បទវិភាគ
តើ CPP ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់ខ្លួន?
01, Aug 2015 , 7:59 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ក្រោយពី​ការបាត់បង់​សម្លេងគាំទ្រ​ជាង២០អាសនៈ​នៅក្នុង​រដ្ឋសភា ក្នុង​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ខែកក្កដា ឆ្នាំ២០១៣, គណបក្សកាន់អំណាច​បា​ន​យល់ កាន់តែច្បាស់​ថា ប្រជាប្រិយភាព​របស់ខ្លួន​កាន់តែ​ធ្លាក់ចុះ​ជា​លំដាប់។ ការធ្លាក់ចុះ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា បណ្ដាលមកពី​មូលហេតុ​ជាច្រើន ដូចជា បក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ ប្រទេស​ច្រើន​អាណត្តិ ដែល​តិច​ឬ​ច្រើន​តែងតែមាន​កំហុស​ចៀស​មិន​រួច, គោ​លន​យោ បាយ​របស់​បក្ស​នេះ​មិន​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​ពលរដ្ឋ, ប្រព័ន្ធតុលាការ​មិន ឯករាជ្យ, អំពើពុករលួយ, ការ​បណ្ដោយឱ្យ​មន្ត្រីធំៗនិង​អ្នកមាន​ធ្វើបាប​អ្នកតូច និង​អ្នកទន់ខ្សោយ តាម​ទំនើងចិត្ត, ការមិន​សូវ​អើពើ​នឹង​ប្រជាជន​ក្រីក្រ និង កត្តា​អវិជ្ជមាន​ជាច្រើន​ទៀត។ តើ​បក្ស​នេះ ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ស្ដារ​ប្រជាប្រិយភាព​របស់ខ្លួន?



យោងតាម​តថភាព​របស់​សង្គម​ខ្មែរ យើង​បាន​មើលឃើញថា ដោយសារ​ជោគជ័យផ្ទួនៗរបស់​បក្ស​ប្រជាជន​កម្ពុជា និង​ដោយសារ​ការ​កាន់អំណាច​មាន​រយៈពេល​យូរ​ឆ្នាំ នាំឱ្យ​មន្ត្រី របស់​បក្ស​នេះ​ស្ទើរតែ​ទាំងអស់ សប្បាយ​ភ្លេចខ្លួន តម្លើង​ឬ​ក​កាន់តែ​ធំ, មាន​ចរិត​ក្អេងក្អាង, ខ្វះ​ភាពជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ, មានការ​រើសអើង​ចំពោះ​ពលរដ្ឋ​ដែលមាន​និ​ន្នាករ​ទៅរក បក្សនយោបាយ​ដទៃ និង ធ្វើអ្វីៗតាម​ទំនើងចិត្ត​របស់ខ្លួន​ដោយ​មិន​កោត​ញ​ញឹ​ត​ច្បាប់ និង សីលធម៌​ឡើយ។ ពួកគេ​មួយចំនួន​បាន​ក្លាយជា​អ្នកមាន​ដោយសារ​អំពើពុករលួយ អំពើ​ខុស ច្បាប់ និង​ការកេងប្រវ័ញ្ច។ ជារួម​ពួកគេ​គិតតែ​ពី វីឡា​ថ្មី ឡាន​ថ្មី សម្ភារៈ​ទំនើប ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្ដិ និង មេដាយ​កិត្តិយស។ល។

ចំណែកឯ គំនិត​ស្ដីពី​ការដឹកនាំ​ល្អ ការគ្រប់គ្រង​ល្អ ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ការផ្ដល់​សេវាសាធារណៈ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព កា​រលើ​កម្ពស់​ប្រព័ន្ធយុត្តិធម៌​សង្គម ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង ការលើកកម្ពស់​សុខដុម​នីយកម្ម​ក្នុងសង្គម​ខ្មែរ មិនសូវមាន​មន្ត្រី​ណា​យកចិត្តទុកដាក់​នៅឡើយ​ទេ។ លើសពីនេះ​ទៀត សូម្បីតែ​របៀប​ឃោសនា​រក​សម្លេងគាំទ្រ និង របៀប​ការពារ​ខ្លួន ក៏​មិនមាន​អ្វី​ថ្មី​ដែរ ក្រៅតែពី​ការលើក​យកគំនិតដដែលៗ ទាក់ទង​នឹង គុណ​ថ្ងៃ៧ មករា, ការមិន​យកពន្ធ​ដី​ពី​កសិករ, ការសរសើរ​លើកជើង​សម្ដេច​ទាំងបី, ការសូត្រ​គោលនយោបាយ​លើ​ក្រដាស​ដោយ​មិនបាន​អនុត្ត​ឱ្យ​ត្រឹមត្រូវ, ការ​ប្រើការ​គម្រាមកំហែង អំពើហិង្សា និង យន្តការ​តុលាការ ដើម្បី​ផ្ដួល​គូរ​ប្រជែង, និង​ថា ប្រសិនបើ​បក្ស​ប្រជាជន​មិន​ជាប់ឆ្នោត​នឹងមាន​សង្គ្រាម ជាដើម។

