ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកកាសែតវ័យក្មេងរបស់កម្ពុជា ចូលរួមកម្មវិធីបោះជំរំអន្តរជាតិ នៅរុស្ស៊ី
30, Jul 2015 , 7:13 pm        
រូបភាព
ដោយ: ថ្មីៗ
វ្លាឌីមៀរ៖ ក្រុមអ្នកកាសែតវ័យក្មេង សាស្រ្តាចារ្យផ្នែកសារព័ត៌មាន និងមន្រ្តីក្រសួងព័ត៌មានរបស់កម្ពុជាចំនួន ៦ រូប បានចូលរួមកម្មវិធីបោះជំរំអន្តរជាតិស្តីពី ពិភពនៃគំនិត នៅក្នុងទីក្រុងវ្លាឌីមៀរ ( Vladimir) នៃសហព័ន្ធរុស្ស៊ី។ កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៥។


 
នៅតំបន់អាស៊ីអាគ្នេយ៍នេះ មានតែអ្នកកាសែតវ័យក្មេង និងសាស្រ្តាចារ្យផ្នែកសារព័ត៌មានរបស់កម្ពុជាទេ ដែលបានចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិ ស្តីពីពិភពនៃគំនិតនៃអ្នកកាសែតវ័យក្មេង ដែលប្រារព្ធឡើងនៅទីក្រុង វ្លាឌីមៀរ សហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ។ អ្នកកាសែត សាស្រ្តាចារ្យរបស់កម្ពុជាទាំងនោះរួមមាន លោក ជា ធីរិទ្ធ ការីនិពន្ធនៃសារព័ត៌មានថ្មីៗ អ្នកស្រី ម៉ី​សន​ សុធារី និពន្ធនាយិកា​គេហទំព័រសប្បាយ និងសាស្រ្តាចារ្យបង្រៀននៅដេប៉ាត់តឺម៉ង់នៃប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមនៃ​សកល​វិទ្យាល័យ​​ភូមិន្ទភ្នំ​ពេញ​ ៣ រូប គឺលោក ឆាយ សុផល លោក សោម រតនា និងលោក ទិត តារា ព្រមទាំងមន្រ្តីក្រសួងព័ត៌មានមួយរូបទៀត គឺលោក ជួន ចាន់ភារុន។
 
កម្មវិធីបោះជំរំអន្តរជាតិនៃក្រុមអ្នកកាសែតវ័យក្មេងនេះ ធ្វើឡើងក្នុងគោលដៅឲ្យអ្នកសារព័ត៌មាន និងសិស្សដែលកំពុងសិក្សាផ្នែកនេះ មកពីជុំវិញពិភពលោកបានចែករំលែកបទពិសោធន៍ពីស្ថានភាពសារព័ត៌មានរបស់ប្រទេសនីមួយៗ និងចំណេះដឹងដល់គ្នាទៅវិញទៅមក។ លើសពីនេះកម្មវិធីនេះ ក៏មានកិច្ចពិភាក្សាគ្នាជាច្រើនទាក់ទងនឹងវិស័យសារព័ត៌មាននៅលើពិភពលោក បច្ចុប្បន្នផងដែរ។
 
លោក ទិត តារា  សាស្រ្តាចារ្យបង្រៀននៅ DMC និយាយថា រូបលោកមោទកភាពណាស់ ដែលបានចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៃក្រុមអ្នកកាសែតវ័យក្មេង។« ពួកយើងមកនេះ តំណាងឲ្យកម្ពុជា។ ទង់ជាតិកម្ពុជា បានបង្ហាញនៅលើឆាកអន្តរជាតិ។ ហើយអ្នកកាសែតកម្ពុជា​បានចែករំលែកបទពិសោធន៍ផ្នែកសារព័ត៌មាន​ជាច្រើនដល់​អ្នក​កាសែត​មកពី​ប្រទេសដទៃ»។ នេះជាការរៀបរាប់ដោយអារម្មណ៍រំភើបរបស់លោក ទិត តារា។
 
ក្នុងចំណោមអ្នកសារព័ត៌មានវ័យក្មេង សិស្សដែលកំពុងសិក្សាផ្នែកសារព័ត៌មាន និងសាស្រ្តាចារ្យវិស័យសារព័ត៌មានចំនួន ១០០០ នាក់មកពីជុំវិញពិភពលោក ចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិនៅប្រទេសរុស្ស៊ីនេះ នៅទ្វីបអាស៊ីនេះ មានតែ ៣ ប្រទេសប៉ុណ្ណោះ បានចូលរួមគឺ កម្ពុជា ឥណ្ឌា និងមុងហ្កោលី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com