​នឹង​កា្ល​យ​ជា​សង្គ្រាមស៊ីវិល​ទៅហើយ។ បច្ចុប្បន្ន ស៊ូដង់ អ៊ូ​ហ្ក​ង់​ដា កេ​ន​យ៉ា និង​អេ​ត្យូ​ពី សុទ្ធតែ​ខ្នះខ្នែង​ជួយ​សម្រុះសម្រួល​ភាគី​ជម្លោះ​ឲ្យ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព។ កន្លងមក​ស៊ូដង់​នេះឯង​ជា​អ្នក​ជួយ​បំពាក់អាវុធ​ក្រុម​ឧទ្ទាម​ដើម្បី​ឲ្យ​ពួកគេ​ប្រឆាំង​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​ដោយសារ​គុំ​គួ​ន​ស៊ូដង់​ខាងត្បូង​ដែល​ហ៊ាន​ប្រកាស​ឯករាជ្យ​ឆ្នាំ ២០១១  ។ ចំណែក​អ៊ូ​ហ្ក​ង់​ដា​ឯណោះ​វិញ ជា​អ្នក​គាំ​រដ្ឋាភិបាល។

 យ៉ាងណា​ក៏ដោយចុះ វា​ជា​រឿង​កម្រ​ដែល​ប្រធានាធិបតី អូ​បា​ម៉ា រិះគន់​ភាគី​ជម្លោះ​ស៊ូដង់​ខាងត្បូងខ្លាំងៗ ហើយ​សម្រេច​ដាក់​ឱសានវាទ​សម្រាប់​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ផង។ លោក​បាន​អះអាងថា រដ្ឋាភិបាល​លោក គ្មាន​ពេល​ចាំ​ទៀត​ទេ ហើយ​លោក​ក៏​អស់​ការអត់ធ្មត់​ដូចគ្នា​ដែរ។ បើសិនជា​ភាគី​បរាជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​មុន​ថ្ងៃ១៧សីហា​ខាងមុខ រដ្ឋាភិបាល​លោក​នឹង​ពិចារណា​ប្រើ​វិធានការ​ក្តៅ​ដើម្បី​ដាក់​គំនៀប​គូភាគី​ទាំងពីរ។ យោងតាម​សម្តី​លោក អូ​បា​ម៉ា វិធានការ​ក្តៅ រួមមាន​ទណ្ឌកម្មសេដ្ឋកិច្ច និង​ការហ៊ុំព័ទ្ធ​ការ​នាំចូល​អាវុធ​ផងដែរ។ ក្រៅពីនេះ លោក អូ​បា​ម៉ា ក៏​ខ្នះខ្នែង​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​បង្ខំ​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​ឲ្យ​ទទួលយក​កិច្ចព្រមព្រៀង​នៅពេល​ខាងមុខ​ផង។ បើ​តាមមើល​ស្ថានភាព​ជារួម ក៏​ដាក់​ឱសានវាទ​ដោយ​គំរាម​ប្រើ​ទណ្ឌកម្ម និង​ទាញ​អ៊ូ​ហ្ក​ង់​ដា​ឲ្យ​ជួយ​នេះ  អាច​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​សន្តិ​ភាពលេច​រូបរាង​ឡើង​មុន​ថ្ងៃ​កំណត់។

ប៉ុន្តែ​ការស្នើសុំ​អ៊ូ​ហ្ក​ង់​ដា​ឲ្យ​ជួយ​នៅតែ​ជា​រឿង​ស្មុគស្មាញ ព្រោះ​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​ខាងលើ មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក អូ​បា​ម៉ា ឡើយ។ នេះ​ដោយសារតែ​លោក មិន​ពេញ​ចិត្តនឹង​ការរិះគន់​របស់​អាមេរិក​លើ​ការហាមឃាត់​សិទ្ធិ​រៀបការ​ជាមួយ​ភេទ​ដូចគ្នា​នៅ​អ៊ូ​ហ្ក​ង់​ដា។

ត្រលប់​មកវិញ មិនមាន​វត្តមាន​មេដឹកនាំ​ស៊ូដង់​ខាងត្បូង​ក្នុងចំណោម​មេដឹកនាំ​សហភាព​អាហ្វ្រិក​ដែល​មក​ចូលរួម​ប្រជុំ និង​ជួប​សំណេះសំណាល​ជាមួយ​លោក អូ​បា​ម៉ា​ឡើយ។ នេះ​មកពី​សហភាព​អាហ្វ្រិក​មិនបាន​អញ្ជើញ​មេដឹកនាំ​ទាំង​នោះមក​ចូលរួម​ឡើយ។ ការមិន​អញ្ជើញ​ប្រមុខរដ្ឋ​ស៊ូដង់​ខាងត្បូង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង Juba ខឹងសម្បារ​ជាខ្លាំង។ ក្រសួងការបរទេស​ស៊ូដង់​ខាងត្បូង​បានចេញ​សេចក្តីថ្លែងការណ៍​រិះគន់​សហភាព​អាហ្វ្រិក​ដែល​រំលោភ​ពិធីការ​សហភាព​អាហ្វ្រិក ហើយ​បញ្ហាសំខាន់​គឺ កិច្ចប្រជុំ​នេះ​នាំគ្នា​ជជែក​គ្នា​ពី​បញ្ហា​ស៊ូដង់​ខាងត្បូង​ថែម​ទៀតផង។

ប៉ុន្តែ​មិនមែនជា​រឿង​ចម្លែក​ទេ មេដឹកនាំ​អាហ្វ្រិក​ច្រើន​នាក់​ដែរ​ដែល​មិនត្រូវ​បាន​សហភាព​អាហ្វ្រិក​អញ្ជើញ​ឲ្យ​ចូលរួម សូម្បីតែ​ប្រធានាធិបតី​ហ្ស៊ី​ម​បាប​វ៉េ Robert Mugabe ក៏​មិនមាន​វត្តមាន​ដែរ។  មេដឹកនាំ​វ័យ​ជាង៩០ឆ្នាំ​ខាងលើ ទំនងជា​មិនបាន​លិខិតអញ្ជើញ ប៉ុន្តែ​ជា​រឿង​មិន​សមរម្យ​ព្រោះ​លោក​ជា​ប្រធាន​សហភាព​អាហ្វ្រិក៕


Tag:
 លោក អូ​បា​ម៉ា
 ​ស៊ូដង់​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com