ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​នៅ​បន្ត​ឈ្នះឆ្នោត​កាន់អំណាច​ឆ្នាំ២០១៧-២០១៨
01, Aug 2015 , 4:39 pm        
រូបភាព

ភ្នំពេញ៖ ការបោះឆ្នោត​ឃុំ​សង្កាត់២០១៧ និង​ការបោះឆ្នោតជាតិ២០១៨ មិនទាន់​មកដល់​មែន។ ប៉ុន្តែ អ្នកវិភាគ​ចាប់ផ្តើម​សន្និដ្ឋានថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​បន្ត​ឈ្នះឆ្នោត​ទៀត​ប្រសិនបើ​អ្នកប្រជាធិបតេយ្យ​ដើរ​ផ្លូវបែក​គ្នា​ដោយ​បង្កើត​គណបក្សរៀងៗខ្លួន។



ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣កន្លងមក អ្នកតាមដាន​សភាពការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នៅ​បន្ត​កាន់អំណាច​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ទៀត​ដែ​ឬទេ បើ​គណបក្សកាន់អំណាច​ដ៏​យូរ​មួយ​នេះ បាន​បាត់បង់​អាសនៈ​ចំនួន២២កាលពី​ការបោះឆ្នោត​ឆ្នាំ​ពី២០១៣កន្លងមក ពោលគឺ​ចំនួន​អាសនៈ​បាន​ថយចុះ​ពី៩០កៅអី​នៅ​ឆ្នាំ២០០៨ មក​នៅត្រឹមតែ៦៨កៅអី​នៅ២០១៣ ។

សំណួរ​ដែល​ចោទសួរ​ឡើង​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ចាញ់ឆ្នោត ឬ​ឈ្នះឆ្នោត​នៅ​ឆ្នាំ២០១៧ និង២០១៨ ចេះតែ​បន្ត​សួរ​ជា​បន្តបន្ទាប់។ ប៉ុន្តែ នៅពេលនេះ អ្នកវិភាគ​នយោបាយ​មួយចំនួន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នៅ​បន្ត​ឈ្នះឆ្នោត​នៅ​ឆ្នាំ២០១៧ និង២០១៨ទៀត ប្រសិនបើ​អ្នកប្រជាធិបតេយ្យ​បែកបាក់​គ្នា ហើយ​ពួកគេ​ទៅ​បង្កើត​គណបក្សផ្សេងៗជាច្រើន​ទៀត​នោះ។

លោក សឺ​ន ស៊ូ​ប៊ែ​រ៍ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​កូនបង្កើត​របស់​លោកតា សឺ​ន សាន បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖«ប្រសិនបើ​អ្នកប្រជាធិបតេយ្យ​នៅតែ​បែក​គ្នា CPP នៅតែ​ឈ្នះ​រហូត ពីព្រោះ វា​បែក​សំឡេង។ ម្នាក់ៗចេះតែ​ថា ចង់​ផ្លាស់ប្តូរ។ ប៉ុន្តែ ពួកគេ​មិន​រួបរួមគ្នា»។ ការអត្ថាធិប្បាយ​របស់​លោក សឺ​ន ស៊ូ​ប៊ែ​រ៍ ធ្វើឡើង​ស្របពេល​ដែល​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​បង្កើត«គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ» រីឯ លោក កែម ឡី និង​លោក យ៉ង់​សាំង កុមារ គ្រោង​បង្កើត«គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»។ ម្យ៉ាងទៀត លោក សួន សេរី​រដ្ឋា ដែលជា​បុគ្គល​ល្បី​ដែរនោះ ក៏​បង្កើត​គណបក្ស​ថ្មី​មួយ​ដែរ។

ដោយ​ចង់​និយាយ​សំដៅទៅ​កាន់​លោក ម៉ម សូណង់ដូ លោក កែម ឡី និង​លោក យ៉ង់ សាំង កុមារ លោក សឺ​ន ស៊ូ​ប៊ែ​រ បន្ត​អត្ថាធិប្បាយ​ថា៖«អ្នកប្រជាធិបតេយ្យ​កំពុងតែ​បំបែក​សំឡេង​គ្នា។ ដូច្នេះ អ្នកប្រជាធិបតេយ្យ​មិនអាច​ឈ្នះ​ទេ។ ចូរ​កុំ​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​អោយសោះ»។ លោក សឺ​ន ស៊ូ​ប៊ែ​រ ចង់​មានប្រសាសន៍ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ឈ្នះឆ្នោត គឺ​មិនមែន​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំង​ទេ ប៉ុន្តែ ដោយសារ​អ្នកប្រជាធិបតេយ្យ​បែកខ្ញែក​គ្នា។

លោក សឺ​ន ស៊ូ​ប៊ែ​រ បាន​អំពាវនាវ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​អញ្ជើញ​អ្នកប្រជាធិបតេយ្យ​ទាំងអស់​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ខាងមុខ​បាន។

ទាក់ទង​ទៅនឹង​ការបង្កើត​គណបក្សថ្មីៗរបស់លោក កែម ឡី និង​របស់លោក ម៉ម សូណង់ដូ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូ​ល​ថា ព្រះអង្គ​មិន​ជំទាស់​ទៅនឹង​ការបង្កើត​គណបក្ស​ថ្មី​ទេ។ ប៉ុន្តែ ព្រះអង្គ​ចោទ​ជា​សំណួរ​ថា តើ​ចង់​ផ្លាស់ប្តូរ​ឬ​អត់ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ចង់​ផ្លាស់ប្តូរ ពួកគេ​ត្រូវតែ​រួបរួមគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com