ជាតិ
អាមេរិកផ្តល់ថវិកាចំនួន៤៥ម៉ឺនដុល្លា សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង
×
មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន៤៥ម៉ឺនដុល្លារ ទៅដល់អង្គការមូលនិធិប្រាសាទពិភពលោក(World Monuments Fund) សម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែងក្នុងដំណាក់កាលទី៤ ។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាអ្នកបញ្ជាក់ព័ត៌មាននេះ។
ចាប់ពីឆ្នាំ២០០៨មក គម្រោងអភិរក្សប្រាសាទភ្នំបាក់ខែង គឺផ្តោតលើការធ្វើឲ្យសំណង់មានលំនឹង ការទប់មិនឲ្យលិចទឹកនៅចំហៀងខាងកើតនៃប្រាសាទកណ្តាល និងសកម្មភាពគ្រប់គ្រងលើទីតាំង ព្រមទាំងការបណ្តុះបណ្តាល។ គម្រោងដំណាក់កាលទី៤នេះ នឹងបញ្ចប់ការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគម្រោងប្លង់ជួសជុល ដែលបានកំណត់នៅដំណាក់កាលមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន ៧ ដែលរួមមានប្រទេសប៊ូតាន បូស្នីនិងហឺហ្សេហ្គោវេណា(Bosnia and Herzegovina) ប្រទេសអេហ្ស៊ីប ហ្សកដានី លីបង់ និងស្រីលង្កា ដែលបានទទួលជំនួយនៅក្នុងឆ្នាំសារពើពន្ធ២០១៥ សម្រាប់អភិរក្សទីតាំងបុរាណ និងប្រវត្តិសាស្ត្រ តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌។
ចាប់ពីឆ្នាំ២០០៤មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជិត៣លានដុល្លារអាមេរិកសម្រាប់អភិរក្សប្រាសាទភ្នំបាក់ខែង។
មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌ បង្កើតឡើងដើម្បីអភិរក្សទី តាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗនានានៅជុំវិញពិភពលោក។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលអាមេរិកក៏បានផ្តល់ថវិកា ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទភ្នំហាន់ជ័យ នៅខេត្តកំពង់ចាមជាដើម។ ជំនួយសរុបរបស់សហរដ្ឋអាមេរិកបានផ្តល់ថវិកាសរុបចំនួន៣លាន៥សែនដុល្លារសម្រាប់អភិរក្ស វប្បធម៌នៅកម្ពុជា ក្នុងនោះថវិកាចំនួន២លាន៨សែនដុល្លារ ត្រូវបានផ្តល់ឲ្យតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com