អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
កប៉ាល់ចំបាំង​មី​ស្ត្រា​ល់៖ បារាំង​បដិសេធថា មិនទាន់​សម្រេច​ចេញ​កិច្ចព្រមព្រៀង​សងលុយ​រុស្ស៊ី​ទេ
01, Aug 2015 , 7:39 pm        
រូបភាព
ដោយ:

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ បានប្រកាស​បដិសេធថា នៅ​មិនទាន់​សម្រេច​នៅឡើយ​ទេ នូវ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ស្តីពី​ប្រាក់​ដែល​បារាំង​ត្រូវ​សង​ទៅ​រុស្ស៊ី ដោយសារ​បារាំង​មិន​ប្រគល់​កប៉ាល់ចំបាំង​ទៅអោយ​រុស្ស៊ី តាម​កិច្ចសន្យា​នោះ។ លោក​ហូ​ឡង់​បដិសេធ​ដូច្នេះ បន្ទាប់ពី​មានការ​ប្រកាស​ពី​ក្រុង​ម៉ូស្គូ នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា រុស្ស៊ី​និង​បារាំង​បានបញ្ចប់​ការពិភាក្សា​ស្តីពី​សំណង​នេះហើយ។



យោងតាម លោក​Vladimir Kojine ជាទី​ប្រឹក្សា​ទទួលបន្ទុក​កិច្ច​សហ​ប្រតិ​ប្ត​តិ​ការ​យោធា​និង​បច្ចេកទេស​របស់​ប្រធានាធិបតី​រុស្ស៊ី កិច្ចពិភាក្សា​ស្តីពី​ប្រាក់​សំណង​ជំងឺ​ចិត្ត ទាក់ទង​កប៉ាល់​មី​ស្ត្រា​ល់​នេះ បាន​បិទ​បញ្ចប់​រួចហើយ ហើយអ្វីៗត្រូវបាន​គេ​សម្រេច​រួច​អស់ហើយ​ដែរ។ ប៉ុន្តែ ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង​បាន​ចេញមុខ​បដិសេធ​ការប្រកាស​របស់​ក្រុង​ម៉ូស្គូ ដោយ​លើកឡើងថា នៅ​មិនទាន់មាន​កិច្ចព្រមព្រៀង​អ្វី​ទេ ហើយ​លោក​នឹងធ្វើ​ការសម្រេចចិត្ត​រឿងនេះ នៅ​សប្តាហ៍ក្រោយៗនេះ។

គួររំលឹកថា ក្រោម​អាណត្តិ​ប្រធានាធិបតី​បារាំង សា​កូ​ហ្ស៊ី បារាំង​បានសម្រេច​លក់​កប៉ាល់ចំបាំង​មី​ស្ត្រា​ល់២គ្រឿង​ទៅអោយ​រុស្ស៊ី ក្នុងតម្លៃ​ជិត១ ២០០លាន​អឺរ៉ូ។ កប៉ាល់​ទាំង២គ្រឿង​ត្រូវ​ប្រគល់អោយ​រុស្ស៊ី​បន្តបន្ទាប់​គ្នា នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៤កន្លងទៅ និង​ក្នុង​កំឡុង​ជិត​ចុងឆ្នាំ២០១។ ប៉ុន្តែ វិបត្តិ​ជម្លោះ​អ៊ុយ​ក្រែ​ន​បានធ្វើអោយ​បារាំង​ប្តូរ​ចិត្ត។ ក្រុងប៉ារីស​បានដាក់​ល​ក្ខ​ខណ្ឌ​ថា នឹង​ប្រគល់​កប៉ាល់ចំបាំង​អោយ​ក្រុង​ម៉ូស្គូ លុះត្រាតែ​ក្រុង​ម៉ូស្គូ​ឈប់​លូកដៃ​ចូលក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន។

រុស្ស៊ី​គិតគូរ​បូកលេខ​ថា បារាំង​ត្រូវ​សង​ខ្លួន​ប្រមាណ​ជិត ១១៦៣លាន​អឺរ៉ូ។ ប៉ុន្តែ បារាំង​ស្នើ​សង​តែ៧៨៥លាន​អឺរ៉ូ ជា​ប្រាក់​ដែល​រុស្ស៊ី​បង់​កន្លងមក សម្រាប់​កប៉ាល់​មី​ស្ត្រា​ល់។ តែ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ក្រុង​ម៉ូស្គូ។ រុស្ស៊ី​លើក​ហេតុផល​ថា បាន​ចំណាយ​ច្រើន​សម្រាប់​ការបណ្តុះបណ្តាល​ទាហានជើងទឹក៤០០នាក់ ដែល​ត្រូវ​ធ្វើការ​នៅ​កប៉ាល់​មី​ស្ត្រា​ល់​នេះ។ រុស្ស៊ី​ក៏​ចំណាយ​ច្រើន​ក្នុង​ការផលិត​ឧទ្ធម្ភាគចក្រ៤គ្រឿង និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត​សម្រាប់​កប៉ាលចំបាំង​នេះដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com