អន្តរជាតិ
វៀតណាមស្វែងរកការគាំទ្រពីអង់គ្លេសលើជម្លោះសមុទ្រចិន ដ្បិតចិនបន្តវាតទី
30, Jul 2015 , 7:59 pm        
រូបភាព
ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់នាយករដ្ឋមន្ត្រីដេវីដ កាមេរ៉ូន មកកាន់តំបន់អាស៊ី អាគ្នេយ៍ ក្នុងរដ្ឋអាស៊ានចំនួនបួន បានដំណើរការទៅដោយផ្លែផ្កា។ ជាពិសេសនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ត្រូវបានធ្វើឡើងរវាងរដ្ឋាភិបាលអង់គ្លេស និងរដ្ឋអាស៊ាន។ ឆ្លៀតឱកាស  នៃវត្តមានលោក កាមេរ៉ូន ទៅកាន់វៀតណាម លោកនាយករដ្ឋមន្ត្រី ងូយែន តានឌុង ក៏បានលើកឡើងពីបញ្ហាសមុទ្រខាងត្បូង ដើម្បីសុំការគាំទ្រ និង ចែករំលែក អនុសាសន៍គ្នាទៅវិញទៅមកផងដែរ។



លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ



ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេសដេវីដ កាមេរ៉ូន បានធ្វើទស្សនកិច្ចជាលើកដំបូង ទៅកាន់ប្រទេសវៀតណាម ដែលជាទិសដៅមួយក្នុងការពង្រីកឥទ្ធិពលនៃការមកកាន់តំបន់អាស៊ីអាគ្នេយ៍។ វត្តមានរបស់លោក នាយករដ្ឋមន្ត្រីអង់គ្លេស និង ជាប្រធានបក្សអភិរក្ស សម្រេច បានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវៀតណាមជាច្រើនទាំងផ្នែកពាណិជ្ជកម្ម នយោបាយ និង ការគាំទ្រគ្នាលើគោលជំហនៃបញ្ហាសមុទ្រចិនខាងត្បូង។

ប្រមុខរដ្ឋាភិបាលអង់គ្លេស និង វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី ដែលមានតម្លៃរាប់លានដុល្លាសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងទាំងនោះ ផ្តោតទៅ លើសកម្មភាពផ្លូវអាកាស ភាគហ៊ុនរដ្ឋាភិបាល និង ការរុករកប្រេងកាតផងដែរ។

ទោះបីភាគីទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនក៏ដោយ រដ្ឋាភិបាលវៀតណាម មិនដែលភ្លេចលើកឡើងបញ្ហាសមុទ្រចិនខាងត្បូង ដូចពេលដែលលោកធ្លាប់ជួបជាមួយនឹង មេដឹកកំពូលនោះទេ។ ជុំវិញបញ្ហានេះ អង់គ្លេស និង វៀតណាម បានបង្ហាញគោលជំហដូចគ្នា ក្នុងការទាមទារឲ្យភាគីពាក់ពន្ធ័ ដែលសំដៅទៅលើចិន ត្រូវតែអនុវត្តតាមច្បាប់់អន្តរជាតិ និងលិខិតតូបករណ៍នានា។ ការលើកឡើងនេះ ដើម្បីកាត់បន្ថយភាពតានតឹង និង ការគំរាមកំហែង ស្ថិរភាព និង សន្តិសុខនៅក្នុងតំបន់។

គួររំលឹកផងដែរថា វៀតណាម គឺជាភាគីពាក់ពន្ធ័នៃជម្លោះសមុទ្រខាងត្បូងមួយ ក្នុងចំណោម ភាគីបីនៃរដ្ឋផ្សេងទៀតរបស់អាស៊ាន។ ក្នុងបញ្ហាទាមទារនេះ រដ្ឋាភិបាលវៀតណាម មិនសូវ ចេញមុខប្រឈមជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។ ក៏ប៉ុន្តែ វៀតណាម តែងតែទាញ យកការគាំទ្រពីសំណាក់រដ្ឋខាងក្រៅដោយមាននិន្នាការប្រឆាំងជាមួយចិន ដែលជាភាគីតែ មួយគត់ដែលបានទាមទារ និងបំពានលើតំបន់ដែនជម្លោះ។


Tag:
 វៀតណាម
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com