ក្រៅពីនេះ នយោបាយ​ប្រជាភិថុតិ និង របៀប​ដឹកនាំ​បែប នី​កូ​ឡូ ម៉ា​ឃា​វែ​ល្លី ដែលថា «អ្នកដឹកនាំ​ត្រូវតែមាន​លក្ខណៈ​ជា​តោ​ផង​និង​ជា​កញ្ជ្រោង​ផង, និង​អ្នកដឹកនាំ ត្រូវតែ​បង្ហាញ​ចំពោះមុខ​រាស្ត្រ​ឱ្យឃើញថា ខ្លួន​ជា​អ្នក​ស្រឡាញ់​យុត្តិធម៌ គោរព​ច្បាប់​និង​សីលធម៌ ប៉ុន្តែ ខ្លួន​មិនចាំបាច់​ត្រូវតែ​ធ្វើ​ដូច្នោះ​ទេ» ក៏ត្រូវ​បាន​គេ​យកមកប្រើ​ក្នុងការ​ដឹកនាំ​និង​ការគ្រប់គ្រង​សង្គម​ខ្មែរ​ដែរ។ លើសពីនេះ​ទៀត វិធី ឬ​ល្បិច​អាក្រក់​មួយចំនួន របស់ ឆាវៗ និង តួអង្គ​ចិត្តអាក្រក់​មួយចំនួនទៀត​ក្នុង​រឿង​សាម​កុក ក៏​ត្រូវគេ​យកមកប្រើ​សម្រាប់​ការដឹកនាំ និង ការគ្រប់គ្រង​សង្គម​ខ្មែរ​ដែរ។

មូលហេតុ​ទាំងអស់​នេះហើយ ដែល​រុញច្រាន​សង្គម​ខ្មែរ​ឱ្យមាន​ភាពស្មុគស្មាញ​ពិបាក​ដោះស្រាយ, ការដឹកនាំ​ឈានទៅរក​ភាព​ផ្ដាច់ការ, ប្រព័ន្ធ​រដ្ឋបាល​និង​ប្រព័ន្ធយុត្តិធម៌​មិនមាន​ភាពច្បាស់លាស់ រឹងមាំ និង​ត្រឹមត្រូវ ដែលនាំឱ្យ​មានទំនាស់​ផលប្រយោជន៍ អយុត្តិធម៌ និង និ​ទណ្ឌ​ភាព។ សេវាសាធារណៈ​មិនមាន​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌។ លើសពីនេះ​ទៀត សិទ្ធិ​ទទួលបាន​ព័ត៌មាន សិទ្ធិ​សម្ដែង​មតិ និង ការ​វ៉ាផ្សេងៗ ក៏​មិនមាន​លក្ខណៈ​ងាយស្រួល​ដែរ។ ក្រៅពីនេះ ការជួញដូរ​គ្រឿងញៀន ការកាប់បំផ្លាញ​ព្រៃឈើ ការកាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​ការដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​កំពុងតែ​កើន​ឡើងជា​បន្តបន្ទាប់។

អ្វីដែល​បាន​រៀបរាប់​ខាងលើនេះ សាធារណជន និង មន្ត្រី​បក្ស​កាន់អំណាច​សុទ្ធតែ​បានដឹង​ច្បាស់។ ហេតុនេះ ប្រសិនបើ​បក្ស​កាន់អំណាច​ចង់​ស្ដារ​កិត្តិយស និង ចង់​រក្សា ឬ​ទាញយក​សម្លេងគាំទ្រ​ដែល​ខ្លួន​បាត់បង់​នោះមក​វិញ ពួកគេ​គួរតែ​ពិចារណា​លើ​ចំណុច​ទាំង​ដប់​ដូចជា​ខាងក្រោម៖

ត្រូវ​យល់ថា កំណែទម្រង់​មិនមែន​ធ្វើឱ្យ​បាត់​សម្លេងគាំទ្រ​ទេ ប៉ុន្តែ វា​ធ្វើឱ្យ​កើន​សម្លេងគាំទ្រ​ទៅវិញ​ទេ។ កំណែទម្រង់ មិនមែន​គ្រានតែ​ធ្វើឡើង​ដើម្បី​តែ​ការស្វែងរក​ការគាំទ្រ​ចំពោះ​បក្ស​របស់ខ្លួន​ក្នុងពេល​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​សម្រាប់​ផលប្រយោជន៍​សង្គម​រយៈ​ពេល​យូរ។ កំណែទម្រង់​គួរ​ធ្វើ​ពីលើ​មកក្រោម ឬ​ធ្វើ​ព្រម​គ្នា​ក្នុងពេល​តែមួយ។
ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត និង ទម្លាប់​អាក្រក់ ដែល​ធ្លាប់ធ្វើអ្វីៗតាម​ទំនើងចិត្ត និង មិន​ខ្វល់​ពី​អ្នកដទៃ មកជា​ការធ្វើអ្វីៗផ្អែ​លើក​ច្បាប់ និង សីលធម៌ ព្រមទាំង​គិតពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​និង​សង្គម​ទាំងមូល។

