កីឡាជាតិ
ជាតិ
AFF U16៖ មីយ៉ាន់ម៉ា ជួប ហ្វីលីពីន អូស្រ្តាលី ប៉ះ សិង្ហបុរី ក្នុង​វគ្គ​ពូល B ល្ងាច​នេះ
01, Aug 2015 , 11:34 am        
រូបភាព
ក្រុមអូស្ត្រាលី​ដែលបានយក​ឈ្នះ​កម្ពុជា ៤-០
ក្រុមអូស្ត្រាលី​ដែលបានយក​ឈ្នះ​កម្ពុជា ៤-០
ដោយ:
ក្រុម​បាល់ទាត់​យុវជន​ក្រោយ​អាយុ​១៦​ឆ្នាំ​របស់​មីយ៉ាន់ម៉ា ត្រូវ​ប្រកួត​ជាមួយ​ហ្វីលីពីន ខណៈ​ក្រុម​អូស្រ្តាលី ត្រូវ​ជួប​សិង្ហបុរី នៅ​ល្ងាច​ថ្ងៃ​សៅរិ៍ ទី ១ ខែ កក្កដា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​បាល់ទាត់​​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នៃ​វគ្គ​ជម្រុះ​ពូល B ពាន​រង្វាន់​បាល់ទាត់​យុវជន​តំបន់​អាស៊ាន AFF BIDC U16 Championship 2015។ គូ​ទាំង​២​នេះ​ក៏​មាន​ផ្សាយផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ BTV ផង​ដែរ។



តាម​ពិត​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ក៏​ស្ថិត​នៅ​ក្នុង​​ពូល B នេះ​ដែរ​ ប៉ុន្ដែ​ត្រូវ​សម្រាក​ក្នុង​ប្រកួត​​ថ្ងៃ​នេះ​សិន​ក្រោយ ប្រកួត​២ លើក​ឈ្នះ ១ និង ចាញ់ ១ មាន ៣ ពិន្ទុ​ក្នុង​ដៃ។ ក្រុម​កម្ពុជា ត្រូវ​ជួប​សិង្ហបុរី នៅ​ថ្ងៃ​ទី ៣ ខែ កក្កដា និង បន្ត​ជួប​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​ ៥ ខែ កក្កដា ខាង​មុខ។

U16មីយ៉ាន់ម៉ា ត្រូវ​ជួប​ហ្វីលីពីន នៅ​វេលា​ម៉ោង ៣:៣០ នាទី​រសៀល។ បើ​និយាយ​ពី​ក្រុម​មីយ៉ាន់ម៉ា ប្រកួត​ដំបូង​បាន​យក​ឈ្នះ​សិង្ហបុរី ដល់​ទៅ​ ៣ ទល់ ១ ហើយ​បាន​សម្រាក​កាល​ពី​​ប្រកួត​ថ្ងៃ​​មុន។ លោក ERIC WILLIAMS គ្រូ​បង្វឹក​ក្រុម​មីយ៉ាន់ម៉ា ធ្លាប់ប្រាប់​​អ្នក​សារព័ត៌មាន​ថា​​លោក​មាន​ពេល​ត្រឹម​តែ ១ សប្ដាហ៍​ប៉ុណ្ណោះ​​​ក្នុង​ការ​ប្រមូល​កូន​ក្រុម​មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​ក្រុម​ហ្វីលីពីន វិញ ២ ប្រកួត​​បើក​ឆាក​បាន​ចាញ់​ទាំង ២ គឺ​ចាញ់​កម្ពុជា ១ ទល់ ០ ហើយ​ចាញ់​សិង្ហបុរី ៤ ទល់ ១។ លោក​គ្រូ​បង្វឹក ABERASTURI JOSE MARIA ANOCHE ប្រាប់​ថា​កូន​ក្រុម​លោក​ពិបាក​បត់បែន​ជា​ខ្លាំង​ព្រោះ​ពេល​ហ្វឹកហាត់​នៅ​ទីលាន​ស្មៅ​ធម្មជាតិ តែ​ពេល​ប្រកួត​ធ្វើ​ឡើង​នៅ​លើ​ស្មៅ​សិប្បនិមិត្ត។

ចំណែក​ក្រុម​​ខ្លាំង​អូស្ត្រាលី ត្រូវ​ប៉ះ​សិង្ហបុរី នៅ​វេលា​ម៉ោង ៦:៣០ នាទី។ អូស្ត្រាលី បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៤ ទល់ ០ ប៉ុន្ដែ​ក្រុម​មួយ​នេះ​នៅ​សល់ ៣ ប្រកួត​ក្នុង​ដៃ​ទៀត។ លោកUfuk Talay ជា​ជំនួយការ​គ្រូ​បង្វឹក​ក្នុង​​ឈុត​យុវជន​ក្រោម​អាយុ ១៧ ឆ្នាំ​របស់​អូស្រ្តាលី ប៉ុន្ដែ​លោក​ត្រូវ​​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អូស្រ្តាលី បញ្ជូន​ឱ្យ​ដឹកនាំ​ក្រុម​ U16 មក​​ប្រកួត​នៅ​កម្ពុជា។ ចំពោះ​សិង្ហបុរី វិញ​ដឹកនាំ​ដោយ​លោក SELVARAJ VENGADASALAM ដែល​ប្រកួត​ដំបូង​ចាញ់​មីយ៉ាន់ម៉ា តែ​ប្រកួត​ទី២ ឈ្នះ​ហ្វីលីពីន។

តើ​ក្រុម​ណា​អាច​រក​បាន ៣ ពិន្ទុ​នៅ​ល្ងាច​នេះ​ដើម្បី​ទៅ​កាន់​កំពូល​តារាង​ពូល B?



Tag:
 AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com