សង្គមអន្តរជាតិ
អន្តរជាតិ
វ៉ាក់សាំងពិសោធន៍ប្រឆាំងនឹងជំងឺអេបូឡាមានប្រសិទ្ធភាព ១០០%
×
វាគឺជាជំហានដ៏ធំមួយឈានទៅរកការលុបបំបាត់ជំងឺអេបូឡា។ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងមេរោគនៃជំងឺអេបូឡាដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់នៅអាហ្វ្រិកខាងលិច ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញនូវប្រសិទ្ធភាព ១០០% នេះបើចុះផ្សាយរបស់ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet កាលពីថ្ងៃសុក្រកន្លងទៅនេះ ដោយយោងតាមលទ្ធផលនៃការសាកល្បងជាលើកដំបូងដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេស Guinea ដែលមានមេរោគរាលដាលខ្លាំង។
លោកស្រី Margaret Chan អគ្គនាយិកាអង្គការសុខភាពពិភពលោក បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « វាគឺជាការបោះជំហានដ៏ធំមួយ។ វ៉ាក់សាំងដ៏មានប្រសិទ្ធភាពនេះនឹងក្លាយជាអាវុធដ៏សំខាន់មួយទៀតក្នុងការប្រឆាំងនឹងមេរោគអេបូឡា »។
ការធ្វើតេស្តវ៉ាក់សាំង VSV-ZEBOV ដែលត្រូវបានផលិតដោយទីភ្នាក់ងារសុខភាពសាធារណៈកាណាដា ហើយត្រូវបានស្នើសុំអាជ្ញាប័ណ្ណដោយមន្ទីរពិសោធន៍អាមេរិកាំង NewLink Genetics និងមន្ទីរពិសោធន៍ Merck បានបង្ហាញនូវប្រសិទ្ធភាព ១០០% នៅក្នុងប្រទេស Guinea ។ អ្នកឯកទេសជាច្រើនបានគូសបញ្ជាក់ថា ភាពជោគជ័យនៃការធ្វើតេស្តនេះប្រើពេលមិនដល់មួយឆ្នាំទេ ខណៈដែលជាទូទៅ គេត្រូវចំណាយពេលជិត ១០ ឆ្នាំទើបដឹងពីការវិវត្តនៃប្រសិទ្ធភាពវ៉ាក់សាំង។
វ៉ាក់សាំងនេះត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ២៣ ខែមីនា ដោយសាកល្បងជាមួយនឹងមនុស្សជាង ៤ ០០០ នាក់ដែលប៉ះពាល់ជាមួយអ្នកជំងឺ។ លទ្ធផលបង្ហាញថា គេពុំឃើញមានសញ្ញាណនៃករណីជំងឺអេបូឡាលេចចេញទេ ក្នុងរយៈពេល ១០ ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ជំងឺនេះបានបណ្តាលឲ្យមនុស្ស ១១ ២៧៦ នាក់បាត់បង់ជីវិត ហើយ ៩៩% នៃអ្នកជំងឺទាំងនោះប្រមូលផ្តុំនៅអាហ្វ្រិកភាគខាងលិចគឺ ប្រទេស Guinea, Liberia និង Sierra Leone ។ អេបូឡាបានធ្វើឲ្យប្រព័ន្ធសុខាភិបាលក្នុងប្រទេសទាំងនេះជួបនូវវិបត្តដ៏ធ្ងន់ធ្ងរ បានបំផ្លាញសេដ្ឋកិច្ច និងបានបណ្តេញវិនិយោគិនពីក្នុងប្រទេសទាំងនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com