អន្តរជាតិ
នយោបាយអន្តរជាតិ
ទារកប៉ាឡេស្ទីនឆេះស្លាប់ក្នុងការវាយប្រហាររបស់ក្រុមជ្រុលនិយមអ៊ីស្រាអែល
×
ព្រឹកព្រហាមសុក្រម្សិលមិញ នៅភូមិDouma ភាគខាងជើងតំបន់ស៊ីសហ្ស៊កដានី ក្រុមជ្រុលនិយមជ្វីហ្វបិទមុខមួយក្រុម បានគប់ដបផ្ទុកគ្រឿងផ្ទុះវាយប្រហារផ្ទះ២ខ្នងរបស់ប្រជាជនប៉ាឡេស្ទីន បង្កជាភ្លើងឆាបឆេះទារកប៉ាឡេស្ទីន អាយុ១៨ខែម្នាក់ រហូតដល់ទារករូបនោះបាត់បង់ជីវិត។ អាមេរិក បារាំង អង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបបានថ្កោលទោសអំពើព្រៃផ្សៃនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញបញ្ជាអោយតាមចាប់ជនឧក្រិដ្ឋមកកាត់ទោស។
ការដែលទារកប៉ាឡេស្ទីនស្លាប់ដោយភ្លើេងឆេះរោល នៅថ្ងៃសុក្រ មានលក្ខណៈពិសេសធ្វើអោយទាំងសង្គមអ៊ីស្រាអែល ទាំងសហគមន៍អន្តរជាតិបរិហារថ្កោលទោសយ៉ាងសំបើម។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនយ៉ាមីន នេតាយ៉ាហ៊ូ បានប្រញាប់ថ្កោលទោសអំពើព្រៃផ្សៃនេះ ថាជាភេរវកម្ម ហើយលោកថែមទាំងបានចុះទៅមន្ទីរពេទ្យទៅមើលឱពុកម្តាយនិងកុមារអាយុ៤ឆ្នាំជាបងប្រុសរបស់ទារក ដោយផ្ទាល់ទៀតផង។ សមាជិកគ្រួសាររបស់ទារករូបនោះ និងក្មេងស្រីម្នាក់ទៀតក៏បានរងគ្រោះធ្ងន់ផងដែរ ដោយសារការវាយប្រហាររបស់ក្រុមជ្រុលនិយមអ៊ីស្រាអែល នៅថ្ងៃសុក្រម្សិលមិញនេះ។
ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ម៉ាមូត អាបាស មិនជឿការសន្យាតាមទូរសព្ទរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា នឹងបញ្ជូនជនល្មើសមកកាត់ទោសតាមច្បាប់ទេ។ មូលហេតុគឺដោយសារតែ បទល្មើសភាគច្រើនដែលបង្កដោយសកម្មជនជ្រុលនិយមអ៊ីស្រាអែល ទទួលបានការកាត់ទោសតិចតួចពេក។ ប្រធានអង្គការសហប្រជាជាតិ បាន គីមូន បានរិះគន់អ៊ីស្រាអែលថា គ្មានសមត្ថភាពដោយសារតែជនឧក្រិដ្ឋនៅតែអាចរួចទោស។ លោកម៉ាមូត អាបាស បានចោទអ៊ីស្រាអែលថា មានកំហុសផ្ទាល់ក្នុងការស្លាប់របស់ទារកនេះ។ លោកអាបាសថែមទាំងប្រកាសថា ថ្ងៃសៅរ៍នេះ នឹងដាក់ឯកសារថ្មីទៀត ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ប្តឹងអ៊ីស្រាអែលពីបទឧក្រិដ្ឋសង្គ្រាម។
ច្រើនឆ្នាំមកនេះ សកម្មជនស្តាំជ្រុលនិយមអ៊ីស្រាអែលជាច្រើនបាននាំគ្នាបង្កហិង្សាប្រឆាំងពលរដ្ឋប៉ាឡេស្ទីន វាយប្រហារទីសក្ការៈបូជារបស់អ្នកកាន់សាសនាអ៊ីស្លាមនិងសាសនាគ្រិស្ត។ បទល្មើសហិង្សាភាគច្រើនមិនត្រូវបានគេដាក់ទោសឡើយ។ មរណភាពដ៏ព្រៃផ្សៃរបស់ទារកប៉ាឡេស្ទីនថ្ងៃសុក្រម្សិលមិញ អាចនឹងធ្វើអោយមានហិង្សាធ្ងន់ធ្ងរប្រឆាំងអ៊ីស្រាអែលជាថ្មីម្តងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com