ត្រូវ​បញ្ឈប់​ការ​បណ្ដោយឱ្យ​អ្នកធំ និង អ្នកមាន​ធ្វើបាប​អ្នកតូច និង អ្នកក្រ​តាម​ទំនើងចិត្ត។

ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ទាំង​កម្រិត​ទូទៅ​និង​ទាំង​ផ្ទៃក្នុង​បក្ស។

ត្រូវ​ហ៊ាន​កាត់​សាច់​ស្អុយ ហ៊ាន​ផ្លាស់ប្ដូរ​មន្ត្រី​អាក្រក់ មន្ត្រី​ពុករលួយ និង ផ្ដន្ទាទោស​ពួកគេ​តាមច្បាប់​រដ្ឋ។

ត្រូវតែ​កែទម្រង់​ប្រព័ន្ធតុលាការ ដើម្បី​លើកកម្ពស់​យុត្តិធម៌​សង្គម ជាពិសេស ត្រូវ​បញ្ឈប់​ការប្រើ​តុលាការ​ជា​ឧបករណ៍​របស់​អ្នកនយោបាយ លុបបំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ និង ត្រូវ​ដោះស្រាយ​ករណីចាស់ៗដែល​បានបង្ហាញ​ឱ្យឃើញ​ភាពអយុត្តិធម៌​ច្បាស់ក្រឡែត តែ​នៅ​មិនទាន់បាន​ចាត់វិធានការ​សមស្រប​នៅឡើយ ដូចជា ករណី លោក ឈូក បណ្ឌិត, ឧកញ៉ា ថោង សារ៉ាត់ និង សុខ ប៊ុន ជាដើម។ 

ត្រូវ​លើ​កម្ពស់​គុណ​ភាណ​អប់រំ និង ប្រើប្រាស់​ធនធានមនុស្ស​ឱ្យបាន​ត្រឹមត្រូវ ទាំង​កម្រិត​ជំនាញ និង​វ័យ។

ត្រូវ​ទប់ស្កាត់​បទល្មើសផ្សេងៗ ដូចជា ការកាប់បំផ្លាញ​ព្រៃឈើ ការជួញដូរ​គ្រឿងញៀន ការនេសាទ​ខុសច្បាប់ ការឈ្លានពាន​បូរណភាព​ទឹកដី​ពី​ប្រទេសជិតខាង និង ជនអន្តោប្រវេសន៍​ខុសច្បាប់ ជាដើម។

ត្រូវ​កែទម្រង់​សេវាសាធារណៈ ដូចជា សេវា​រដ្ឋបាល សុខាភិបាល ការចុះបញ្ជី​ដីធ្លី ការធ្វើ​លិខិតឆ្លងដែន...ឱ្យ​ប្រសើរ​ជាង​សព្វថ្ងៃ ជាពិសេស ត្រូវ​លុបបំបាត់​របៀប​ធ្វើការ​ក្នុងនាម​ជា​ចៅហ្វាយ និង លុបបំបាត់​ការយក​លុយ​ក្រៅច្បាប់​លើ​ការផ្ដល់សេវា​ទាំងនេះ។ 

គួរ​ឈប់​ប្រើ​វិធីសាស្ត្រដដែលៗ ដែល​មិន​ទាក់ទាញ មិន​ថ្លៃថ្នូរ និង ឈប់​ប្រើ​នយោបាយ​ប្រជាភិថុតិ ការទិញ​សន្លឹកឆ្នោត និង ការ​គម្រាមកំហែង ក្នុងការ​ឃោស​រក​សម្លេងឆ្នោត។
យើង​គិតថា ប្រសិនបើ​បក្ស​កាន់អំណាច អាចធ្វើ​កំណែទម្រង់​តាម​ចំណុច​ទាំង​ដប់​ខាងលើ និង ចំណុចល្អៗផ្សេងទៀត ដែល​យើង​មិនបាន​លើក​បង្ហាញ​នៅទីនេះ នោះ​បក្ស​កាន់អំណាច​អាច​ទាញយក​សម្លេង​ដែល​ខ្លួន​បាន​បាត់បង់​នោះមក​វិញ ឬ​យ៉ាងហោចណាស់ ក៏​អាច​រក្សាបាន​នូវ​ចំនួន​អាសនៈ​ដែល​ខ្លួន​មាន​សព្វថ្ងៃ​នេះដែរ។ ផ្ទុយទៅវិញ ប្រសិនបើ បក្ស​កាន់អំណាច មិនអាច​កែទម្រង់​បានទេ យើង​គិតថា សម្លេងគាំទ្រ​របស់​បក្ស​នេះ នឹង​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត។ ទីបំផុត បក្ស​កាន់អំណាច នៅសល់តែ​សម្លេងគាំទ្រ​ដែលជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង អ្នកមាន​ទ្រព្យ ដែល​បាន​ផលប្រយោជន៍​ពី​បក្ស​របស់ខ្លួន​តែប៉ុណ្ណោះ ឯ​ប្រជាជន​ទូទៅ​មិន​គាំទ្រ​ឡើយ៕



Tag:
 CPP
© រក្សាសិទ្ធិដោយ thmeythmey.com